ផ្សារ​លក់​សម្ភារៈ​ទាហាន

សម្ភារៈ​យោធា​នៅ​ផ្សារ​ទឹកថ្លា​នៅតែ​បន្ត​លក់ ខណៈ​មន្ត្រី​ក្រុ​ង​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់


សម្លៀក​បំពាក់ ស្បែក​ជើង និង​សម្ភារៈ​ដែល​ជា​ឯកសណ្ឋាន​យោធា ត្រូវ​បាន​អាជីវករ​នៅ​ផ្សារ​ទឹក​ថ្លា ដាក់​លក់​ព្រោងព្រាត​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​អាជ្ញាធរ​ហាក់​ព្រងើយ​កន្តើយ​នឹង​បញ្ហា​នេះ។
ទិដ្ឋភាព​​ផ្នែក​ខ្លះ​នៃ​ផ្សារ​ទឹក​ថ្លា ដែល​ល្បីល្បាញ​ខាង​លក់​សម្ភារៈ​និង​ឯកសណ្ឋាន​យោធា នៅ​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

អាជីវករ​នៅ​ផ្សារ​ទឹក​ថ្លា ជាប់​ផ្លូវ​សហព័ន្ធ​រុស៊្សី​ម្នាក់ បាន​រៀបរាប់​ដោយ​មិន​បញ្ចេញ​ឈ្មោះ ថា នៅ​ថ្ងៃ​ធម្មតា សម្ភារៈ​យោធា​លក់​មិន​សូវ​ដាច់​នោះ​ទេ ប៉ុន្តែ នៅ​ពេល​មាន​ការ​ត្រួត​ពិនិត្យ​កងទ័ព​រៀងរាល់​៣​ខែ​ម្តង គឺ​មាន​យោធា​មក​ទិញ​ច្រើន។

សម្លៀក​បំពាក់​និង​សម្ភារៈ​យោធា​ដទៃ​ទៀត ជាទូទៅ លក់​មិន​សូវ​ដាច់​មែន ប៉ុន្តែ សម្រាប់​ស្បែក​ជើង មាន​ការ​ពេញ​និយម​ជា​ខ្លាំង ទាំង​យោធា និង​ទាំង​ជន​ស៊ីវិល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជីវករ​ខាង​លើ ដោយ​បន្ត​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ស៊ីវិល គេ​មិន​ហ៊ាន​ទិញ​សម្លៀក​បំពាក់​ទាហាន​នោះ​ទេ ប៉ុន្តែ ស្បែក​ជើង​ទាហាន គឺ​លក់​ដាច់​គួរសម ព្រោះ វា​ជាប់ និង​អាច​ពាក់​ក្នុង​ចំណោម​មនុស្ស​​ធម្មតា​បាន»។

បើ​តាម​​អ្នក​លក់​រូប​នេះ ស្បែក​ជើង​ទាហាន មាន​តម្លៃ​ចន្លោះ​ពី ១០​ដុល្លារ រហូត ៥០​ដុល្លារ​សហរដ្ឋ​អាមេរិក។ 

លោក​បន្ត​ថា៖ «នៅ​​យើង​​នេះ អត់​មាន​រោងចក្រ​ផលិត​ស្បែកជើង​ទាំង​នេះ​ទេ ភាគច្រើន យើង​នាំចូល​ពី​ស្រុកគេ ដូចជា ចិន វៀតណាម និង​អាមេរិក។ ក្រៅពីនេះ យើង​បាន​ទិញ​សម្ភារៈ​ហ្នឹង ពី​ទាហាន​ខ្មែរ​ខ្លះ​ដែរ»។   

តូប​លក់​សម្ភារៈ​និង​ឯកសណ្ឋាន​យោធា​ខុស​ច្បាប់​នៅ​ផ្សារ​ទឹក​ថ្លា រាជ​ធានី​ភ្នំពេញ។ (ហេង ភារម្យ)

ផ្សារ​ទឹក​ថ្លា បាន​ក្លាយ​ជា​ផ្សារ​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​គេ ដោយសារ​តែ ក្រៅពី​លក់​របស់​របរ​ប្រើប្រាស់​ធម្មតា ផ្សារ​នេះ​មាន​តូប​ជាច្រើន​ដាក់​លក់​សម្ភារៈ​យោធា​យ៉ាង​មមាញឹក។

ជុំវិញ​បញ្ហា​នេះ លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់ ខេមបូណូមីស តាម​ខ្សែ​ទូរស័ព្ទ ថា ការ​លក់​ដូរ​សម្ភារៈ​យោធា​នៅ​ផ្សារ​ទឹកថ្លា គឺ​​ជា​​ទង្វើ​​ខុស​​ច្បាប់។ 

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ការ​លក់​ដូរ​សម្ភារៈ​យោធា វា​អត់​ត្រូវ​ច្បាប់​ទេ តែ​បើ​លក់​កម្រិត​ណា​នោះ បង​(ម៉េត មាសភក្តី)​អត់​មាន​យោបល់​ទេ»។ 

តែ​យ៉ាង​ណា នៅ​ពេល​សួរ​បន្ត​ថា តើ​សាលា​រាជ​ធានី​ភ្នំពេញ មាន​វិធានការ​បែប​ណា​ចំពោះ​ករណី​នេះ? អ្នក​នាំពាក្យ​ខាង​លើ បាន​បដិសេធ ដោយ​បង្វែរ​សំណួរ​នេះ ឲ្យ​សួរ​ទៅ​ថ្នាក់​មូលដ្ឋាន និង​ខាង​ជំនាញ​វិញ។

អាជីវករ​លក់​សម្ភារៈ​យោធា​ម្នាក់​ទៀត ដែល​មាន​តូប​នៅ​ផ្សារ​ទឹកថ្លា​នេះ ២០​ឆ្នាំ​មក​ហើយ បាន​បញ្ជាក់​ថា៖ «ការ​លក់​ដូរ មិន​ទៀង​ទេ ជួនកាល​មាន​ម៉ូយ​ធំ​កម្ម៉ង់​បាន​លក់​ដាច់​ស្បែក​ជើង ១០០ ឬ ២០០​គូ ហើយ​ភាគច្រើន ជា​សន្តិសុខ ប្រជា​ការពារ កង​អង្គរក្ស និង ទាហាន»។

នៅពេល​សួរ​ថា ការ​លក់​ដូរ​សម្ភារៈ​ទាហាន​មិន​ខ្លាច​ទេ​ឬ? អ្នក​លក់​ខាង​លើ បាន​ឆ្លើយ​ថា៖ «ឥឡូវ​ ទ្រង់​ស្រាល​តិច​ហើយ អ៊ីចឹង​ហើយ​បាន​មិន​ហ៊ាន​តាំង​អីវ៉ាន់​ច្រើន ហើយ​អីវ៉ាន់​ល្អៗ​យើង​ទុក ពេល​ត្រូវ​គេ​ចុះ​ចាប់ ស្អី​ក៏​គេ​ចាប់​ដែរ»៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រង ៥៧ និង​មានទឹកប្រាក់សរុប ១១២​លាន​ដុល្លារអាមេរិក

ព័ត៌មាន
លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា វិស័យធានារ៉ាប់ ដែលបានចាប់ផ្តើមបង្កើតឡើងនៅកម្ពុជាតាំងពីនៅឆ្នាំ១៩៩៩ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ