ហិរញ្ញប្បទានថ្មីចំនួន១៦៩លានដុល្លារ

ធនាគារពិភពលោកអនុម័តផ្តល់ជំនួយហិរញ្ញប្បទានថ្មីចំនួន១៦៩លានដុល្លារ សម្រាប់កម្ពុជា


ធនាគារពិភពលោក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអនុម័តលើជំនួយមានទឹកប្រាក់ចំនួន ១៦៩លានដុល្លារអាមេរិក ដែលជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ និងសម្រាប់លើកកម្ពស់សមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។
ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក រូបភាព៖ ក្រសួងអភិវឌ្ឈន៍ជនបទ

គម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២នេះ នឹងជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិ បង្កដោយអាកាសធាតុ។ ហើយគម្រោងនេះនឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនចំនួនប្រមាណ ៥,៥លាននាក់ ក្នុងនោះមាន ៥២% ជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះផងដែរ។ ជាមួយគ្នានេះ មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិផងដែរ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះនឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន។

កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះខ្លាំងណាស់ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក៏ងាយរងគ្រោះខ្លាំងណាស់ដែរ ពីហានិភ័យនៃគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។ មួយវិញទៀត បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានានៅលើបណ្តាញផ្លូវអាចធ្វើឱ្យជីវភាពគ្រួសារជនបទជួបការលំបាក និងបង្កឧបសគ្គដល់លទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម ហើយការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ បានគូសបញ្ជាក់ច្បាស់អំពីសេចក្តីត្រូវការរបស់កម្ពុជាឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ និងស្ថានភាពងាយរងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ។

កញ្ចប់ហិរញ្ញប្បទានថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការត្រៀមលក្ខណៈ ការឆ្លើយតប និងក្នុងការស្តារស្ថានភាពក្រោយមានគ្រោះធម្មជាតិ និងក្នុងការទ្រទ្រង់ដល់ការរៀបចំផែនការទុកជាមុន និងដល់ការគ្រប់គ្រងហានិភ័យទឹកជំនន់នៅក្នុងតំបន់ទន្លេសាប ដែលរងការខូចខាតខ្លាំងពីទឹកជំនន់ក្នុងឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 រូបរាងថ្មីទាំងស្រុងបានមកដល់ហើយ!

ព័ត៌មាន
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនមានការផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 យ៉ាងច្រើនសន្ធឹកសន្ធាប់…

សម្តេចតេជោ ហ៊ុន សែន ស្នើវិនិយោគិនបរទេសឲ្យមកស្វែងយល់ និងចាប់យកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
នៅចំពោះមុខវិនិយោគិនបរទេស និងថ្នាក់ដឹកនាំមកពីប្រទេសផ្សេងៗ ដែលបានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ