Advertisement
បំណុល​បរទេស

ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​ខ្មែរ​ជា​នរណា?


កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​តតីយ​លោក​គឺ​ជា​ក្រុម​ប្រទេស​អ្នក​ក្រីក្រ និង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។
សម្ដេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​​ ជួប​ជាមួយ​ប្រធានាធិបតី​ចិន
ដោយ
Advertisement

គ្រប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទំាង​អស់ គឺ​សុទ្ធ​តែ​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​វិស័យ​កសិកម្ម​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​ជីវភាព​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។ ពិសេស​ជាង​នេះ​ទៅ​ទៀត រាល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​មិន​អាច​ខ្វះ​បាន​នោះ​ទេ នូវ​ការ​ស្វែង​រក​ជំនួយ​និង​ប្រាក់​កម្ចី​ពី​បណ្តា​ប្រទេស​អ្នក​មាន ដើម្បី​យក​មក​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន។

និយាយ​ជារួម​មិន​ថា​តែ​ប្រទេស​អ្នក​ក្រីក្រ ឬ​ក៏​អ្នក​មាន​នោះ​ទេ សុទ្ធ​តែ​ត្រូវការ​ខ្ចី​បុល​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អ្វី? គឺ​ដើម្បី​ពង្រីក​មហិច្ឆតា​ក្នុង​ការពង្រឹង​និង​ ពង្រីក​សេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​លេខ​១ នៅ​លើ​លោក។

ស្ពានជ្រោយ​ចង្វា​ទីពីរ​សង់​ដោយ​លុយ​ជំនួយ​របស់​ចិន។ មួយ​ភាគធំ​នៃ​កម្ចី​ឬ​ជំនួយ​ពី​ចិន ប្រើ​ប្រាស់​ទៅ​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ។
Advertisement

តើ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដឹង​ថា ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​ខ្មែរ​ជា​នរណា​ហើយ​ឬ​នៅ ?

មិន​បាច់​សង្ស័យ​នោះ​ទេ ម្ចាស់​បំណុល​ដែល​កម្ពុជា​ជំពាក់​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក គឺ​«មិត្ត​ចិន​យើង​នេះ​ឯង»! ជំពាក់​គេ​ច្រើន​មិន​មែន​ជា​បញ្ហា​នោះ​ទេ បញ្ហា​នៅ​ត្រង់​ថា យើង​ចេះ​ចាយ​ឬ​អត់? ហើយ​ត្រូវ​សួរ​ថា តើ​យើង​យក​ប្រាក់​កម្ចី​និង​ជំនួយ​ពី​បរទេស​មក​ប្រើ​ប្រាស់​ចំ​គោលដៅ​បាន​ត្រឹម​ត្រូវ​ហើយ​ឬ​នៅ ?

ប្រទេស​​កម្ពុជា​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ថា គឺ​ជា​ប្រទេស​គំរូ​ក្នុង​ការ​គ្រប់គ្រង​បំណុល​បាន​ល្អ ដូច្នេះ​មាន​ន័យ​ថា រាប់​ចាត់​ទុក​ថា យើង​ចេះ​ចាយ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​កម្ពុជា​អាច​ចាក​ចេញ​ពី​តំណែង​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច​បំផុត ឆ្ពោះ​ទៅ​រក​តំណែង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប នៅឆ្នាំ​២០១៦​នេះ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​អង្កេត​ពី​ធនាគារ​ពិភព​លោក កាល​ពី​ឆ្នាំ​២០១៥។

ជាក់​ស្តែង ចំណូល​មធ្យម​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​បាន​កើន​ដល់ ១.២១៥​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥ ហើយ​អាច​នឹង​បន្ត​កើន​ដល់ ១.៣០១​ដុល្លារ ក្នុង​ឆ្នាំ​២០១៦​នេះ។

Advertisement
ចិន​​គ្មាន​​លក្ខខណ្ឌ​​ស្មុគ​​ស្មាញ លឿន​រហ័ស ខ្ចី​បាន​ច្រើន​និង​អត្រា​ការ​ប្រាក់​ទាប និង​គ្មាន​អត្រា​ការ​ប្រាក់
— លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ

មក​ដល់​ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​បំណុល​បរទេស​ប៉ុន្មានហើយ?  ខ្ចី​យក​មក​ធ្វើ​​អ្វី​ខ្លះ?

គិត​មក​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៦  កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​កើន​ដល់​ប្រមាណ​ជាង ៨​ពាន់ ១២៦​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​ជាប់​ជំពាក់​បំណុល​បរទេស​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ព្រឹត្តបត្រ​ស្ថិតិ​បំណុល​សាធារណៈ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ចេញ​ផ្សាយ​លើក​ទី២​ ខែ​តុលា ឆ្នាំ​២០១៦​នេះ។

ក្នុង​នោះ ប្រទេស​ចិន​គឺ​ជា​ប្រភព​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​ធំ​ជាង​គេ ស្មើ​នឹង​៤៥​ភាគរយ​នៃ​ប្រាក់​កម្ចី​បរទស​សរុប។

រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​អះអាង​ថា ប្រាក់​កម្ចី​ពី​ប្រទេស​ចិន បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​ជំរុញ កំណើន​សេដ្ឋកិច្ច​កម្ពុជា​រង្វង់ ៧%​ក្នុង​មួយ​ឆ្នាំ។ ពោល គឺ​ចិន​ជា​ប្រភព​ផ្តល់​ប្រាក់​កម្ចី​ធំ​ជាង​គេ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

Advertisement

ហេតុអ្វី​បាន​ជា​កម្ពុជា​ចូលចិត្ត​ខ្ចី​បំណុល​ចិន ?

ជុំវិញ​បញ្ហា​នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា ឆ្នាំ​២០១៦ កាលពី​ខែ​កុម្ភៈ​ថា ប្រភព​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​ច្រើន​ជាង​គេ ងាយ​ស្រួល​ជាង​គេ​នោះ គឺ​ប្រទេស​ចិន។

លោក វង្សី វិស្សុត អះអាងថា៖ «ចិន​គ្មាន​លក្ខខណ្ឌ​ស្មុគ​ស្មាញ លឿន​រហ័ស ខ្ចី​បាន​ច្រើន និង​អត្រា​ការ​ប្រាក់​ទាប និង​គ្មាន​អត្រា​ការ​ប្រាក់»។

ប្រាក់​កម្ចី​បរទេស​ភាគ​ច្រើន​ត្រូវ​បាន​យក​មក​អភិវឌ្ឍន៍​ប្រទេស ទៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ៨៨​ភាគ​រយ ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជាង ៧​ពាន់​លាន​ដុល្លារ និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ប្រមាណ ១២​ភាគ​រយ ស្មើ​នឹង​ទឹក​ប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ 

ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ជំពាក់​បំណុល​បរទេស​ប្រមាណ ៥៤១​ដុល្លារ​អាមេរិក

ក្រុម​អ្នក​ជំនាញ​តាមដាន​សេដ្ឋកិច្ច-​សង្គម សុទ្ធ​តែ​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា កម្រិត​បំណុល​ដែល​កម្ពុជា​ខ្ចី​បរទេស កម្រិត​ត្រឹម​ជាង ៨​ពាន់​លាន​ដុល្លារ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ ៨.១២៦​លាន​ដុល្លារ​អាមេរិក បើ​ចែក​នឹង​ចំនួន​ប្រជាជន​កម្ពុជា​ប្រមាណ ១៥​លាន​នាក់ នោះ​នឹង​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ជំពាក់​បំណុល​បរទេស​ប្រមាណ ៥៤១​ដុល្លារ​អាមេរិក។

គិត​ត្រឹម​ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ជំពាក់​បំណុល​បរទេស​ជាង ៥០០​ដុល្លារ។ រូបភាព៖ ហេង ភារម្យ

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ បាន​មាន​ប្រសាសន៍​ថា បំណុល​បរទេស​កម្រិត​ប៉ុណ្ណឹង នៅ​មិន​ទាន់​មាន​ហានិភ័យ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។ មាន​ន័យ​ថា ចំណូល​ផលិត​ផល​ជាតិ​សរុប GDP ប្រចាំ​ឆ្នាំ មាន​កម្រិត​ខ្ពស់​ដែល​អាច​គ្រប់គ្រង​ការ​ខ្ចី​បុល​បរទេស។

លោក​បណ្ឌិត តេង ដឺលុច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា ទំហំ​បំណុល​ជំពាក់​បរទេស​ប៉ុណ្ណឹង កម្ពុជា​អាច​មាន​លទ្ធភាព​ក្នុង​ការ​សង​ត្រឡប់​ទៅ​វិញ ប៉ុន្តែ អ្វី​ដែល​ត្រូវ​ចោទ​សួរ គឺ​ថា តើ​បំណុល​ដែល​កម្ពុជា​ខ្ចី​ពី​បរទេស ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​មាន​គុណភាព និង​តម្លា​ភាព​បាន​កម្រិត​ណា។

Advertisement
Advertisement

ក្រុម​អ្នក​ជំនាញ​តាម​ដាន​សង្គម​-សេដ្ឋកិច្ច បាន​បញ្ជាក់​អះអាង​ទៀត​ថា ជា​ការ​ពិត​ណាស់ ជំនួយ​និង​ប្រាក់​កម្ចី​បរទេស វា​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ជា​រឿង​ល្អ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ចេះ​គ្រប់​គ្រង​បំណុល​បាន​ល្អ និង​ជា​ពិសេស ចេះ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​បរទេស​ឲ្យ​ចំ​គោលដៅ​នោះ ពិត​ប្រាកដ​ណាស់ ប្រទេស​កម្ពុជា​នឹង​កាន់​តែ​មាន​ភាព​រីក​ច្រើន ប៉ុន្តែ បើ​សិន​មិន​ចំ​គោលដៅ​អភិវឌ្ឍន៍ ឬ​ក៏​កើត​មាន​អំពើ​ពុក​រលួយ នោះ​កម្ពុជា​នឹង​ជួប​វិបត្តិ​កាន់​តែ​ខ្លាំង​ជាក់​ជា​មិន​ខាន។

សរុប​ជា​រួម មិន​ថា​តែ​ប្រទេស​អ្នក​ក្រ​ ដូច​ជា​កម្ពុជា​យើង​នោះ​ទេ ដែល​ជំពាក់​បំណុល​បរទេស ឬ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី​១​នៅ​លើ​ពិភព​លោក ក៏​ជំពាក់​ប្រាក់​ចិន​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ ហើយ​ប្រទេស​ចិន​មហា​អំណាច​សេដ្ឋកិច្ច​ទី​២ ក៏​ជំពាក់​ធនាគារ​និង​ស្ថាប័ន​អន្តរជាតិ ដោយ​ឡែក​ជប៉ុន​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ទី​៣ លើ​ពិភពលោក ក៏​ជំពាក់​អាមេរិក កូរ៉េ និង​ធនាគារ​ពិភព​លោក ស្ថាប័ន​អន្តរជាតិ ដូច​តែ​គ្នា​ដែរ។ គ្រាន់​តែ​ថា ការ​ខ្ចី​​បុល​​របស់​ប្រទេស​គេ យក​មក​ប្រើប្រាស់​ចំ​ទិស​ដៅ​ត្រឹម​ត្រូវ ចេះ​គ្រប់​គ្រង​បំណុល​បាន​ល្អ និង​មិន​ឲ្យ​លើស ៥០​ភាគរយ​នៃ​ចំណូល​ជាតិ ដែល​ជា​ចំណុច​ប្រកាស​អាសន្ន​នោះ​ឡើយ៕

រូបភាព​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​នឹង​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ជា​រូប​ភាព​ពី​គេហ​ទំព័រ​ស្ថានទូត​កម្ពុជា​ប្រចាំ​ញូវ​ហ្ស៊ីលែន និង​អូស្ត្រាលី

រូបភាព​ស្ពាន​ជ្រោយ​ចង្វា​ទីពីរ យក​មក​ពី​ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​​និង​​អ៊ិនថឹណិត។ អនាគត​ទៅ​ជា​យ៉ាងណា?

ចំណេះដឹង
សម័យ​ជាង​មួយ​ទសវត្សរ៍​មុន បើ​និយាយ​អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន គេ​សំដៅ​ទៅ​លើ​កាសែត​-ទស្សនាវដ្ដី វិទ្យុ និង​ទូរទស្សន៍។ មហាជន​ព...

តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«រំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ?

ចំណេះដឹង
ក្នុងការ​ប្រើពាក្យឌឺដង ពេបជ្រាយ លែបខាយ ក្នុងន័យធៀបលើអំណាននិង​សំណេរ ក្នុង​សង្គមខ្មែរបច្ចុប្បន្ន ពាក្យ«រំដួល» ហាក់​កំពុង​ពេញ​និយម​យ៉ាង​ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ