ការលក់អាវុធទៅឱ្យតៃវ៉ាន់

ក្រុមហ៊ុនអាមេរិកចំនួន ២ រងទណ្ឌកម្មពីទីក្រុងប៉េកាំង ក្រោយលក់អាវុធទៅឱ្យតៃវ៉ាន់


រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន២ ដែលបានផ្គត់ផ្គង់លក់អាវុធទៅឱ្យតៃវ៉ាន់ ហើយនេះជាលើកទីបីហើយ ដែលទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
Two US companies sanctioned by Beijing over arms sales to Taiwan

ក្រុមហ៊ុន​អាមេរិក​ដែលត្រូវបាន​រដ្ឋាភិបាលចិន​ដាក់ទណ្ឌកម្មនោះ រួមមាន ក្រុមហ៊ុន Lockheed Martin Corp និង Raytheon Technologies Corp។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ទណ្ឌកម្មនេះ ជាវិធានការ ប្រឆាំងនឹងក្រុមហ៊ុន​អាមេរិកទាំងពីរ លើការលក់សព្វាវុធ តម្លៃ ១០០ លានដុល្លារទៅឲ្យកោះតៃវ៉ាន់​ កាលពីថ្ងៃទី ៧ ខែ កុម្ភៈកន្លងទៅនេះ ដែលទីក្រុងប៉េកាំងចាត់ទុកថា ការលក់អាវុធនេះបានធ្វើឱ្យប៉ះពាល់ដល់ផល​ប្រយោជន៍សន្តិសុខរបស់​ប្រទេសចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅ​ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ 

ការលក់អាវុធ​របស់អាមេរិក​ទៅឲ្យកោះតៃវ៉ាន់នេះ គឺមិនមែនជាលើកទី១នោះទេ ហើយការដាក់ទណ្ឌកម្ម​របស់ចិន​ទៅលើ​ក្រុមហ៊ុនអាមេរិកទាក់ទងនឹងរឿងនេះ ក៏មិនមែនជារឿងថ្មីនោះដែរ។ កន្លងមក ចិនតែងក្ដៅស្លឹកត្រចៀក​ និងចេញមុខថ្កោលទោស និងដាក់ទណ្ឌកម្ម​លើក្រុមហ៊ុន​អាមេរិក​ដែលបាន​លក់អាវុធទៅឲ្យ​កោះមួយនេះ ដ្បិតថា ចិន​តែងតែចាត់ទុក​កោះតៃវ៉ាន់នេះ គឺជា​ដែនដីរបស់ខ្លួន។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ការចាត់វិធានការ​លើ​ក្រុមហ៊ុន​អាមេរិកទាំងពីរខាងលើនេះ គឺអនុលោម​តាមបទប្បញ្ញត្តិពាក់ព័ន្ធនៅ​ក្នុងច្បាប់ទណ្ឌកម្មប្រឆាំង​បរទេស​របស់​ប្រទេសចិន។ គួរជម្រាបថា ក្រុមហ៊ុនទាំងពីរនេះ គឺជាសហគ្រាសយោធា​ដែលបានចូលរួមចំណែកជាយូរមកហើយនៅក្នុងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តៃវ៉ាន់។

តែយ៉ាងណាមិញ មិនទាន់មានព័ត៌មានលម្អិតបន្ថែមពីការដាក់ទណ្ឌកម្មនោះទេ។ គ្រាន់តែគេដឹងថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនទាំងនេះបានប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ក្រោមច្បាប់ទណ្ឌកម្មប្រឆាំងបរទេសថ្មី​របស់ប្រទេសចិន ដែលបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចិន។ 

សូមជម្រាបថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា និងការទូតរបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ ខណៈដែលតៃវ៉ាន់​វិញបាន​និយាយថា ខ្លួន​ចង់បាន​សន្ដិភាព ប៉ុន្ដែ ក៏នឹងការពារ​ខ្លួន​ផងដែរប្រសិនបើ​ដែនកោះរបស់ពួកគេ​ត្រូវបានវាយប្រហារ

កោះតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុត និងរសើបបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបច្ចុប្បន្ន​មហាយក្ស​ទាំងពីរនេះ កំពុងមានភាពតានតឹងលើជម្លោះពាណិជ្ជកម្ម និងសិទ្ធិមនុស្សផងដែរ៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ CSX រំពឹងកម្មវិធី CSX Trade ជួយជំរុញការជួញដូរភាគហ៊ុនកាន់តែល្អប្រសើរ

ព័ត៌មាន
ផ្សារមូលបត្រកម្ពុជា(CSX)បានដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ CSX Trade ដើម្បីជួយសម្រួលការជួញដូរភាគហ៊ុនជូនអតិថិជនក្នុងបរិបទកូវីដ-១៩។ ថ្នាក…

រុស្សីបញ្ជូនទ័ពចូលតំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែន ក្រោយទទួលស្គាល់ជារដ្ឋឯករាជ្យ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ចំនួនពីរ ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ