ជំងឺប៉េស្តជ្រូកអាហ្វ្រិក

ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងវាយលុកខ្លាំងនៅឡាវ និងកំពុងរាលដាលដល់វៀតណាម


អាជ្ញាធរឡាវ បានប្រកាសអាសន្នបន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានផ្ទុះឡើងកាលពីខែមិថុនា បានរាលដាលយ៉ាងរហ័សនៅក្នុងស្រុកចំនួន៦ ក្នុងខេត្តសាយ៉ាប៊ុរី ដោយសម្លាប់ និងតម្រូវឱ្យកម្ទេចចោលសត្វជ្រូកជាង៥,៤០០ក្បាល។ វិបត្តិជំងឺឆ្លងនេះបានវាយប្រហារសេដ្ឋកិច្ចកសិកម្មឡាវ យ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យខាតបង់ប្រាក់ប្រមាណជាង៦៦ម៉ឺនដុល្លារអាម៉េរិក។ រឹតតែគួរឱ្យព្រួយបារម្ភ វីរុសដ៏កាចសាហាវនេះបានចាប់ផ្តើមឆ្លងដែនរាលដាលចូលដល់ដែនដីប្រទេសវៀតណាម ជាបន្តបន្ទាប់។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Time គិតត្រឹមពាក់កណ្តាលខែសីហា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានលុកលុយភូមិចំនួន៣៨ និងវាយប្រហារជីវភាពកសិកររាប់រយគ្រួសារ ដោយក្នុងនោះស្រុកសាយ៉ាប៊ុរី រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមអង្គការសុខភាពសត្វពិភពលោក ជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាប្រភេទវីរុសកាចសាហាវ និងមានសន្ទុះឆ្លងលឿនបំផុតលើសត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយមានអត្រាស្លាប់សឹងតែ១០០%។ ទោះបីជាវីរុសនេះមិនឆ្លង ឬបង្កគ្រោះថ្នាក់ដល់មនុស្សដោយផ្ទាល់ក៏ដោយ ប៉ុន្តែមនុស្ស គឺជាភ្នាក់ងារចម្លងដ៏គ្រោះថ្នាក់តាមរយៈការប៉ះពាល់សម្លៀកបំពាក់ បរិក្ខារ និងចំណីអាហារ ដែលមានប្រឡាក់ប្រឡូសមេរោគ។ ជុំវិញវិបត្តិនេះ ទីស្តីការគណៈរដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់ ដោយបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យការដឹកជញ្ជូនជ្រូករស់ និងសាច់ជ្រូកឆ្លងកាត់ខេត្ត-ស្រុកនានា ព្រមទាំងហាមឃាត់ដាច់ខាតលើការនាំចូលផលិតផលសាច់ជ្រូកពីបរទេស។
ដោយឡែកនៅប្រទេសវៀតណាម ឯណោះវិញ អាជ្ញាធរខេត្តឡៅសាយ បានចុះអន្តរាគមន៍ជាបន្ទាន់ និងដាក់ចេញវិធានការទប់ស្កាត់ បន្ទាប់ពីរកឃើញជ្រូកចំនួន៧៦ក្បាលបានងាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំ អាជ្ញាធរវៀតណាម ហាមឃាត់ដាច់ខាតមិនឱ្យអ្នកចិញ្ចឹមសត្វលក់ ដឹកជញ្ជូន ឬបរិភោគសាច់ជ្រូកដែលឈឺ និងបានហាមបោះចោលសាកសពជ្រូកផ្តេសផ្តាស។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវតម្រូវឱ្យធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ និងបាចម្សៅកំបោរនៅទូទាំងបរិវេណទ្រុង និងផ្លូវធ្វើដំណើរ ព្រមទាំងកម្រិតការចេញ-ចូលជាដាច់ខាតនៅតំបន់ ដែលកំពុងមានការផ្ទុះជំងឺនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តុលាការកូរ៉េខាងត្បូង បង្គាប់ឱ្យកូរ៉េខាងជើងសងប្រាក់ ៣២,៥ លានដុល្លារ ពាក់ព័ន្ធនឹងការបំផ្ទុះការិយាល័យ

តុលាការមួយនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៦ ខែកញ្ញា បានបង្គាប់ឱ្យប្រទេសកូរ៉េខាងជើងបង់សំណងប្រមាណ ៣២,៥ លានដុល្លារអាមេរិក ទៅឱ្យរដ្ឋាភិបាលកូរ…

តម្លៃភាគហ៊ុន អេស៊ីលីដា ហក់ឡើងថ្លៃលើស ១ម៉ឺនរៀល ជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ

តម្លៃភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នៅថ្ងៃទី ១៦ ខែកញ្ញានេះ បានហក់ឡើងថ្លៃខ្ពស់ដល់តម្លៃ ១០ ៥៤០រៀលក្នុងមួយភាគហ៊ុន ដោយបានកើនឡើង ៧០០ រៀល (ឬ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ