ការបោះផ្សាយលក់មូលបត្ររដ្ឋនៅកម្ពុជា

តើការបោះផ្សាយលក់មូលបត្ររដ្ឋនៅកម្ពុជា រងផលប៉ះពាល់អ្វីខ្លះពីការដំឡើងអត្រាប្រាក់ និងអតិផរណាពិភពលោក?


ធនាគារកណ្ដាលនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិកនៅមួយរយៈចុងក្រោយបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា ដែលបង្កឡើងដោយវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមកទល់ពេលនេះបានអូសបន្លាយពេលជិត៨ខែហើយ។ ការដំឡើងអត្រាការប្រាក់នេះមិនត្រឹមតែធ្វើឲ្យអត្រាការប្រាក់ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានការប្រែប្រួលនោះទេ តែវាក៏បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យមូលបត្រផងដែរ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកផ្សារមូលបត្រកម្ពុជាការដំឡើងអត្រាការប្រាក់ដុល្លារកំពុងក្លាយជាឧបសគ្គ សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវគិតគូលើបញ្ហាការប្រែប្រួលអត្រាការប្រាក់នេះ។ ជាក់ស្តែង រដ្ឋទទួលបានលទ្ធផលខុសពីការរំពឹងទុកសម្រាប់ការដាក់ដេញថ្លៃមូលបត្ររដ្ឋពីរលើកកន្លងមកនេះ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបង្ហាញពីមូលហេតុមួយចំនួនដែលធ្វើឲ្យការបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានទំហំ៣០០លានដុល្លារមិនសូវទទួលបានការគាំទ្រច្រើនពីអ្នកវិនិយោគ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា កត្តាដែលធ្វើឲ្យការលក់បណ្ណបំណុលរបស់រដ្ឋមានភាពយឺតយ៉ាវ គឺដោយសារបោះផ្សាយលក់មូលបត្រនេះវាស្របពេលពិភពលោករួមទាំងកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន។ កត្តាសំខាន់មួយទៀត គឺការដំឡើងអត្រាការប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ការកើនឡើងអតិផរណានៅមួយរយៈចុងក្រោយ ដែលធ្វើឲ្យមានការប្រែប្រួលអត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។ កត្តានេះបានធ្វើឲ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុដែលចង់វិនិយោគជាមួយមូលបត្ររដ្ឋហាក់មានចិត្តរារែកក្នុងការវិនិយោគ។

បើតាមថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ ដើម្បីឲ្យការដាក់មូលបត្របំណុលរបស់រដ្ឋទទួលបានការគាំទ្រច្រើនពីអ្នកវិនិយោគ រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាជាសេនាធិការត្រូវគិតគូពីការដំឡើងអត្រាការប្រាក់នៃភាគលាភជូនអតិថិជន ដើម្បីឲ្យឆ្លើយនឹងការប្រែប្រួលអត្រាការប្រាក់នាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ បញ្ហានេះកំពុងដាក់សម្ពាធដល់រាជរដ្ឋាភិបាលក្នុងការថ្លឹងថ្លែង ថាតើគួរប្រើយន្តការបោះផ្សាយលក់មូលបត្ររដ្ឋ ដើម្បីកៀរគរទុនក្នុងស្រុក ឬបន្តប្រើវិធីទទួលកម្ចីពីស្ថាប័នហិរញ្ញវត្ថុពីក្រៅប្រទេសរួមមានធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការមូលនិធិរូបិយបណ្ណអន្តរជាតិ ឬប្រទេសជាដៃគូពាណិជ្ជកម្មនានា។

ផលរំខានទាំងប៉ុន្មានខាងលើបានធ្វើឲ្យឯកឧត្តម ហុង សុហួរ មិនទាន់ហ៊ានវាយតម្លៃពីស្ថានភាពនៃការបោះផ្សាយលក់មូលបត្ររដ្ឋនាពេលខាងមុខថា នឹងមានដំណើរការល្អប្រសើរ ឬយ៉ាងណានោះទេ ដ្បិតវាអាចទាមទារពេលវេលាច្រើនក្នុងការធ្វើកិច្ចការងារនេះឲ្យទទួលបានលទ្ធផលល្អ។ ទោះយ៉ាងណា ឯកឧត្តមរំពឹងថា ទីផ្សារបោះផ្សាយលក់មូលបត្ររដ្ឋនឹងរីកកាន់តែធំនៅប៉ុន្មានឆ្នាំខាងមុខទៀត ដែលអាចឲ្យរដ្ឋអាចកៀរគរទុនបានរាប់ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា សម្រាប់ការដាក់ដេញថ្លៃមូលបត្ររដ្ឋពីរលើកកន្លងមកមានក្រុមហ៊ុន និងស្ថាប័នជាង១០ប៉ុណ្ណោះបានចូលរួមដេញថ្លៃ ហើយលទ្ធផលសម្រេចបានប្រមាណ៤០% នៃចំនួនទឹកប្រាក់ដែលត្រូវបានដាក់ឲ្យដេញថ្លៃប៉ុណ្ណោះ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ សម្រាប់ការដាក់ឲ្យដេញថ្លៃមូលបត្រលើកទី១កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទំហំប្រាក់ជិត២៥លានដុល្លារមានក្រុមហ៊ុន និងស្ថាប័នចំនួន៨ចូលរួមដេញថ្លៃ ដោយកាលណោះសម្រេចបានលទ្ធផលប្រមាណតែ៤០%ប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃទី២១ កញ្ញា រដ្ឋបានដាក់ឲ្យដេញថ្លៃមូលបត្ររដ្ឋលើកទីពីរដែលមានតម្លៃជិត ៥០លានដុល្លារ ដោយកាលនោះមានស្ថាប័នចំនួន៦ចូលរួមដេញថ្លៃ ដោយមិនមានលទ្ធផលជោគជ័យនោះឡើយ។

បើតាមការគូសបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា មូលបត្របំណុលរបស់រដ្ឋដែលមានតម្លៃសរុប ៣០០លានដុល្លារនោះ គឺមានតម្លៃ១លានរៀលក្នុងបណ្ណ ជាមួយការផ្តល់អត្រាគូប៉ុង ឬការប្រាក់ក្នុងតម្លៃថេរ ២,៤៤% ហើយការទូទាត់សងគូប៉ុងត្រូវធ្វើឡើងរៀងរាល់៦ខែម្តង៕




អត្ថបទបន្ទាប់


ជញ្ជីងពាណិជ្ជកម្មវាងកម្ពុជា-អាមេរិក និងកម្ពុជា-ចិន ប្រែប្រួលយ៉ាងណាខ្លះ នៅរយៈពេល៩ខែឆ្នាំនេះ?

ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងទំនាក់ទនងរវាងកម្ពុជា-អាមេរិក សុទ្ធតែសំខាន់សម្រាប់កម្ពុជា ពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា…

អ្នកជំនាញ៖ វិស័យដឹកជញ្ជូននៅតែរក្សាបានកំណើន ទោះបីកំពុងពិភពលោកកំពុងជួបបញ្ហាប្រឈមច្រើនក្ដី

ព័ត៌មាន
ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបនូវបញ្ហាប្រឈមជាច្រើន ដូចជាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ បញ្ហាអតិផរណាកើនឡើង ជាពិសេសនៅក្នុងតំបន់អឺរ៉ុបតែម្តងនោះ ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ