មីក្រូ​ហិរញ្ញវត្ថុ

ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប«គ្រោះ»ក្តៅ​គគុក​មួយ​ទៀត​ហើយ!


បន្ទាប់​ពី​រង​សម្ពាធ​​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការ​ប្រាក់ ១៨​% ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ឥឡូវ​នេះ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ទាំង​​អស់​កំពុង​ជួប​គ្រោះ ប្រឈម​នឹង​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការ​ណែនាំ​អនុវត្ត​បន្ថែម​ចំពោះ​អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​ក្នុង​នោះ​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​​ត្រូវ​​តម្រូវ​​ឲ្យ​​ជាប់​អាករ​បន្ថែម​១០%។
វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ

ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ ដែល​ប្រតិបតិ្តការ​អាជីវ​កម្ម​ក្នុង​វិស័យ​នេះ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ ដែល​បច្ចុប្បន្ន​ពួក​គេ ​មិន​ទាំង​បាន​រើ​បម្រាស់​រួច​ពី​ការ​កំណត់​ពិដាន​អត្រា​ការប្រាក់ ១៨% នៅ​ឡើយផង។

ជុំវិញ​នឹងបញ្ហា​ក្តៅ​មួយ​នេះ​ដែរ ត្រូវ​បាន​ខាង​វិស័យ​ឯកជន​ដែល​ជា​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ជួប​ពិភាក្សា​យ៉ាង​ផុលផុស​ជាមួយ​នឹង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា។


👉 គួរអាន ! គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឈាន​ទៅ​រក​ការ​ក្ស័យធន?


លោក​ឧកញ៉ា លី ហួរ សហ​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ទី​២ ផ្នែក​ហិរញ្ញ​វត្ថុ និង​ធនាគារ​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​នេះ​មិន​អាច​ធ្វើ​ឲ្យ​ខាង​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ទទួល​យក​បាន និង​អនុវត្ត​បាន​ភ្លាម​នោះទេ  ដូច្នេះ ទាមទារ​ឲ្យ​ខាង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ត្រូវ​រៀបចំ​វិនិយោគ​លើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដើម្បី​គ្រប់គ្រង​លើ​អាករ​បន្ថែម​នេះ និង​ឯកសារ​សំខាន់ៗ ព្រមទាំង​ជា​បន្ទុក​បន្ថែម​សម្រាប់​អតិថិជន​សិន។

តំណាង​សមាគម​​ធនាគារ និង​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប​ប្រជុំ​គ្នា​ជុំវិញ​ប្រកាស​ណែនាំ​ពី​អគ្គនាយក​ដ្ឋាន​ពន្ធដារ។

លោក​ឧកញ៉ា លី ហួរ មាន​ប្រសាសន៍​ថា «អ្វី​ដែល​ខាង​សមាគម​ធនាគារ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ចង់​បាន​គឺ​ចង់​ឲ្យ​លុប​ប្រកាស​នេះ​ចោល​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ច្រើន​ដល់​បន្ទុក​របស់​ប្រជា​ពលរដ្ឋ​ថែម​ទៀត»។

លោក​ឧកញ៉ា លី ហួរ បាន​បន្ថែម​ថា ខាង​សមាគម​ធនាគារ​និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា ការ​យក​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​នេះ នឹង​ក្លាយ​ជា​បន្ទុក​របស់​អតិថិជន ហើយ​នឹង​មាន​ការ​ប្រតិកម្ម​ពី​អតិថិជន ជា​ពិសេស អតិថិជន​ក្រីក្រ​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុ​របស់​មីក្រូ​ហិរញ្ញ​វត្ថុ។ 

លោក​ឧកញ៉ា​ថា តំណាង​សមាគម​ហិរញ្ញ​វត្ថុ​ទាំង​ពីរ​នេះ ក៏​បាន​លើក​ឡើង​ថា ពន្ធ​លើ​តម្លៃ​បន្ថែម​នៃ​ប្រកាស​ថ្មី​នេះ ក៏​ជា​បន្ទុក​នៃ​ការ​កើន​ឡើង​ថ្លៃ​ប្រតិបត្តិការ​និង​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​សម្រាប់​គ្រប់គ្រង​លើ​អាករ​លើ​តម្លៃ​បន្ថែម​​​ ដែល​ដាក់​លើ​សេវា​ហិរញ្ញ​វត្ថុ​នេះ។

លោក គាត បូរាណ អនុប្រធាន​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ថា លោក​សុំ​ស្នើ​ឲ្យ​លុប​សេចក្តី​ប្រកាស​ស្តីពី​ការ​អនុវត្ត​ពន្ធ​អាករ​បន្ថែម​លើ​សេវា​ហិរញ្ញ​វត្ថុ​នេះ ដោយសារ ​នេះ​ជាការ​ដាក់​បន្ទុក​មួយ​បន្ថែម​លើ​ប្រជាជន​ក្រីក្រ ដែល​មិន​មែន​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ទេ ដែល​គាត់​ចង់​ជួយ​ប្រជាជន​ក្រីក្រ។ 

ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) ​លើ​សេវាកម្ម​នេះ​ហាក់​ដូចជា​បន្ថែម​ពន្ធ​មួយ​ទៀត​ដល់​ប្រជាជនក្រីក្រ។ ទីពីរ វា​នឹង​បង្កើន​បន្ទុក​កាន់​តែ​ធ្ងន់​សម្រាប់​មីក្រូ​ហិរញ្ញ​វត្ថុ​ដោយសារ​តែ​កន្លង​មក បាន​ទទួល​រង​បន្ទុក​រួច​មក​ហើយ​ពី​ពិដាន​អត្រា​ការ​ប្រាក់​១៨%។

ជុំវិញ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និងជា​សហប្រធាន​ក្រុម​ការងារ​ពន្ធដារ និង​វិស័យ​ផ្សេងៗ ក៏​បាន​សំណូមពរ​ឲ្យ​ខាង​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ខាង​វិស័យ​ឯកជន​មុន​ពេល​ចេញ​ច្បាប់ និង​បទប្បញ្ញត្តិ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ដើម្បី​ជៀសវាង​ភាព​មិន​ចុះ​សម្រុង​នៅ​ពេល​​អនុវត្ត។

លោក​ឧកញ៉ា លឹម ហេង បាន​បញ្ជាក់​ថា «ខ្ញុំ​គិត​ថា រាល់​ច្បាប់​និង​បទប្បញ្ញត្តិ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្ថាប័ន​រដ្ឋាភិបាល ត្រូវ​ជួប​ពិភាក្សា​គ្នា​ជាមួយ​ស្ថាប័ន​ឯកជន​ជាមុន​សិន ដើម្បី​ឲ្យ​មាន​ផ្លូវ​រួម​មួយ ចុះ​សម្រុង​នឹង​គ្នា ជៀសវាង​ការ​ដាក់​បន្ថែម​លើ​គ្នា»។

សូម​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​មិថុនា​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា អាករ​លើ​តម្លៃ​បន្ថែម​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ ដួច្នេះ ការ​ចេញ​ប្រកាស​ពី​អាករ​លើ​តម្លៃ​​បន្ថែម​​នេះ គឺ​គ្រាន់តែ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​អនុវត្ត​ថ្មី​នោះ​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​ជាតិ​នឹង​​ផ្តល់​​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​ផ្តល់​សេវា​ផ្ទេរ​-​​ទូទាត់​​ប្រាក់​​ចល័ត

ព័ត៌មាន
ការផ្ទេរ​និង​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ផ្ទេរ​ទូទាត់​ប្រាក់​ចល័ត​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន ដែល​មាន​ដូចជា ក្រុមហ៊ុន wing, true …

សេដ្ឋ​កិច្ច​វៀតណាម​ឆ្នាំ​នេះ​កើន​ខ្ពស់​​ដោយសារ​​វិយោគ​ផ្ទាល់​ពី​បរទេស​កំពុង​មាន​សន្ទុះ​ខ្លាំង

ព័ត៌មាន
នៅ​ឆ្នាំ​២០១៧​នេះ សេដ្ឋកិច្ច​វៀតណាម​រំពឹង​ថា នឹង​អាច​កើន​ឡើង​ដល់ ៦,៥% ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​កំណើន​ត្រឹម​តែ ៦,២%​ប៉ុណ្ណោះ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ