
ធនាគារ ADB បានលើកឡើងនៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលទើបចេញផ្សាយថ្មីៗនេះថា កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង ទីក្រុងហុងកុង និងប្រទេសម៉ុងហ្គោលី នឹងប្រឈមមុខនឹងការរអិលដាំដូងធ្លាក់ចុះនៅឆ្នាំនេះ ខណៈធនាគារនេះ បានរក្សាការព្យាករសម្រាប់មហាយក្សចិន ខណៈតៃវ៉ាន់នឹងមើលឃើញកំណើនល្អប្រសើរជាងការព្យាករកាលពីលើកមុន។ និយាយជារួមសេដ្ឋកិច្ចនៅក្នុងចំណោមសមាជិកធនាគារ ADB ទាំង៤៦ប្រទេស ឥឡូវនេះត្រូវបានរំពឹងថា នឹងមានកំណើនជិត ៥% នៅឆ្នាំ២០២៥ និង ៤,៥% នៅឆ្នាំ២០២៦ ពោលគឺទាបជាង ០,១ និង០,២% បើធៀបនឹងការព្យាករកាលពីខែមេសា កន្លងទៅ។
ធនាគារ ADB បានកត់សម្គាល់ថា តំបន់អាស៊ីកំពុងអភិវឌ្ឍន៍ជាពិសេសប្រទេសចិន បានរងផលប៉ះពាល់ខ្លាំងជាងប្រទេសផ្សេងៗនៅលើពិភពលោក ដោយសារភាពមិនច្បាស់លាស់ នៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ប្រទេសចិន កំពុងប្រឈមមុខនឹងពន្ធជាមធ្យម ជាង២៨% ដែលខ្ពស់ជាងពន្ធដែលបានកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក ឬ កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត ហើយក៏ខ្ពស់ជាងពន្ធ ជាមធ្យមដែលអាម៉េរិក បានដាក់លើការនាំចូលពីប្រទេសក្រៅតំបន់អាស៊ី ផងដែរ។
ចំណែកកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍វិញ ត្រូវបានធនាគារ ADB ព្យាករថា នឹងសម្រេចបានកំណើនប្រមាណ ៤,៣% នៅឆ្នាំ២០២៥ និង ឆ្នាំ២០២៦ ខ្ពស់ជាងអត្រាកំណើនដែលបានព្យាករកាលពីខែមេសា ដែលរំពឹងសម្រេចបានក្នុងរង្វង់ ៤.៧%។ ប៉ុន្តែការព្យាករនេះត្រូវបានលើកលែងសម្រាប់ប្រទេសវៀតណាម ដែលគេរំពឹងថា នឹងមានកំណើន ៦,៧% នៅឆ្នាំនេះ ដោយកើនឡើងពីការព្យាករកាលពីលើកមុនក្នុងអត្រា ៦,៦%។
ជាមួយគ្នានេះដែរ ធនាគារ ADB ក៏បានអះអាងថា ប្រទេសដែលកំពុងមានការកែប្រែកំណើនថមថយខ្លាំងជាងគេ គឺប្រទេសថៃ ម៉ាឡេស៊ី និង ប្រទេសកម្ពុជា ដោយគេរំពឹងថា ថៃនឹងសម្រេចបានកំណើនសេដ្ឋកិច្ចតែ ២% ទេ ម៉ាឡេស៊ីមានកំណើន ៤,៣% រីឯកម្ពុជា មានកំណើនសេដ្ឋកិច្ចជិត ៥% នៅឆ្នាំនេះ ហើយសម្រាប់ឆ្នាំ២០២៦ ថៃនឹងសម្រេចបានកំណើនសេដ្ឋកិច្ចតែ ១,៦% ប៉ុណ្ណោះ ម៉ាឡេស៊ី ៤,២% ខណៈកម្ពុជានឹងសម្រេចបានក្នុងរង្វង់ ៥% ៕
ដោយ៖ សុខ មង្គល