អត្ថបទពាណិជ្ជកម្ម

យុវជនអាស៊ានស្វែងរកឱកាសជំរុញកំណើនការអភិវឌ្ឍក្នុងតំបន់ ក្នុងបរិបទពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស


យុវជនអាស៊ាន ដែលជាមេដឹកនាំជំនាន់ក្រោយចំនួន ៤០ នាក់ មកពីបណ្ដាសមាជិកអាស៊ានទាំង ១០ ប្រទេស បានជួបជុំគ្នាក្នុងកម្មវិធីអាហារូបករណ៍យុវជនអាស៊ាន (ASEAN Youth Fellowship) លើកទី៥ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។ គោលបំណងសំខាន់នៃកម្មវិធីគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងអភិវឌ្ឍយុវជនដែលកំពុងមានសក្ដានុពលនៅក្នុងវិស័យសាធារណៈ ឯកជន និងការចូលរួមក្នុងសហគមន៍។
ASEAN Youth Fellowship 2023 បានចាប់ផ្តើមជាមួយនឹងអាហារពេលល្ងាចស្វាគមន៍នៅ Royal Plaza on Scotts ក្នុងប្រទេសសិង្ហបុរី។
ដោយ

កម្មវិធីនេះតែងតែត្រូវបានសហការរៀបចំរួមគ្នាជារៀងរាល់ឆ្នាំដោយអង្គការមូលនិធិអន្តរជាតិសិង្ហបុរី (Singapore International Foundation) និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី (NYC)។ ប្រធានបទសម្រាប់ឆ្នាំនេះ គឺស្របតាមមូលបទ “បញ្ហាស្នូលអាស៊ាន៖ ចំណុចកណ្ដាលនៃកំណើនអភិវឌ្ឍន៍” របស់ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣ នេះ។

កម្មវិធីនេះមានសកម្មភាពចម្បងៗជាច្រើន រួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាកន្លែងដែលយុវជនអាស៊ានទាំងអស់បានចូលរួមពិភាក្សាអំពីទស្សនវិស័យរបស់អាស៊ាន ការកសាងភាពជាអ្នកដឹកនាំនាពេលអនាគតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីភាពរីកចម្រើន។

ជាក់ស្ដែង ក្រុមយុវជនអាស៊ានបានមានឱកាសចូលជួបប្រជុំលក្ខណៈបិទទ្វារជាមួយមេដឹកនាំដ៏មានឥទ្ធិពលសំខាន់ៗ រួមមាន លោក ឡរ៉េន វង្ស (Lawrence Wong) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី និងបានជួបពិភាក្សាជាមួយ លោក ចាវ៉ា រ៉ាតណាម (Jaya Ratnam) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសវៀតណាម និងលោក ង្វៀន ចុងឡាម (Nguyen Tuong Lam) អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិស្តីពីយុវជនវៀតណាម។

ក្នុងអំឡុងពេលពិភាក្សាជាក្រុម លោកឯកអគ្គរដ្ឋទូត រ៉ាតណាម បានលើកឡើងដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញផ្សេងៗ និងការរៀនសូត្រពេញមួយជីវិត ដើម្បីយុវជនអាចនៅបន្តមានភាពប្រកួតប្រជែង និងទាន់សម័យកាលដែលកំពុងវិវត្តទៅមុខ។

ឯកអគ្គរដ្ឋទូត រ៉ាតណាម បានថ្លែងទៅកាន់យុវជនអាស៊ានទាំងអស់ថា “អាស៊ានមិនមែនសំដៅទៅលើតែមេដឹកនាំ ក្រុមមន្ត្រី និងបណ្ដាមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអាស៊ានគឺជាអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ។ យើងមានភាសារួមមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការសហការ ដែលជាកត្តាសំខាន់សម្រាប់ពួកយើងដើម្បីក្លាយជាធនធានរឹងមាំជាមួយគ្នា។ សូមអ្នកទាំងអស់គ្នារក្សាឆន្ទៈ ភាពក្លាហាន និងចំណង់ចំណូលចិត្ត ហើយបន្តពង្រឹងទំនាក់ទំនងឆ្លងដែន និងស្វែងរកឱកាសថ្មីៗសម្រាប់មនុស្សគ្រប់គ្នា”។

សមាជិក AYF 2023 បានចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong ។

ក្នុងរយៈពេល ៨ ថ្ងៃនៃកម្មវិធីនេះ យុវជនទាំងអស់បានទទួលបាននូវទស្សនៈថ្មីៗពីដំណើរទស្សនកិច្ចទៅកាន់អង្គការ និងស្ថាប័នសំខាន់ៗដែលពាក់ព័ន្ធនឹងការច្នៃប្រឌិតក្នុងវិស័យសុខាភិបាល សន្តិសុខស្បៀង និរន្តរភាព និងបរិវត្តកម្មឌីជីថលជាដើម។ តួយ៉ាង នៅក្នុង​ប្រទេស​សិង្ហបុរី ពួកគេបានទៅទស្សនកិច្ច​ស្ថាប័នធំៗចំនួន ៥ រួមមាន៖

១. មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតផ្នែកថែទាំសុខភាព ដែលជាស្ថាប័នធ្វើការលើរឿងជំរុញការផ្លាស់ប្តូរ និងកែលម្អវិធីថែទាំសុខភាពតាមរយៈការច្នៃប្រឌិតរួមគ្នា និងគំនិតក្នុងភាពជាអ្នកដឹកនាំ។

២. ក្រុមហ៊ុន Comcrop ដែលជាក្រុមហ៊ុនកសិកម្មលើដំបូលដំបូងគេបង្អស់របស់ប្រទេសសិង្ហបុរី។

៣. មន្ទីរពិសោធន៍រស់នៅប្រកបដោយនិរន្តរភាព (SL2) ដែលជាមន្ទីរពិគ្រោះយោបល់ និងគំនិតច្នៃប្រឌិត ដោយផ្តោតលើនិរន្តរភាព និងបច្ចេកវិទ្យា។

៤. សហគមន៍ Repair Kopitiam ដែលជាគម្រោងបង្កើតឡើងដោយ SL2 ដើម្បីបង្រៀនវិធីងាយៗក្នុងការជួសជុលរបស់របរប្រើប្រាស់ក្នុងផ្ទះដើម្បីកាត់បន្ថយកាកសំណល់។

៥. ក្រុមហ៊ុន Changi Airport Group ជាក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះឆាងហ្គី (Changi Airport) នៅប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់មួយនៅអាស៊ី។

កញ្ញា ពេញលក្ខ ចន្ទ យុវនារីមកពី​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា “ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី ខ្ញុំ​បាន​ឃើញ​ប្រទេស​នេះ​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​របស់​អាស៊ាន។ ជំនួសឱ្យការដែលគ្រាន់តែចម្លងគំរូជោគជ័យ ពួកយើងត្រូវបាន​ចោទសួរនូវសំណួរបែបស៊ីជម្រៅសំខាន់ៗ ដោយ​ផ្តោត​លើ​ដំណើរ​ការ​នៃ​ការ​កំណត់​បញ្ហា និងការស្វែងរកដំណោះស្រាយសមស្របសម្រាប់សហគមន៍រៀងៗខ្លួន”។

សមាជិកយុវជន AYF 2023 ទៅទស្សនកិច្ចផ្ទះកញ្ចក់ hydroponic នៅ Comcrop ដែលជាក្រុមហ៊ុនកសិកម្មលើដំបូលពាណិជ្ជកម្មដំបូងគេរបស់ប្រទេសសិង្ហបុរី។

លោក អុប្ផាខន គូផូខាំ (Ophakorn Kouphokham) យុវជនមកពីប្រទេសឡាវបាននិយាយថា “ដំណើរ​ទស្សនកិច្ច​នេះ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​សម្រាប់​អ្នក​គ្រប់​គ្នាឱ្យមាន​គោលដៅ​រួមមួយ។ គោលការណ៍នេះបានជួយអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ​មកពី​គ្រប់​វិស័យ​ធ្វើការ​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម។ សិង្ហបុរីបានបង្ហាញពីសមត្ថភាពខ្លាំងក្នុងការធ្វើកិច្ចការនេះ និងបានរួមបញ្ចូលគោលការណ៍និរន្តរភាពទៅក្នុងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនផងដែរ”។

ដោយឡែក នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមយុវជនអាស៊ានទាំង ៤០នាក់ ក៏បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិហាណូយ ដើម្បីសិក្សាស្វែងយល់អំពីរបៀបដែលមជ្ឈមណ្ឌលនេះ អាចជួយដល់អាជីវកម្មបង្កើតថ្មី និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម។ លើសពីនេះ ពួកគេក៏បានទៅទស្សនកិច្ច​សហគ្រាស កូតូ (KOTO) ដែលជាសហគ្រាសសង្គមដែលផ្តល់ការបណ្តុះបណ្តាល​ផ្នែកបដិសណ្ឋារកិច្ច​ដល់យុវជន​ក្រីក្រនៅ​ប្រទេស​វៀតណាម។

លោក អង់តូនី ស៊ីម៉ូន (Antony Simon) យុវជនមកពីប្រទេសឥណ្ឌូណេស៊ី បានចែករំលែកការយល់ថា “ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់យើងនៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិហាណូយ ពួកយើងបានសិក្សាអំពី​វិធានការណ៍​ដើម្បីជំរុញការបង្កើតថ្មី​នៅវៀតណាម។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើលនៅពេលដែល​បាន​ឃើញ​ថា អ្វីដែលវៀតណាមកំពុងធ្វើ គឺ​ស្រដៀង​នឹង​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ដូច្នេះ វាបានធ្វើ​ឱ្យ​ខ្ញុំ​យល់ឃើញ​ថា យើង​មាន​ឱកាស​ច្រើនសម្រាប់​ការ​សហការ​គ្នា ​ជា​ជាង​ការ​ប្រកួត​ប្រជែង”។

លោក ដារ៉េន ឡាយឆៃអេន (Darren Lai Chai En) យុវជន​មក​ពី​ប្រទេស​ម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា “ដោយមើលឃើញពី​ការលះបង់​យ៉ាងមុតមាំរបស់លោក ជីមី ហ្វាម (Jimmy Pham) ដែលជាស្ថាបនិករបស់សហគ្រាស កូតូ (KOTO) នៅប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរជីវិតតាមរយៈសហគ្រាសសង្គមមួយនេះ បានជួយបំផុសគំនិតរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំជឿជាក់ថា គោលការណ៍ "ដឹងមួយ បង្រៀនមួយ" (“Know One, Teach One”) អាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានមួយ។ ខ្ញុំនឹងណែនាំកម្មវិធីស្រដៀងគ្នានេះនៅក្នុងរដ្ឋចូហូ (Johor) ប្រទេសម៉ាឡេស៊ី និងប្រទេសអាស៊ានផ្សេងទៀត”។

អ្នកស្រី ជីន តាន (Jean Tan) នាយកប្រតិបត្តិនៃអង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) បានមានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកដឹកនាំវ័យក្មេង ក្រុមយុវជនអាស៊ានអាចផ្តល់នូវទស្សនៈ និងការយល់ឃើញថ្មីៗ ក៏ដូចជាការធ្វើការរួមគ្នា ស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញអាស៊ានឱ្យឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ”។

សមាជិកយុវជន AYF 2023 រៀនធ្វើកាហ្វេពងទាវៀតណាមនៅ Know One Teach One (KOTO) ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ KOTO គឺជាសហគ្រាសសង្គមដែលជួយយុវជនដែលមានហានិភ័យ និងជួបការលំបាកក្នុងប្រទេសវៀតណាម តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច។

លោក ដេវីដ ឆួ (David Chua) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី បានលើកឡើងថា “កម្មវិធីអាហារូបករណ៍យុវជនអាស៊ានបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហការ និងការរីកចម្រើនក្នុងចំណោមមេដឹកនាំវ័យក្មេងឆ្លងព្រំដែន។ ដោយសារតែការកើនឡើងនៃអស្ថិរភាព និងភាពតានតឹងជាសកល វាជារឿងសំខាន់ណាស់សម្រាប់យុវជន ក្នុងការស្វែងយល់អំពីសារៈសំខាន់នៃយុទ្ធសាស្ត្ររក្សាសន្តិភាព និងស្ថិរភាព ដើម្បី​ឲ្យ​តំបន់​មាន​ភាព​រីក​ចម្រើនជាមួយគ្នា”។

កញ្ញា ចូលី ង្វៀន (Jolly Nguyen) យុវនារីមកពីប្រទេសវៀតណាមបានបញ្ជាក់ថា “កម្មវិធីអាហារូបករណ៍យុវជនអាស៊ានបានពង្រីកការយល់ដឹងរបស់ខ្ញុំអំពីវិស័យនិរន្តរភាព និងរបៀបដែលវាអាចផ្សារភ្ជាប់ជាមួយវិស័យផ្សេងទៀតនៅក្នុងអាស៊ានទាំងមូល”។

ក្នុងនាមជាស្ថាបនិក និងជាអគ្គនាយកសហគ្រាស EVOL Vietnam ដែលជាសហគ្រាសសង្គមផ្តោតលើការយល់ដឹងអំពីប្លាស្ទិកនៅក្នុងសមុទ្រ កញ្ញាក៏បានណែនាំដល់សហគ្រិនស្ត្រីវ័យក្មេងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរថា “ចំណេះដឹងដែលទទួលបានពីដំណើរទស្សនៈកិច្ច ការពិភាក្សាជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយយុវជនអាស៊ានជាច្រើន ជាពិសេសអតីតនិស្សិតនៅក្នុងកម្មវិធីអាហារូបករណ៍យុវជនអាស៊ាន នឹងផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនដែលមានខ្ញុំជាគ្រូដឹកនាំផងដែរ”។

កញ្ញា ដេឡេន ហ្វ៊ូវៃអេន (Delane Foo Wei En) យុវនារីមកពីប្រទេសសិង្ហបុរី បានលើកឡើងថា “កម្មវិធីអាហារូបករណ៍យុវជនអាស៊ានកំពុងប្រមូលផ្ដុំនាំមេដឹកនាំអាស៊ានវ័យក្មេង រួមគ្នាដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើតទំនាក់ទំនងតាមរយៈការចែករំលែកបទពិសោធន៍។ ទាំងនេះគឺជាការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការយល់ដឹងពីគ្នា និងការសហការគ្នានៅក្នុងការងារ និងជីវិតរបស់យើង។ វាក៏ជាការរំឭកយើងឱ្យចេះរួបរួមគ្នាក្នុងគោលបំណង និងស្មារតីសាមគ្គី បើទោះបីជាយើងមានភាពខុសៗគ្នាក្នុងតំបន់ក៏ដោយ”។

SIF Connects! Hanoi មានការចូលរួមពីភ្ញៀវជាង ១៥០នាក់ ដែលតំណាងឱ្យប្រទេសចំនួន ១១។ ក្នុងឱកាសនោះ សមាជិកសហគមន៍ការទូត មិត្តសិង្ហបូរី និងប្រជាជនសឹង្ហបុរីដែលមានមូលដ្ឋាននៅទីក្រុងហាណូយបានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមិត្តចាស់ និងបង្កើតមិត្តថ្មី។

អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) បានប្រារព្ធខួប ២៩ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅឯកម្មវិធី SIF Connects! នាទីក្រុងហាណូយ

យុវជនអាស៊ានទាំងអស់ក៏បានចូលរួមកម្មវិធី SIF Connects! នាទីក្រុងហាណូយផងដែរ ដែលកម្មវិធីនេះគឺជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ និងបន្តទំនាក់ទំនងជាមួយអតីតយុវជនមកពីកម្មវិធីយុវជនអាស៊ានទាំងអស់ និងយុវជនដែលមកពីកម្មវិធីមិត្តរបស់សិង្ហបុរី (FOS) ក្នុងនោះ សមាជិកជាង ១៥០ នាក់មកពីសហគមន៍ការទូត កម្មវិធីមិត្តរបស់សិង្ហបុរី និងប្រជាជនសិង្ហបុរីជាច្រើនដែលរស់នៅក្នុងទីក្រុងហាណូយផ្ទាល់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលបានធ្វើនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កញ្ញា ហុង ថៃលី (Hoang Thai Ly) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្មនៅ​ទីក្រុងហាណូយបានយល់ឃើញថា “វាមានរយៈពេលមួយឆ្នាំហើយចាប់តាំងពីខ្ញុំបានចូលរួមកម្មវិធីសិល្បៈដើម្បីភាពចម្រើនរបស់អង្គការមូលនិធិអន្តរជាតិសិង្ហ (A4G) ក្នុងឆ្នាំ២០២២។ វាពិតជាល្អណាស់ដែលបានជួបជុំមិត្តភក្ដិចាស់ៗពីជំនាន់របស់ខ្ញុំ និងរាប់អានមិត្តភក្ដិថ្មីនៅជំនាន់ក្រោយនៅក្នុងកម្មវិធីរបស់អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) នេះ”។

កញ្ញា យ៉េន ទ្រិញ (Yen Trinh) នាយកគ្រប់គ្រងទូទៅនៃសហគ្រាស ការូណា វៀតណាម (Karuna Vietnam) បានរៀបរាប់ថា “កម្មវិធី SIF Connects! នៅទីក្រុងហាណូយគឺជាឱកាសដ៏ល្អមួយដើម្បីជួបជាមួយអតីតនិស្សិតសហគ្រិនសង្គមវ័យក្មេង (YSE) ហើយបានស្វែងយល់អំពីការរីកចម្រើនរបស់ពួកគេ។ ខ្ញុំ​ក៏​មាន​ឱកាស​បាន​ជួប​មិត្ត​ភក្តិ​ថ្មីៗ​ដែល​មាន​ក្តី​សង្ឃឹម​ដូចគ្នា​សម្រាប់​ពិភព​លោក​ដ៏​ល្អ​ប្រសើរ និង​ចែករំលែក​អំពីបទពិសោធ​សហគ្រាស​សង្គម​របស់​ខ្ញុំ​ជាមួយ​ពួកគេទាំងអស់គ្នាផងដែរ”។ គួរដឹងដែរថា សហគ្រាសការូណា វៀតណាម ដែលជាសហគ្រាសសង្គមដែលមានឯកទេសខាងផលិតផលដែលទាក់ទងនឹងឃ្មុំប្រកបដោយនិរន្តរភាព ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីសហគ្រិនសង្គមវ័យក្មេងសកល (YSE Global) របស់អង្គការមូលនិធិអន្តរជាតិសិង្ហក្នុងឆ្នាំ២០២២ ផងដែរ។

គួរដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៤ អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងសហគមន៍វៀតណាមបានធ្វើការរួមគ្នាលើការអនុវត្តគម្រោងជាង ១០០ គម្រោងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងនៅទូទាំងតំបន់អាស៊ីទាំងមូល។ គម្រោងទាំងអស់នោះគ្របដណ្តប់ទៅលើវិស័យដូចជា វិស័យសុខាភិបាល វិស័យអប់រំ សហគ្រិនភាពសង្គម និងសិល្បៈនិងវប្បធម៌។

គួររំឭកថា ដោយសារតែការជំរុញកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំរបស់​អង្គការមូលនិធិអន្តរជាតិ​សិង្ហបុរី (SIF) បានទទួលមេដាយសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិនានាកាលពីឆ្នាំ២០២២ ពីសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) ទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបញ្ហាចលាចលនយោបាយ កំពុងគំរាមកំហែងធ្ងន់ធ្ងរអ្វីខ្លះ ដល់សេដ្ឋកិច្ចប្រទេសបង់ក្លាដែស?

ព័ត៌មាន
ភាពចលាចលនយោបាយ ដែលកំពុងតែរាលដាលនៅប្រទេសបង់ក្លាដែស កំពុងតែគំរាមកំហែងដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ ខណៈដែលក្រុមប្រឆាំងបានបង្កើនកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ