កកស្ទះស្រូវនាំចេញទៅវៀតណាម

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖បញ្ហាកកស្ទះស្រូវនាំចេញទៅវៀតណាមមិនមែនក្ដីបារម្ភខ្លាំងពេកទេ


ការនាំចេញស្រូវពីកម្ពុជាទៅកាន់វៀតណាម ត្រូវបានគេមើលឃើញថា បានជួបបញ្ហារងគ្រោះគួរឲ្យកត់សម្គាល់ ដោយសារតែការនាំចេញបាននិងកំពុងបន្ដមានការរាំងស្ទះ តាមមាត់ច្រកព្រំដែន ដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩ ដែលវៀតណាមបានដាក់ចេញ។
កកស្ទះស្រូវនាំចេញទៅវៀតណាមនាពេលកន្លងទៅ
ដោយ

ទោះ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សា​ខុន បាន​អះអាង​ថា បញ្ហា​កកស្ទះ​ស្រូវ​នេះ មិន​មាន​ជា​ក្ដី​បារម្ភ​ខ្លាំង​នោះ​ទេ ព្រោះ​ក្រសួងកសិកម្ម បាន​សិក្សា​រួច​ជាស​ម្រេច ថា​ប្រទេស​វៀតណាម បាន​ផ្លាស់​ប្ដូរ យុទ្ធសាស្ត្រ​ការ​ធ្វើ​កសិកម្ម​របស់​ខ្លួន ដើម្បី​អាច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន ជាង​ការ​ដាំ​ដំណាំ​ស្រូវ ដូច្នេះ វៀតណាម​នៅ​តែ​មាន​តម្រូវការ​ស្រូវ​ពី​កម្ពុជា​។

ទោះបី​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩  និង​កំពុង​ជួប​បញ្ហា​ក្នុង​ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ទីផ្សារ​វៀតណាម ដោយសារ​វិធានការ​រឹត​បន្ដឹង​ទប់ស្កាត់​កូ​វី​ដ​-១៩​ក៏​ដោយ ប៉ុន្ដែ ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​វៀតណាម​នៅ​តែ​មាន​ជា​បន្តបន្ទាប់​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ យល់​ថា បញ្ហា​កកស្ទះ​ផលិតផល​ស្រូវ​របស់​កសិករ​មួយ​ចំនួន ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​វៀតណាម​នា​ពេល​នេះ មិនមែន​ជា​ក្ដី​ព្រួយបារម្ភ​ខ្លាំង​នោះ​ទេ​។

ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា មូលហេតុ​ដែល​ក្រសួង មិន​ព្រួយបារម្ភ​ខ្លាំង ចំពោះ​បញ្ហា​នេះ ព្រោះ​ក្រសួងកសិកម្ម បាន​សិក្សា​រួច​ជាស​ម្រេច ថា​ប្រទេស​វៀតណាម បាន​ផ្លាស់​ប្ដូរ យុទ្ធសាស្ត្រ​ការ​ធ្វើ​កសិកម្ម​របស់​ខ្លួន ដើម្បី​អាច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន ជាង​ការ​ដាំ​ដំណាំ​ស្រូវ​។ ឯកឧត្តម បន្ត​ថា ទៅ​ថ្ងៃ​អនាគត កម្ពុជា នឹង​មិន​ខុស​ពី​ប្រទេស​វៀតណាម នោះ​ទេ ក្នុង​ការ​កែប្រែ​យុទ្ធសាស្ត្រ​ថ្មី ក្នុង​វិស័យ​កសិកម្ម​។

ទាក់ទិន​បញ្ហា​នេះ លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួងកសិកម្ម យល់​ថា កសិករ គួរ​បង្កើន​ការ​ដាំ​ដុះ​ស្រូវ​ប្រភេទ​ក្រអូប ព្រោះ​ពូជស្រូវ​ក្រអូប កំពុង​មាន​ទីផ្សារ​ខ្ពស់ ជា​ជាង​ដាំ​ដុះ​ពូជស្រូវ សម្រាប់​នាំ​ទៅ​វៀតណាម​ច្រើន​ពេក​។ ប្រធាន​នាយកដ្ឋាន​រូប​នេះ បន្ត​ថា មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ បណ្ដាល​មក​ពី​ការ​បិទ​ច្រក​នាំ​ស្រូវ​ចេញ​បណ្តោះអាសន្ន​ជា​ពិសេស​ច្រក​បន្ទាយ​ចក្រី ខេត្តព្រៃវែង ដោយ​ប្រទេស​វៀតណាម​។ ការ​ប្រមូល​ផល​ស្របគ្នា​ជាមួយ​កសិករ​វៀតណាម នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។ ការ​កាត់​បន្ថយ​ការ​ទិញ​ស្រូវ របស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ដោយសារ​សល់​ស្រូវ​-​អង្ករ ក្នុង​ស្តុក​ច្រើន និង​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ជាដើម​។

ដោយឡែក លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា ក៏​យល់​ឃើញ​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ជាមួយ​ក្រសួងកសិកម្ម ដោយ​លោក​បាន​លើក​ឡើង​ថា កន្លង​មក​រដ្ឋាភិបាល ក៏​បាន​ជួយ​ដោះស្រាយ​បញ្ហា​ដល់​កសិករ ដោយ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ក្នុង​តម្លៃ​សមរម្យ​ដែរ​។ ម្យ៉ាងវិញទៀត លោក​បាន​បញ្ជាក់​បន្ថែម​ថា ដំណើរការ​នៃ​ការ​នាំ​ចេញ​ស្រូវ ទៅ​ប្រទេស​វៀតណាម កាន់តែ​វិល​មក​រក​សភាព​ធម្មតា ព្រោះ​ច្រក​ទ្វា​ព្រំដែន រវាង​កម្ពុជា​-​វៀតណាម ក៏​បាន​បើក​វិញ​ខ្លះ​ៗ ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ឯកឧត្តម វេ​ង សា​ខុន ផ្ដល់​ឱ្យ​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស រយៈពេល ៧​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ស្រូវ ជាង ២​លាន​តោន ទៅ​ប្រទេស​វៀតណាម​។ ក្នុង​នោះ សម្រាប់​ស្រូវ​ក្រអូប តម្លៃ ៨៨០​រៀល និង​ស្រូវ​ធម្មតា​(IR) តម្លៃ ៦៧៥​រៀល ក្នុង​មួយ​គីឡូក្រាម​៕ 

អត្ថបទដោយ​៖ ខន ណា​រី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពទីផ្សារមៀនប៉ៃលិនកំពុងវិវត្តដល់ណាហើយ?

ព័ត៌មាន
បញ្ហាការនាំចេញស្រូវពីកម្ពុជាទៅវៀតណាមកំពុងរាំងស្ទះដោះស្រាយមិនទាន់បានស្រួលបួលផង ឥឡូវនេះ កម្ពុជាកំពុងឈឺក្បាលនឹងរឿងកសិផល មៀនប៉ៃលិន ឬ តាង…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកម៉ូយីឌីន នឹងលាលែងពីតំណែង?

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ម៉ូយីឌីន យ៉ាស៊ីន នឹងលាលែងពីតំណែងនៅថ្ងៃច័ន្ទសប្ដាហ៍នេះ ក្រោយពីលោកបាត់បង់ការគាំទ្រភាគច្រើននៅក្នុងរដ្ឋាភិបាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ