រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩

កម្ពុជានឹងមានរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯងនៅឆ្នាំក្រោយ


បើមិនមានអ្វីប្រែប្រួលនោះទេ នៅឆ្នាំក្រោយនេះ កម្ពុជានឹងមានរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯង បន្ទាប់ពីមហាមិត្តចិនបានប្រកាសថា នឹងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងនេះក្នុងពេលឆាប់ៗខាងមុខនេះ។ ការប្រកាសជួយគាំទ្រពីសំណាក់ប្រទេសចិនយ៉ាងដូច្នេះ គឺធ្វើឡើង ឆ្លើយតបតាមសំណើរបស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថ្មីៗនេះ សម្តេចបានស្នើទៅរដ្ឋាភិបាលចិន ឲ្យជួយសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩សម្រាប់ប្រើប្រាស់ដោយខ្លួនឯង និងអាចផ្គត់ផ្គង់បន្ដឱ្យទៅប្រទេសដទៃទៀតផងដែរ។
សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និង​ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង

ទន្ទឹមនឹងការខិតខំប្រឹងប្រែងឲ្យមានរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុកដោយខ្លួនឯងដើម្បីប្រើប្រាស់ឲ្យគ្រប់គ្រាន់ ការពារពីការឆ្លងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរយើងទាំងអស់គ្នាតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឱ្យបរទេសណាម្នាក់មកប្រមាថមើលងាយឲ្យសោះ ទោះបីកម្ពុជា ជាប្រទេសតូចតែមិនឱ្យនរណាម្នាក់មកប្រមាថបានជាដាច់ខាត។ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រមាថមើលងាយពីមេទ័ពវៀតណាមម្នាក់ កាលពីខែមីនាឆ្នាំមុនដែលបានលើកឡើងថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»

ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទៀតនោះទេ ក្រោយរដ្ឋាភិបាលចិនសម្រេចយល់ព្រមតាមសំណើររបស់សម្ដេចរួចហើយ ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។ ទោះជាបែបនេះក្ដី សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែត្រៀមថវិកាបន្តសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីផ្គត់ផ្គង់បន្តដដែល។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ដែរថា ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន កំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវដំណើរការផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា ឱ្យបានឆាប់ ដើម្បីឱ្យប្រជាជនកម្ពុជា អាចមានវ៉ាក់សាំងប្រើប្រាស់ខ្លួនឯង ក្នុងឆ្នាំ២០២២ខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគី រវាងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូកន្លងទៅនេះ ខាងភាគីចិនបានអះអាងថា នឹងបន្ដផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ មកឲ្យកម្ពុជាតាមតម្រូវការ ព្រមទាំងសន្យាជួយប្រទេសកម្ពុជា ក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុកផងដែរ។

សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងពីប្រទេសចិនសរុបជាង៣០លានដូសហើយ ខណៈដែលក្នុងនោះ មានជិត៧លានដូសជាជំនួយ ហើយវត្តមានវ៉ាក់សាំងរបស់ចិនទាំងនេះ បានជួយឲ្យកម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។

របាយការណ៍ពីក្រសួងសុខាភិបាលបង្ហាញថា មកទល់ថ្ងៃទី ៦ខែធ្នូ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបប្រមាណជាង១៤លាននាក់ហើយ ឬស្មើនឹង ជាង៨៨% នៃចំនួនប្រជាជនសរុប១៦លាននាក់។ ក្នុងនោះ អ្នកដែលបានចាក់គ្រប់ចំនួនដូសមានជាង ១៣លាននាក់ និងអ្នកបានចាក់ដូសជំរុញ ឬដូសទី៣ មានជាង២លាន៤សែននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញដែកថែបបានជិត ១១ពាន់លានដុល្លារកើនង ១៣០%

ព័ត៌មាន
ការនាំចេញដែកថែបរបស់វៀតណាម នៅ១១ខែដំបូងឆ្នាំ២០២១នេះ សម្រេចបានដល់ទៅ ជិត១១ពាន់លានដុល្លារអាមេរិក កើនឡើងជិត១៣០% ធៀបនឹងរយៈពេលដូចគ្នាកាល…

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកសិករថែទាំដំណាំមៀនប៉ៃលិនឡើងវិញ ខណៈចិនព្រមបើកទីផ្សារឲ្យនាំចូលឆាប់ៗ

ព័ត៌មាន
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ