ចិន-អាមេរិក-តៃវ៉ាន់

លោកស៊ី ជីនពីងព្រមានលោកចូបៃឌិនថា «កុំប្រលែងលេងជាមួយភ្លើង» ក្នុងសំណុំរឿងកោះតៃវ៉ាន់


ប្រមុខដឹកនាំកំពូលនៃប្រទេសធំៗទាំងពីរនៃពិភពលោក កាលពីយប់ថ្ងៃព្រហស្បតិ៍បានជួបជជែកគ្នាជាថ្មីម្តងទៀតតាមប្រព័ន្ធទូរសព្ទ ដែលជាជំនួបដ៏កម្រមួយ រវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសប្រទេសមហាអំណាចទាំងពីរនេះ។ មិនខុសពីលើកមុនៗប៉ុន្មានឡើយ ទាំងមេដឹកនាំចិននិងអាមេរិកបានបន្តព្រមានគ្នាទៅវិញមក ក្នុងសំណុំរឿងរសើបមួយចំនួនរាប់ចាប់តាំងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងពិសេសសំណុំកោះតៃវ៉ាន់តែម្ដង។
លោកស៊ី ជីនពីងព្រមានលោកចូបៃឌិនថា «កុំប្រលែងលេងជាមួយភ្លើង» ក្នុងសំណុំរឿងកោះតៃវ៉ាន់

ប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមានមេដឹកនាំ​អាមេរិកជុំវិញសំណុំរឿងកោះតៃវ៉ាន់ ថាកុំឱ្យប្រលែងលេងជាមួយភ្លើងឱ្យសោះ។ ជាមួយគ្នានេះ ក្រុងប៉េកាំង​បានបង្ហាញការព្រួយបារម្ភអំពីការប៉ុនប៉ងធ្វើដំណើរទស្សនកិច្ច ទៅកាន់ដែនកោះមួយនេះ ដោយ​ប្រធានសភាអាមេរិកលោកស្រី Nancy Pelosiផងដែរ។ នេះបើតាម​ការរាយការណ៍​ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន​។

ព័ត៌មានដែលលោកស្រី Pelosi ប្រធានសភាអាមេរិក​ចង់ទស្សនកិច្ចនៅកោះតៃវ៉ាន់ ពិតជាធ្វើឱ្យចិនក្តៅស្លឹកត្រចៀកខ្លាំងណាស់ ដែលយើងអាចសំគាល់បានតាមពាក្យសំដី ធ្ងន់ៗដែលលោកស៊ី ជីនពីង បាននិយាយទៅកាន់​លោកចូ បៃឌិន​។ បើតាមការស្រង់សំដីក្រោយជំនួបតាមទូរសព្ទលើកទី៥ រវាងមេដឹកនាំ​នៃប្រទេស​មហាអំណាចពិភពលោកទាំងពីរ ដោយក្រសួងការបរទេសចិនបានឱ្យដឹងថា លោកស៊ី ជីនពីង​បានប្រាប់ទៅលោកបៃឌិនថា អ្នកដែលហ៊ានលេងជាមួយភ្លើង គឺនឹងត្រូវវិនាសទាំងអស់ ហើយលោកចង់ឱ្យប្រធានាធិបតី​អាមេរិកបើកភ្នែកមើល​ឱ្យបាន​ច្បាស់​ចំពោះបញ្ហានេះ។

បុរសខ្លាំង​របស់ចិនរូបនេះ រំឭកឱ្យទីក្រុងវ៉ាស៊ីនតោន គួរតែគោរពតាមគោលការណ៍ចិនតែមួយដែលខ្លួនទទួលស្គាល់ ហើយបានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់​កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។

ជាការឆ្លើយតបទៅកាន់ភាគីចិនវិញ លោកបៃឌិនបានប្រាប់លោកស៊ី ជីនពីង​ច្បាស់ៗថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់​មិនបានផ្លាស់ប្តូរឡើយ ហើយថាទីក្រុងវ៉ាស៊ីនតោន​ប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងដោយឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬធ្វើឱ្យខូច​ដល់​សន្តិភាព និងស្ថិរភាពនៅ​ទូទាំងច្រកសមុទ្រតៃវ៉ាន់។

ដោយឡែក ក្រោយពីជំនួបតាមទូរសព្ទរបស់មេដឹកនាំចិននិងអាមេរិកបាន​បញ្ចប់ទៅ ភាគីកោះតៃវ៉ាន់បានថ្លែងអំណរគុណ​ដល់លោកបៃឌិន សម្រាប់ការគាំទ្ររបស់លោក ហើយបានលើកឡើងថា ខ្លួននឹងបន្តធ្វើការឱ្យស៊ីជម្រៅ​ក្នុងភាពជាដៃគូសន្តិសុខ​របស់ខ្លួន​ជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបថា គម្រោងដំណើរទស្សនកិច្ចរបស់​ប្រធានសភាអាមេរិក​កំពុងបង្កភាពតានតឹង និងស្រពិចស្រពិល​ក្នុងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិន​។ អ្នកវិភាគចាត់ទុកព្រឹត្តិការណ៍នេះថា ជារឿងមិនធ្លាប់មានពីមុនមក និងអាចក្លាយជាការបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះប្រជាធិបតេយ្យមួយនេះ។ អ្នកវិភាគមួយចំនួនទៀត​ព្រួយបារម្ភថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយទីក្រុងប៉េកាំងអាចធ្លាក់ទៅ​ក្នុងវិបត្តិដ៏ធំ ហើយថាមិនត្រូវ ក៏អាចមានការប៉ះទង្គិចគ្នាចៃដន្យណាមួយ ដោយផ្ទាល់ក៏អាចកើតមាន​ឡើងបានដែរ។

ការជជែកគ្នា​អស់ពេលដល់ទៅពីរម៉ោង មិនបានបញ្ចប់តែ​ត្រឹម​បញ្ហាកោះតៃវ៉ាន់នោះទេ ភាគីទាំងពីរ បន្តពិភាក្សាគ្នាលើបញ្ហាមួយ​ចំនួនទៀត រួមមានកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ និងបញ្ហា​អាកាសធាតុផងដែរ។ ប៉ុន្តែនៅក្នុងការជជែកគ្នាកាលពីយប់ថ្ងៃទី ២៨ ខែកក្កដា គេមិនបានកត់សម្គាល់ពីការដែលអាមេរិកចង់ដករនាំងពន្ធគយពីទំនិញមួយចំនួនរបស់ចិន ត្រូវបានលើក​មកដាក់លើតុពិភាក្សាគ្នានោះឡើយ។

ជាចុងក្រោយ លោកបៃឌិន​ និងលោកស៊ី ជីនពីង បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំទល់មុខគ្នាមួយ ជាលើកដំបូងក្នុងឋានៈ​ជាមេដឹកនាំកំពូល និងបានណែនាំក្រុមមន្ត្រីរបស់សមភាគីទាំងពីរ​ពិនិត្យមើល និងរៀបចំរឿងនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូបដែលស្និទ្ធនឹងកិច្ចពិភាក្សា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនមកពីកាណាដាមួយកំពុងសិក្សាលទ្ធភាពក្នុងការបូមប្រេងបន្តពីក្រុមហ៊ុន KrisEnergy

ព័ត៌មាន
វិស័យបូមប្រេងរបស់កម្ពុជា ដែលបានជាប់គាំងជាង១ឆ្នាំ ហាក់មានក្ដីសង្ឃឹមឡើងវិញបន្ដិចហើយ បន្ទាប់ពីមានក្រុមហ៊ុនមួយមកពីប្រទេសកាណាដាបានបង្ហាញបំណ…

សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ មានសារសំខាន់អ្វីខ្លះ?

ព័ត៌មាន
វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចដោយផ្ទាល់ តាមរយៈការបង្កើតការងារ ក្នុងវិស័យប្រៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ