Advertisement
គួរ​យល់ដឹង!

ល្បិច​បោក​ប្រាស់​លុយ​កាក់​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន !!!


បច្ចុប្បន្ន​នេះ ខណៈ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប ក្រុម​ជន​ខិល​ខូច​ក៏​មាន​ល្បិច​បោក​ប្រាស់​កាន់​តែ​ទំនើប ប្លែកៗ​ដូច​គ្នា​ដែរ ដែល​ប្រការ​នេះ អស់​លោក​អ្នក​គួរ​គប្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេ​ឡើង នោះ​ទើប​មិន​ធ្លាក់​ខ្លួន ឬ​ក្លាយ​ជា​ជន​រងគ្រោះ​របស់​ពួក​គេ។
ល្បិច​បោកប្រាស់​ដែល​គួរ​ប្រយ័ត្ន
ដោយ
Advertisement

ខាង​ក្រោម​នេះ ជា​ល្បិច​បោក​ប្រាស់​មួយ​ចំនួន ដែល​ក្រុម​ជន​ខិល​ខូច​យក​មក​ប្រើ ក្នុង​ការ​ឆបោក​លុយ​កាក់​ពី​ប្រជា​ពលរដ្ឋ ៖ 

១) ឆបោក​ឲ្យ​ផ្ញើ​ប្រាក់​តាម Wing ដោយ​ប្រាប់​ថា សាច់​ញាតិ​របស់​អ្នក​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

ល្បិច​នេះ គឺ​ជន​ខិល​ខូច​ហាក់​ដូច​ជា​ស្គាល់​ជន​រង​គ្រោះ​ច្បាស់។ ឧ. ទូរស័ព្ទ​ទៅ​ម្ដាយ រួច​ធ្វើ​ត្រហេប​ត្រហប​ប្រាប់​ថា កូន​ប្រុស​ឈ្មោះ​នេះ... (ជា​ឈ្មោះ​កូន​ពិត) បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ឥឡូវ ត្រូវការ​លុយ​ជា​បន្ទាន់ ១០០​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​កុំ​ឲ្យ​វែង​ឆ្ងាយ ហើយ​ត្រូវការ​ជា​ប្រញាប់ បើ​មិន​អ៊ីចឹង​ទេ ករណី​នេះ​នឹង​កាន់​តែ​វែង​ឆ្ងាយ ត្រូវ​អស់​លុយ​កាន់​តែ​ច្រើន ។ល។ រួច​ហើយ​ជន​ខិលខូច​តឿន​យ៉ាង​រន្ថើន កំហិត​ឲ្យ​ផ្ញើ​លុយ​ទៅ​រូបគេ​ជា​បន្ទាន់។ 

២) ឆបោក​តាម​អ៊ីម៉េល ថា​អ្នក​ឈ្នះ​រង្វាន់​ប្រាក់​លាន

មាន​ជន​បរទេស​មិន​ស្គាល់​មុខ អ៊ីម៉េល​ចូល​មក​អ៊ីម៉េល​របស់​អ្នក ដោយ​ប្រាប់​ថា ឈ្មោះ​អ្នក​ត្រូវ​បាន​គេ​ជ្រើស​រើស ជា​អ្នក​ឈ្នះ​រង្វាន់​ពី​ធនាគារ បាន​ប្រាក់​ប៉ុណ្ណេះ​ឬ​ប៉ុណ្ណោះ​លាន​ដុល្លារ ដូច្នេះ​គេ​ឲ្យ​អ្នក​ផ្ញើ​អាសយដ្ឋាន លេខ​ទូរស័ព្ទ លេខ​គណនី​ធនាគារ ដើម្បី​គេ​រត់ការ​​ផ្ញើ​លុយ​ឲ្យ។ ប៉ុន្តែ ក្នុង​ដំណើរការ​នេះ គេ​នឹង​តម្រូវ​ឲ្យ​អ្នក​ដាក់​លុយ​ខ្លះ​ក្នុង​គណនី​របស់​អ្នក ដើម្បី​យក​ទៅ​រត់ការ​ថ្លៃ​មេធាវី ឬ​ថ្លៃ​អ្វី​មួយ​មុន​នឹង​គេ​អាច​ផ្ញើ​លុយ​ឈ្នះ​រង្វាន់​មក​ឲ្យ​អ្នក។ បើ​អ្នក​ដាក់​ប្រាក់​ចូល គឺ​ប្រាកដ​ជា​ចាញ់​បោក​គេ អស់​លុយ​នោះ​ជា​មិន​ខាន។ ដូច្នេះ ចូរ​កុំ​តប​ត ចំពោះ​អ៊ីម៉េល​បែប​នេះ​ពី​អ្នក​ដែល​មិន​ស្គាល់​អី ! 

៣) ឆបោក​តាម​អ៊ីម៉េល ក្រោម​រូបភាព​បន្លំ​ជា​មិត្ត​ភក្ដិ​របស់​អ្នក​ជួប​អាសន្ន​នៅ​ក្រៅ​ប្រទេស

ល្បិច​បោក​មួយ​ទៀត​នេះ គឺ​អ្នក​អាច​នឹង​បាន​ទទួល​អ៊ីម៉េល​ពី​មិត្ត​សម្លាញ់​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ ថា រូបគាត់​កំពុង​បំពេញ​បេសក​កម្ម ឬ​ធ្វើ​ដំណើរ​នៅ​ក្រៅ​ប្រទេស រួច​ហើយ​បាត់​លិខិត​ឆ្លង​ដែន បាត់​កាបូប​លុយ ឬ​កំពុង​មាន​អាសន្ន​នៅ​ស្រុក​គេ គ្មាន​លុយ​គ្មាន​កាក់ ។ល។ និង ។ល។ ដូច្នេះ គាត់​ត្រូវការ​លុយ​ជា​បន្ទាន់ សូម​ឲ្យ​អ្នក​ផ្ញើ​លុយ​ទៅ​គាត់ តាម​លេខ​គណនី​ធនាគារ​របស់​គាត់។ ប៉ុន្តែ តាម​ពិត​ទៅ អ៊ីម៉េល​របស់​គាត់​ត្រូវ​គេ​លួច​ប្រើ ហើយ​សាមី​ខ្លួន​មិន​បាន​ដឹង​នោះ​ទេ។ ចូរ​កុំ​រវល់​ជាមួយ​អ៊ីម៉េល​នេះ ឬ​ទំនាក់​ទំនង​ទៅ​សាមី​ខ្លួន ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​ល្បិច​បែប​នេះ។

៤) ល្បិច​ជួយ​រក​ការងារ​ធ្វើ ហើយ​ទារ​លុយ​មុន​ខ្លះ ដើម្បី​យក​ទៅ​ឲ្យ​គេ​អ្នក​នាំ​ចូល​ធ្វើការ

នេះ​ជា​ល្បិច​ក្នុង​ស្រុក។ អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ហើយ​អ្នក​អាច​នឹង​ជួប​មនុស្ស​ដែល​ស្គាល់​អ្នក ឬ​ស្គាល់​មិត្ត​ភក្ដិ​អ្នក មក​ប្រាប់​ថា គេ​នឹង​ជួយ​ស្វែង​រក​ការងារ​ឲ្យ​អ្នក​ធ្វើ ហើយ​ឲ្យ​អ្នក​រៀបចំ​ឯកសារ​ប្រវត្តិ​រូប និង​ពាក្យ​សុំ​ការងារ។ ក្រោយ​មក គេ​នឹង​មក​ប្រាប់​អ្នក​ថា មាន​ការងារ​មួយ​ដែល​សក្ដិសម​នឹង​អ្នក ហើយ​បាន​ប្រាក់​ខែ​ប៉ុណ្ណេះ​ឬ​ប៉ុណ្ណោះ ប៉ុន្តែ ឲ្យ​អ្នក​រក​ប្រាក់​ខ្លះ​យក​ទៅ​បង់​ឲ្យ​គេ​មុន ព្រោះ​គេ​ជា​អ្នក​នាំ​ចូល ហើយ​គេ​ធានា​ថា អ្នក​ប្រាកដ​ជា​បាន​ការងារ​នោះ​ធ្វើ។ បើ​ជួប​ស្ថានភាព​បែប​នេះ កុំ​ចាញ់​បោក​គេ​ឲ្យ​សោះ ព្រោះ​វា​ជា​ល្បិច​បោក​ប្រាស់។ 

៥) ល្បិច​ជួយ​រត់ការ​ឲ្យ​អ្នក​បាន​ទៅ​ធ្វើការ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស

តាម​ពិត​ទៅ ការ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ស្រប​ច្បាប់ គឺ​ធ្វើ​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​រដ្ឋ ឬ​តាមរយៈ​ក្រសួង​រដ្ឋ​តែ​ម្ដង។ ប៉ុន្តែ ជា​រឿយៗ មាន​ជន​ខិល​ខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​បន្លំ​ខ្លួន​ជា​បុគ្គលិក ឬ ជា​ភ្នាក់ងារ​ជ្រើស​រើស​ពលករ ដោយ​ធានា​ជួយ​រត់ការ​ឲ្យ​អ្នក​បាន​ទៅ​ធ្​វើការ​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ តម្រូវ​ឲ្យ​អ្នក​បង់​ប្រាក់​ជា​មុន​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ ដើម្បី​យក​ទៅ​រត់ការ។ រូបភាព​នេះ ភាគ​ច្រើន​អាច​ជា​ការ​បោកប្រាស់ ដូច្នេះ ចូរ​អ្នក​ប្រយ័ត្ន​ប្រយែង នឹង​សួររក​ឈ្មោះ​ក្រុមហ៊ុន ឬ ស្ថាប័ន​ដែល​បុគ្គល​នោះ​តំណាង​ឲ្យ និង​សួរ​បញ្ជាក់​ទៅ​ក្រសួង​មាន​សមត្ថកិច្ច ឬ​អង្គការ​សង្គម​ស៊ីវិល​ជា​មុន ទើប​មិន​ចាញ់​បោក​គេ។

៦) បោក​ប្រាស់​ជា​បណ្ដាញ ឬ ជា​លក្ខណៈ​ប្រព័ន្ធ ក្រោម​រូបភាព​វិនិយោគ ឬ​ទិញ​ភាគ​ហ៊ុន

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​កក្រើក​ឡើង នូវ​ការ​បោក​ប្រាស់​ជា​បណ្ដាញ ឬ​ជា​លក្ខណៈ​ប្រព័ន្ធ ក្រោម​រូបភាព​វិនិយោគ ដោយ​បាន​ប្រាក់​ចំណេញ​ប្រចាំ​ខែ ឬ ​ការប្រាក់​ខ្ពស់​ដល់ ១០ ភាគរយ។ ឧទាហរណ៍ គេ​អូស​ទាញ​ឲ្យ​អ្នក​ទិញ​ហ៊ុន ឬ ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ត្រឹម​ត្រូវ នៅ​ក្រៅ​ប្រទេស ១​ម៉ឺន​ដុល្លារ ហើយ​អ្នក​បាន​ចំណេញ​មក​វិញ នូវ​ការ​ប្រាក់​មួយ​ខែ ចំនួន​១​ពាន់​ដុល្លារ (ស្មើ​នឹង​១០​ភាគ​រយ) ប៉ុន្តែ ពួក​គេ​បើក​ឲ្យ​អ្នក​តែ​ពីរ​បី​ខែ បន្ទាប់​មក​ក៏​លែង​បើក​ឲ្យ បាត់ទាំង​ការ បាត់​ទាំង​ប្រាក់​ដើម។ កន្លង​មក មានសារព័ត៌​មាន​ចុះផ្សាយ​ច្រើន​ហើយ ដោយ​មាន​ប្រជាជន​ចាញ់​បោក​គេ​រាប់​រយ​នាក់​ខាត​បង់​ប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក។

ខាង​​លើ​នេះ គ្រាន់​តែ​ជា​ល្បិច​មួយ​ចំនួន​ដែល​យើង​បាន​ដឹង ប៉ុន្តែ អាច​នៅ​មាន​ល្បិច​ជា​ច្រើន​ទៀត ដូចជា​ល្បិច​បោក​យក​ម៉ូតូ បោក​យក​ខ្លួន​ប្រាណ​ស្រី្ត​ទៅ​រំលោភ បោក​យក​លុយ​ពី​ហោ​ប៉ៅ និង​ល្បិច​ដែល​យើង​មិន​បាន​ដឹង​ខ្លះ​ទៀត ដែល​យើង​ទាំង​អស់​គ្នា គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ចាញ់​បោក​ល្បិច​កល ​នៃ​ជន​ខិល​ខូច​ទាំង​នេះ៕ 




អត្ថបទបន្ទាប់


កត្តា​សំខាន់​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី​ជា​ប្រទេស​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច

ចំណេះដឹង
កាល​ទើប​បាន​ឯករាជ្យ​ភ្លាម​នៅ​ឆ្នាំ​១៩៦៥ ប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​តូច​និង​ក្រីក្រ គ្មាន​ធនធាន​ធម្មជាតិ ប្រជាជន​ក៏​តិច។ និយាយ​ទៅ កាល...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ