តំបន់បំបែកខ្លួនចេញពីប្រទេសអ៊ុយក្រែនបានបោះឆ្នោតចូលប្រទេសរុស្សី

តំបន់បំបែកខ្លួននៃប្រទេសអ៊ុយក្រែន បានបោះឆ្នោតប្រជាមតិភ្លូកទឹកភ្លូកដី ដើម្បីចូលជាដែនដីថ្មីនៃប្រទេសរុស្សី


បើយោងតាមមន្ត្រីអ៊ុយក្រែននៅក្នុងតំបន់បំបែកខ្លួន ដែលមានននិន្នាការគាំទ្ររុស្សីបានប្រាប់ទីភ្នាក់ងាររ៉យទ័រឲ្យដឹងថា តាមការរាយការណ៍កាលពីថ្ងៃអង្ការ ទី ២៧ កញ្ញាថា តំបន់ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនបានបញ្ចប់ការបោះឆ្នោតប្រជាមតិប្រាំថ្ងៃរបស់ខ្លួន ដែលជាលទ្ធផលប្រជាជននៅតំបន់ទាំងនោះបានចូលរួម និងសំដែងការពេញចិត្តយ៉ាងខ្លាំងក្នុងការផ្ដាច់តំបន់ទាំងនេះពីឲ្យប្រទេសអ៊ុយក្រែន ឲ្យស្ថិតក្រោមការគ្រប់គ្រងដោយរុស្ស៊ី ខណៈដែលទីក្រុងកៀវ និងប្រទេសលោកខាងលិចចោទថា ការបោះឆ្នោតនេះ ជាការបោកប្រាស់ និងគ្មានភាពអៀនខ្មាស។
តំបន់បំបែកខ្លួននៃប្រទេសអ៊ុយក្រែន បានបោះឆ្នោតប្រជាមតិភ្លូកទឹកភ្លូកដី ដើម្បីចូលជាដែនដីថ្មីនៃប្រទេសរុស្សី

ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ដែលរួមបញ្ចូលតំបន់ចំនួនបួនរួមមាន តំបន់ភាគខាងកើតតំបន់ដូនេកស៍ (Donetsk) និងតំបន់លូកហានស៍ (Luhansk) និងនៅភាគខាងត្បូង តំបន់ហ្សាប៉ូរីហ្សៀ (Zaporizhzhia) ព្រមទាំងខេត្ត Kerson ដែលតំបន់ទាំងបួននេះ មានទំហំប្រហែល១៥%នៃទឹកដីអ៊ុយក្រែនទាំងមូល។

អាជ្ញាធរក្នុងតំបន់ Luhansk បាននិយាយថា ប្រជាជនជាង ៩៨% បានបោះឆ្នោតយល់ព្រមចូលជាផ្នែកមួយនៃប្រទេសរុស្សី។ ដោយឡែក មន្ត្រីដែលតែងតាំងដោយរុស្សីនៅតំបន់ Zaporizhzhia បានឲ្យដឹងដែរថា មានប្រជាជនជាង ៩៣% បានបោះឆ្នោតគាំទ្រ រីឯនៅតំបន់ Kherson មានលើសពី ៨៧% ឯណោះដែលចូលរួមបោះឆ្នោត។

លោក Denis Pushilin ប្រមុខនៃក្រុមបំបែកខ្លួននៅតំបន់ Donetsk បាននិយាយថា អ្នកដែលចូលរួមក្នុងការបោះឆ្នោតប្រជាមតិមានជាង ៩៩% ដែលចំនួននេះសបង្ហាញយ៉ាងច្បាស់ពីការពេញចិត្តរបស់ប្រជាជនក្នុងការចូលរួមរស់នៅជាមួយប្រទេសរុស្សី។

ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតកាត់ទឹកដីអ៊ុយក្រែនពីសំណាក់មហាអំណាចរុស្សីនេះ ត្រូវបានរៀបចំឡើងដោយមន្ត្រីអ៊ុយក្រែនដែលបានលើកបន្ដុប និងដំឡើងតំណែងដោយរុស្សី ដែលប្រទេសលោកខាងលិច និងរដ្ឋាភិបាលអ៊ុយក្រែនចោទថា ជាការបង្កិតបង្ខំដោយខុសច្បាប់ ដើម្បីបង្កើតឆាកល្ខោនឲ្យតែល្អមើលពីអន្តរជាតិតាមផ្លូវច្បាប់ពីសំណាក់ទីក្រុងម៉ូស្គូតែប៉ុណ្ណោះ។

គេនៅចាំបានថា កាលពីឆ្នាំ ២០១៤ កន្លងទៅ វិមានក្រឹមឡាំងក៏បានធ្វើប្រជាមតិនៅតំបន់គ្រីមៀដូចទៅនឹងអ្វីដែលម៉ស្គូកំពុងធ្វើក្នុងពេលឥលូវនេះដែរ ដោយនៅពេលនោះ មេដឹកនាំគ្រីមៀរណបរុស្សីបានប្រកាសថា មានប្រជាជនបោះឆ្នោតដល់ទៅ៩៧% ដែលគាំទ្រដល់ការបំបែកខ្លួនចេញពីប្រទេសអ៊ុយក្រែន ដើម្បីទៅរួមរស់ជាមួយសហព័ន្ធរុស្សី។

ទន្ទឹមគ្នានេះ អ៊ុយក្រែនបានព្រមានម្តងហើយម្តងទៀតថា ការកាត់បញ្ចូលទឹកដីរបស់ខ្លួនពីសំណាក់រុស្សីនេះ នឹងកាត់ផ្តាច់ផ្លូវចរចាសន្តិភាពទាំងស្រុងក្នុងសង្គ្រាមជាងប្រាំពីរខែមកនេះ ហើយរដ្ឋាភិបាលទីក្រុងកៀវក៏បាននិយាយដែរថា ជនជាតិអ៊ុយក្រែនណាដែលចូលដៃជាមួយម៉ូស្គូ ក្នុងការរៀបចំការបោះឆ្នោតនេះនឹងប្រឈមការចោទពីបទក្បត់ជាតិ។

គួរជម្រាបដែរថា លោក ពូទីន បាននិយាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃទី ២៧ខែកញ្ញាថា ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងដើម្បីការពារប្រជាជនពីអ្វីដែលលោកបានហៅថា ការធ្វើទុក្ខបុកម្នេញលើជនជាតិរុស្សី និងអ្នកនិយាយភាសារុស្សីឯទៀតពីសំណាក់ទីក្រុងកៀវ។

ទោះយ៉ាងណា គេអាចមើលឃើញថា ការដើរមួយជំហានដោយកាត់បញ្ចូលទឹកដីដែលដណ្តើមបានចូលជាផ្នែកមួយនៃប្រទេសរុស្សីនោះ បានកើតឡើងក្រោយកងទ័ពអ៊ុយក្រែននៅលើសមរភូមិហាក់មានប្រៀបជាងកងទ័ពរុស្សី ដោយនៅថ្មីៗនេះបានដណ្តើមមកវិញនូវទឹកដីដ៏ច្រើនជាបន្តបន្ទាប់។ មួយវិញទៀត លោក ពូទីន ថែមទាំងគម្រាមប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារ «បូរណភាពទឹកដី» រុស្សីផងដែរ ករណីអ៊ុយក្រែន ដែលមានប្រទេសលោកខាងលិចនៅពីក្រោយ ធ្វើការវាយប្រហារមកលើប្រទេសរុស្សី រួមទាំងទឹកដីដែលត្រូវបានកាត់បញ្ចូលថ្មីនេះនៅទីបំផុត។

មែនទែនទៅ លោកស្រី វេលេនទីណា ម៉ាទីយេនកូ (Valentina Matviyenko) ប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយថា «ប្រសិនបើលទ្ធផលបោះឆ្នោតមានភាពអំណោយផលទៅហើយនោះ វានឹងត្រូវដាក់បញ្ចូលជាទឹកដីរុស្ស៊ីជាផ្លូវការនៅថ្ងៃទី ៤ ខែ តុលា បីថ្ងៃមុនលោក ពូទីន ប្រារព្ធពិធីខួបកំណើតលើកទី៧០ឆ្នាំរបស់លោក៕




អត្ថបទបន្ទាប់


IMF រិះគន់ចំៗលើគោលនយោបាយសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ចំពេលស្ថានភាពហិរញ្ញវត្ថុកំពុងវឹកវរ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់ជាចំហលើយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃទី ២៧ ខែកញ្ញា បន្ទាប់ពីការមានធ្លាក់ច…

តើរុស្សីពិតជាហ៊ានប្រើអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ុយក្រែន និងប្រទេសលោកខាងលិចដែរ ឬយ៉ាងណា?

ព័ត៌មាន
បើតាមដៃគូជំនិតរបស់លោក ពូទីន ប្រធានាធិបតិរុស្សី កាលពីថ្ងៃអង្គារ ទី ២៧ ខែ កញ្ញា បានគូសបញ្ជាក់សាជាថ្មីថា សេណារីយ៉ូ ដែលវិមានក្រឹមឡាំងប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ