ទស្សនវិស័យសេដ្ឋកិច្ច

ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញ ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្រោយសម្ទុះចាក់វ៉ាក់សាំងហក់ឡើងដល់៦០%


គិតមកទល់ថ្ងៃពុធសប្ដាហ៍នេះ កម្ពុជាបានចាក់វ៉ាក់សាំង បានដល់ទៅជាង៦០% នៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ១០លាននាក់ ខណៈដែលការចាក់វ៉ាក់សាំងបានលឿន និងមានប្រសិទ្ធភាពនេះ ត្រូវបានអ្នកជំនាញអះអាងថា វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យងើបចេញពីវិបត្តិកូវីដ-១៩បានលឿន។ តើស្របពេលដែលកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងបានលឿនរហ័សនេះ ក្រុមអ្នកជំនាញ និងក្រុមអ្នកជំនួញធំៗនៅកម្ពុជា មានទស្សនៈមើលឃើញបែបណាខ្លះ? ចំពោះការស្ទុះងើបឡើងនៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត?
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)
ដោយ

កម្ពុជា​គឺស្ថិត​ក្នុងលំដាប់លេខពីរ​ នៅអាស៊ាន​បន្ទាប់ពី​សង្ហបុរី​ក្នុង ដែលមាន​​ការចាក់វ៉ាក់សាំង​ដល់ប្រជាជន​របស់ខ្លួន​បានច្រើនគេ ដោយគិតត្រឹមថ្ងៃទី ២០ ខែកក្កដា កម្ពុជា​មាន​ប្រជាពលរដ្ឋ ដែលបាន​ចាក់វ៉ាក់សាំង​ការពារជម្ងឺកូវីដ-១៩ដូសទី១ មានចំនួនប្រមាណ ជាង​៦លាននាក់ហើយ ស្មើនឹងប្រមាណ ៦០% នៃផែនការ។ ចំណែកឯ ប្រជាពលរដ្ធដែលបានចាក់ដូសលើកទី២ចំនួនប្រមាណជាង ៤លាននាក់។ នេះបើតាម​​របាយការណ៍ពី​ក្រសួងសុខាភិបាលកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ​ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់ខេមបូណូមីសថា​ ការចាក់វ៉ាក់សាំងនៅកម្ពុជា គឺមានអត្រាខ្ពស់គួរឲ្យ​កត់សំគាល់។ ក្រោយពីមានការចាក់វ៉ាក់សាំងបាន​កាន់តែច្រើន ​រដ្ឋាភិបាលបានចាប់ផ្តើម បើកដំណាក់អាជីវកម្មចាប់ពីថ្នាក់ទាប មធ្យម និងថ្នាក់ខ្ពស់ ប៉ុន្តែ​អាជីវកម្មមួយចំនួនដែលមានហានិភ័យឆ្លងមេរោគកូវីដ១៩ខ្ពស់ ក៏នៅតែបន្ដហាមឃាត់នៅឡើយ។ ជាទិដ្ឋភាពរួម អ្នកជំនាញ សេដ្ឋកិច្ច​រូបនេះ អះអាងថាស្ថានភាព​សេដ្ឋកិច្ច ក៏ដូចជា​ការធ្វើអាជីវកម្ម​នៅតែមិនទាន់​បាន​រលូន​នៅឡើយទេ ដែលស្ថានភាពនេះ អាចបន្ដអូសបន្លាយ​ដល់​ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

ជុំវិញស្ថានភាពសេដ្ឋកិច្ច​កម្ពុជានេះដែរ លោក ហូ វណ្ឌី ជាអ្នកជំនួញផ្នែកទេសចរណ៍ និងជាទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា បានយល់ឃើញថា​ ការសម្រេចបាន​ការចាក់វ៉ាក់សាំងកូវីដ-១៩​បានជាង ៦០ ភាគរយសម្រាប់ពលរដ្ឋកម្ពុជានេះពេលនេះ​ វាជាឱកាសមាស​ សម្រាប់​វិស័យឯកជន និង សាធារណៈ ​ពីព្រោះ ពេលដែលប្រជាពលរដ្ឋ​ទទូលបានវ៉ាក់សាំងកាន់ច្រើន ភាពភ័យខ្លាចបានរលត់បាត់ទៅបន្ដិចម្ដងៗ ហើយវានឹង​ជំរុញវិស័យនានា ជាពិសេសវិស័យសណ្ឋាគារ និង បដិសណ្ឋាកិច្ចកាន់តែមានក្តីសង្ឃឹមច្រើន។

ដោយឡែក ជំទាវ​ឧកញ៉ា កែវ មុំ អគ្គនាយកឧស្សាហកម្មនំស្រួយលី លី និង ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ហាក់នៅតែមាន​ការព្រួយបារម្ភខ្លាំងចំពោះ ការរាតត្បាតមេរាគកូវីដ-១៩ បើទោះបីជា​ការចាក់វ៉ាក់សាំងកំពុង​សម្រេចបាន​ច្រើនក៏ដោយ។ ការបារម្ភនេះ គឺដោយសារតែ នៅមួយរយៈចុងក្រោយនេះ កម្ពុជា​នៅតែបន្ដ​មានការកើនឡើងករណីឆ្លងប្រចាំថ្ងៃខ្ពស់ គួបផ្សំនឹង​មេរោគបំប្លែងថ្មី ក៏ជាហានិភ័យខ្ពស់​ ដែលទាមទារឲ្យ​កម្ពុជា​បង្កើន​ការប្រុងប្រយ័ត្នកាន់តែខ្លាំងដែរ។ 

អ្នកជំនួញផ្នែក​ឧស្សាហកម្ម​ផលិតរូបនេះ​បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះ ម្ចាស់អាជីវកម្មនានា​ ត្រូវពង្រឹងខ្លួនឯងឲ្យកាន់តែរឹងមាំ និងស្វែករកដំណោះស្រាយ​ប្រកបដោយមានភាពច្នៃប្រឌិត និងបន់បែន ដើម្បីបន្ដ​ប្រតិបត្តិការអាជីវកម្ម មិនគួររង់ចាំទាល់តែកូវីដ-១៩​ចប់នោះទេ ព្រោះគេនៅមិនទាន់​ដឹងប្រាកដថា មេរោគ​រាតត្បាតនេះ នឹងបញ្ចប់ពេលណានោះឡើយ។

សូមបញ្ជាក់ថា តាមការ​ព្យាករពីស្ថានប័នជំនាញដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារ ពិភពលោក រួមទាំង​រាជរដ្ឋាភិបាល​ផងដែរ ធ្លាប់បានព្យាករ​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២១នេះ ថា​នឹងមានកំណើន​ក្នុងរង្វង់​៤%។ ប៉ុន្ដែ អ្នកជំនាញសេដ្ឋកិច្ច​មើលឃើញថា ប្រសិនបើ​បញ្ហាកូវីដ-១៩​ឆ្លងរីករាលដាលនេះ នៅបន្ដ​អូសបន្លាយយូរទៀត សេដ្ឋកិច្ច​កម្ពុជា​អាចនឹង​មាន​ទាបជាងអ្វីដែលបាន​ព្យាករទុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបដិសេធសំណើរបស់ WHO អំពីការស៊ើបអង្កេតស៊ីជម្រៅប្រភពដើមមេរោគកូវីដ-១៩

ព័ត៌មាន
ដ្ឋាភិបាលចិននៅថ្ងៃច័ន្ទសប្តាហ៍នេះបានអះអាងថា សំណើរបស់អង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវបន្ថែមលើប្រភពដើមនៃជំងឺកូវីដ-១៩ ហាក់មានភាពម…

អឺរ៉ុបក្លាយជាតំបន់មានអ្នកឆ្លងកូវីដ-១៩ លើស៥០លានករណីដំបូងគេក្នុងពិភពលោក

ព័ត៌មាន
ទ្វីបអឺរ៉ុបបានក្លាយជាតំបន់ដំបូងគេក្នុងពិភពលោក ដែលមានករណីវិជ្ជមានកូវីដ១៩សរុបលើស ៥០លានករណី គិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ ស្របពេលដែលការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ