កម្មករជាង៤០០នាក់បានឆ្លងកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ក្រោយត្រឡប់ពីភ្ជុំបិណ្ឌ កម្មករជាង៤០០នាក់បានឆ្លងកូវីដ-១៩


រយៈពេលបីថ្ងៃ នៃ ការឈប់សម្រាករបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរ សហគ្រាស បុគ្គលិក និងមន្ត្រីរាជការ ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌនាកន្លងមកនេះ ដែលការសាកល្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅរកការបើកប្រទេសពេញលេញឡើងវិញនាពេលខាងមុខ ឃើញថាជាលទ្ធផលសម្រាប់តែក្នុងវិស័យកាត់ដេរ មានកម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ប្រមាណជាង ៤០០នាក់ ដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ ក្រោយត្រឡប់ពីស្រុកកំណើត នាពិធីបុណ្យភ្ជុំ កន្លងទៅថ្មីៗនេះ។
កម្មកររោងចក្រអង្គុយរងចាំការធ្វើតេស្តរហ័សកូវីឌ១៩ (រូបភាពឯកសារ))

ជុំវិញ​នឹង​បញ្ហា​កម្មករ​រោងចក្រ​ឆ្លង​កូ​វី​ដ​ប្រមាណ​ជាង ៤០០​នាក់​នេះ​ដែរ ត្រូវ​បាន ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់ ខេ​ម​បូ​ណូ​មី​ស​នៅ​ថ្ងៃនេះ ថា ករណី​នេះ មិន​បាន​ក្លាយជា​បញ្ហា​រាំងស្ទះ ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​នោះ​ទេ​។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១៤ ខែតុលា នេះ​ថា ក្រោយ​កម្មករ​-​កម្មការិនី ដែល​បាន​ត្រឡប់​មក​ពី​ស្រុក​កំណើត​យ៉ាង​ហោច​ណាស់​មាន​កម្មករ ជាង​៤០០​នាក់ បាន​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ចំណោម​កម្មករ ប្រមាណ ១៧​ម៉ឺន​នាក់ ដែល​បាន​ពិនិត្យ​តាម​គោល​ការ​ស្ម័គ្រចិត្ត ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

ឯកឧត្តម ហេង សួរ បាន​ចាត់​ទុក​ថា ករណី​កម្មករ​រោងចក្រ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ នា​ពេល​នេះ មិនមែន ជា​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​។ ក្នុង​ន័យ​នេះ រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ រូប​នេះ បាន​សង្កត់ធ្ងន់​ដូច្នេះ កម្មករ ៤០០​នាក់ មិន​អាច​ឱ្យ​កម្ពុជា ខ្វះ​កម្លាំង​ពលកម្ម​ទេ ព្រោះ​ពួក​គាត់​ឈឺ​ត្រឹម​មួយ​រយៈពេល​ប៉ុណ្ណោះ ដូច្នេះ លោក​មើល​មិនឃើញ​សោះ ថា​នេះ​ជា​ជ្រុង​នៃ​បញ្ហា​។

ដោយឡែក លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ដែរ​ថា ករណី​វិជ្ជមាន​លើ​កម្មករ​រោងចក្រ មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​កាត់ដេរ​នោះ​ទេ ដោយ​លោក​បាន​ចាត់​ទុក​ថា គឺជា​រឿង​ធម្មតា ដែល​កម្ពុជា កំពុង​ជួប​នូវ​បញ្ហា​រោគរាតត្បាត​ជាស​កល​នេះ​។ មិន​មានការ​បារម្ភ​ពី​បញ្ហា​នេះ ក៏​ព្រោះតែ នៅ​តាម​រោងចក្រ​នីមួយ​ៗ បាន​អនុវត្ត​នូវ​វិធាន​សុខាភិបាល យ៉ាង​ខ្ជាប់ខ្ជួន ហើយ​កម្មករ​ទាំងអស់​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ គ្រប់​ពីរ​ដូ​ស និង បន្ត​ចាក់​ដូ​ស​ទី​៣ ជា​បណ្ដើរ​ៗ ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កាំ​ង ម៉ូ​នី​កា​។

ជុំវិញ​ស្ថានភាព​នៃ​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង នា​បច្ចុប្បន្ន ត្រូវ​បាន​លោក កាំ​ង ម៉ូ​នី​កា នៅ​តែ​មើលឃើញ​ថា មាន​ភាព​ធន់​នៅឡើយ បើ​ទោះបី កម្ពុជា ស្ថិត​ក្នុង​បរិបទ​នៃ​វិ​ប​តិ្ត​កូ​វី​ដ​-១៩ ព្រោះ​នៅ​តាម​បណ្ដា​រោងចក្រ​នីមួយ​ៗ ទទួល​បានការ​បញ្ជា​ទិញ​គ្រប់គ្រាន់​។ ជាក់ស្ដែង រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​ទទួល​ចំណូល​ប្រមាណ ៥​ពាន់​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់ កើនឡើង ៣,៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២០​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ផ្ដល់​ឱ្យ​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស កន្លង​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានៅតែពឹងផ្អែកទីផ្សារវៀតណាមខ្លាំង សម្រាប់ការនាំចេញផលិតផលកសិកម្ម

ព័ត៌មាន
ប្រទេសវៀតណាម បានក្លាយជាទិសដៅសំខាន់បំផុត របស់កម្ពុជា ក្នុងចំណោមទិសដៅនៃការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា ចំនួន ៩០ប្រទេស។ ជាក់ស្ដែង នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ