ការអភិវឌ្ឃកសិកម្មកម្ពុជាអាមេរិក

សហរដ្ឋអាមេរិក បើកការិយាល័យក្រសួងកសិកម្មរបស់ខ្លួនលើកដំបូងនៅកម្ពុជា


សហរដ្ឋអាមេរិក បានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA)របស់ខ្លួនដំបូង នៅកម្ពុជា ក្នុងខែកញ្ញានេះ។ គោលដៅដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទិននឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។
លោក W. Patrick Murphy កាត់ខ្សែបូ ប្រកាសបើកការិយាល័យក្រសួងកសិកម្មអាមេរិកនៅកម្ពុជា

ការិយាល័យផ្នែកសេវាកម្មជាមួយកម្ពុជា ​របស់ក្រសួងកសិកម្មអាមេរិក (USDA)នេះ គឺស្ថិត​នៅក្នុងស្ថានទូតអាមេរិកផ្ទាល់នៅភ្នំពេញ ប៉ុន្តែសម្រាប់ការងារផ្នែកសេវាកម្ម គឺមាននៅទូទាំងប្រទេសកម្ពុជា។ ការបើកការិយាល័យក្រសួងកសិកម្មអាមេរិកនៅកម្ពុជានេះ ត្រូវបានសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គឺដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍​នៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា៖ «នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល​ និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មី​របស់ USDAនេះ នឹងជំរុញកិច្ចការនេះ ដើម្បីឲ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំង​នោះឲ្យបានកាន់តែច្រើន»។

លោកឯកអគ្គរដ្ឋទូត បន្តយ៉ាងដូច្នេះទៀតថា៖ «វាជាដំណឹងល្អ សម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំង ឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេរិក»។

ការិយាល័យ​ផ្នែកសេវាកម្មជាមួយបរទេស​ របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានតែងតាំង កញ្ញា ហ៊ុយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្ម ធ្វើជា​ជាតំណាង។ គួរបញ្ជាក់ថា កន្លងមក កញ្ញា សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្ម​របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយកញ្ញា បានជួយក្រុមហ៊ុនអាមេរិកនានា ឲ្យចូលមកបណ្តាក់ទុន​​ក្នុងទីផ្សារ​នៃប្រទេសកម្ពុជាផងដែរ។

លើសពីនេះ ការិយាល័យផ្នែកសេវាកម្មជាមួយបរទេស​ របស់ក្រសួងកសិកម្មអាមេរិក (USDA) ក៏នឹងជួយផងដែរ​ដល់កសិករ និងសិស្ស​សាលា​នៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្ត​របស់ USDA​ ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលជាកម្មវីធីផ្តល់អាហារសម្រាប់កូនសិស្ស​នៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។

គួរជម្រាបជូនថា ទីផ្សារកម្ពុជា កំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញពីសហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ ២០២០ ក្នុងតម្លៃ ៧២.៧ លានដុល្លារ គឺកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមក​នេះ៕

អត្ថបទដោយ៖ រ៉ាត់ ទី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមត្រៀមបើកជើងហោះហើរត្រង់ឡើងវិញទៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines រំពឹងនឹងទទួលបានការអនុញ្ញាតពី អាជ្ញាធរអាមេរិក ក្នុងពេលឆាប់ៗ ក្រោយបង្ហាញពីផែនការបើកជើងហោះហើរទៀងទ…

ក្រសួងអប់រំបង្កើតកម្មវិធីស្វ័យសិក្សាតាមអនឡាញ ដើម្បីឱ្យសិស្សមានឯករាជ្យភាព និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព

ព័ត៌មាន
រយៈពេលជិត ២ឆ្នាំមកហើយ ដែលវិបត្តិកូវីដ-១៩ នៅតែគំរាមកំហែង ដល់វិស័យអប់រំ ដែលទាមទារឱ្យសិស្សានុសិស្ស ត្រូវសិក្សាតាមប្រព័ន្ធអនឡាញ។ ដើម្បី ជំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ