ប្រទេសវៀតណាម

វៀតណាមត្រៀមថវិកា ៥ពាន់លានដុល្លារជាឥណទាន សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃថោកជូនពលរដ្ឋចំណូលទាប


ធនាគាររដ្ឋវៀតណាមធំៗចំនួន៤ បានព្រមព្រៀងចាត់ចែងកញ្ចប់ឥណទានប្រមាណ ៥ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាគម្រោងលំនៅដ្ឋានសម្រាប់កម្មករជាដើម។ នេះបើតាមការអះអាងរបស់ធនាគារកណ្ដាលវៀតណាមកាលពីពេលថ្មីៗនេះ។
វៀតណាមត្រៀមថវិកា ៥ពាន់លានដុល្លារជាឥណទាន សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃថោកជូនពលរដ្ឋចំណូលទាប

តាមរយៈកញ្ចប់ថវិកាឥណទាននេះ ពលរដ្ឋចំណូលទាប និងមធ្យមនៅវៀតណាម ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតម្លៃទាបទាំងនេះ អាចនឹងទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបជាងអត្រាការប្រាក់ជាមធ្យម ដែលផ្ដល់ដោយធនាគារទូទៅនាពេលបច្ចុប្បន្នផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VN Express។

ទេសាភិបាលធនាគារកណ្ដាលវៀតណាម លោកស្រី ង្វៀន ធីហុង បាននិយាយកាលពីថ្ងៃទី១៧ខែកុម្ភៈថា អត្រាប្រាក់កម្ចីសម្រាប់អ្នកទិញ ឬអ្នកអភិវឌ្ឍគម្រោងលំនៅដ្ឋានសង្គម និងផ្ទះកម្មករ ដែលនឹងត្រូវទទួលបានគឺមានទាបជាង ១,៥% ទៅ២% ធៀបនឹងអត្រាការប្រាក់ជាមធ្យម ដែលផ្ដល់ដោយធនាគារនាពេលបច្ចុប្បន្ន។

លោកស្រីបន្ថែមថា ធនាគាររដ្ឋនឹងត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីរៀបចំការផ្ដល់ឥណទានឡើងវិញ (Refinance) ប្រសិនបើធនាគារដែលចូលរួមក្នុងគម្រោងនេះប្រឈមនឹងការខ្វះសាច់ប្រាក់ងាយស្រួលផងដែរ។

សូមរំឭកថា កាលពីថ្ងៃទី ១៦ខែកុម្ភៈ ក្រសួងសំណង់របស់វៀតណាមបានស្នើទៅកាន់សភាជាតិ និងរដ្ឋាភិបាលឲ្យបែងចែកកញ្ចប់ឥណទានជិត ៥ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានសង្គមសម្រាប់ពលរដ្ឋប្រាក់ចំណូលទាប និងមធ្យម។ យើងតាមក្រសួងសំណង់ ការវិនិយោគលើលំនៅដ្ឋានសង្គមសម្រាប់កម្មករគួរតែទទួលបានប្រភពទុនពីអាជ្ញាធរនៅតាមទីក្រុង និងតាមបណ្ដាខេត្តនានាសម្រាប់ដើមទុនរយៈពេលមធ្យម និងវែង។

ក្រសួងសំណង់របស់វៀតណាម មានគោលដៅចង់សាងសង់លំនៅដ្ឋានសង្គមសម្រាប់អ្នកចំណូលទាប និងមធ្យមឲ្យបាន១លាន៤សែនខ្នងនៅត្រឹមឆ្នាំ២០៣០ ដែលត្រូវចំណាយថវិកាអស់ប្រមាណជាង ៤៥ពាន់លានដុល្លារ។ នៅក្នុងសំណើរបស់ក្រសួង ការសាងសង់លំនៅដ្ឋានទាំងអស់នេះ គឺភាគច្រើននៅតាមទីក្រុងសំខាន់ៗដូចជា ហានូយ ហូជីមិញ ដាណាង ខាន់ធូ និងហៃផុងជាដើម។

គិតមកទល់បច្ចុប្បន្នលំនៅដ្ឋានសង្គមដែលសង់ឡើងសម្រាប់អ្នកចំណូលទាប និងមធ្យមនៅវៀតណាមមានប្រមាណជាង១៥ម៉ឺនខ្នងផ្ទះ ហើយកំពុងស្ថិតក្នុងការសាងសង់មានជាង៤៥ម៉ឺនខ្នងផ្ទះ ខណៈដែលគិតទៅដល់ឆ្នាំ២០៣០ ប្រទេសជិតខាងកម្ពុជាមួយនេះមានតម្រូវការផ្ទះសម្បែងប្រមាណ២លាន៤សែនខ្នងឯណោះ។




អត្ថបទបន្ទាប់


បង់ក្លាដេសកំពុងប្រជែងចិន ក្លាយជាអ្នកផលិតនាំចេញសម្លៀកបំពាក់ដ៏ធំបំផុតទៅកាន់សហភាពអឺរ៉ុបដែរ

ព័ត៌មាន
ឧស្សាហកម្មផលិតសម្លៀកបំពាក់ដ៏ធំសម្បើមរបស់បង់ក្លាសដេសកំពុងស្វែងរកការដណ្ដើមយកតំណែងពីប្រទេសចិន ក្នុងនាមជាអ្នកនាំចេញសម្លៀកបំពាក់ដ៏ធំផុតទៅកាន…

និយ័តករបរធនបាលកិច្ច និងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា រៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

ព័ត៌មាន
នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងវិទ្យាស្ថានព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ