បើយោងតាមគេហទំព័រ China Briefing ប្រទេសសមាជិកអាស៊ានចំនួន៦ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី និងហ្វីលីពីនមានចំណែកគ្របដណ្ដប់ភាគច្រើននៃពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយអាស៊ាន នៅក្នុងឆ្នាំ២០២៣ ខណៈដែលសមាជិក៤ប្រទេសទៀតរួមមាន ឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងកម្ពុជា មានចំណែកគ្របដណ្ដប់ត្រឹមតែ៥% ប៉ុណ្ណោះនៃពាណិជ្ជកម្មរបស់អាស៊ានជាមួយប្រទេសចិន។
ទន្ទឹមនេះស្ថិតិពីរដ្ឋបាលគយចិន បានបង្ហាញថា អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានឈានរហូតដល់ជិត៥៤៧ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ កើនឡើងជិត១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។
ក្នុងចំណោមសមាជិកទាំង១០ ប្រទេសរបស់អាស៊ាន ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាម ជាមួយចិន បានកើនឡើង២៤,១% ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរបស់ម៉ាឡេស៊ីជាមួយចិន បានកើនឡើង១៣,៧% ហើយទំហំពាណិជ្ជកម្មទ្វេភាគីរបស់ឥណ្ឌូនេស៊ី ជាមួយចិន បានកើនឡើង៤,១% ក្នុងអំឡុងរយៈពេល៧ខែ។
អ្វីដែលជាការកត់សម្គាល់ ការិយាល័យជាតិ ស្ថិតិវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន មានទំហំជាង៥៥ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះបន្តិចក្នុងរង្វង់០,៩%។ ប៉ុន្តែការនាំចូលពីប្រទេសចិន បានកើនឡើង២៩,៧%ឈានដល់ជាង១៣០ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ប្រទេសចិន នៅតែជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម ជាមួយនឹងឱនភាពពាណិជ្ជកម្មក្នុងទំហំ៧៥ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើងរហូតដល់ទៅ៦៧,៧%។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងប្រទេសចិន បានឈានរហូតដល់ជាង១៨៥ពាន់លានដុល្លារអាម៉េរិក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ៕
ដោយ: តែម សុខុម