បង់ក្លាដេស-ចិន

បង់ក្លាដេសចង់ទូទាត់ពាណិជ្ជកម្មជាប្រាក់យ័នរបស់ចិន ស្របពេលប្រាក់ដុល្លារឡើងថ្លៃ និងបារម្ភពីការធ្លាក់ចុះទុនបម្រុងបរទេស


ស្ថិតក្នុងស្ថានភាពគំរាមកំហែងដោយប្រាក់ដុល្លារឡើងថ្លៃខ្ពស់ និងបារម្ភថា ទុនបម្រុងបរទេសនឹងបន្តថយចុះថែមទៀត ប្រទេសបង់ក្លាដេស ចង់ប្តូរការទូទាត់ពាណិជ្ជកម្មរបស់ខ្លួនពីប្រាក់ដុល្លារ ទៅ ជារូបិយបណ្ណដទៃជំនួសវិញ ដោយក្នុងនោះប្រាក់យ័នរបស់ចិនក៏ជាស្ថិតក្នុងផែនការអាទិភាពរបស់បង់ក្លាដេសសម្រាប់យកមកជំនួសប្រតិបត្តិការទូទាត់អន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
បង់ក្លាដេសចង់ទូទាត់ពាណិជ្ជកម្មជាប្រាក់យ័នចិនជំនួសឱ្យប្រាក់ដុល្លារ!

ដំបូងឡើយកាលពីពាក់កណ្តាលខែកញ្ញា ធនាគារកណ្តាលបង់ក្លាដែស បានឱ្យដឹងថា គេនឹងអនុញ្ញាតឱ្យធនាគារពាណិជ្ជ អាចចាប់ផ្តើមធ្វើប្រតិបត្តិការទូទាត់ ជាប្រាក់យ័នសម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិនបាន។

របាយការណ៍ប្រចាំឆ្នាំបង្ហាញថា ការនាំចូលរបស់បង់ក្លាដេសពីប្រទេសចិន មានទឹកប្រាក់ចន្លោះពី១៥ទៅ១៦ពាន់លានដុល្លារ ខណៈការនាំចេញទៅប្រទេសចិនវិញ មានទឹកប្រាក់សរុបជាង១ពាន់លានដុល្លារ។ ទោះយ៉ាងណា បើតាមការអះអាងពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសបង់ក្លាដេស ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងមួយឆ្នាំបានកើនដល់ ២៥ពាន់លានដុល្លាររួចហើយ។

បើតាមអ្នកជំនាញ ទំហំពាណិជ្ជកម្មប៉ុននេះ ការប្រើប្រាស់ប្រាក់យ័នអាចទូទាត់បានដល់១០%នៃវិស័យនាំចូលទាំងមូល ដែលវាជាការកាត់បន្ថយការពឹងផ្អែកដ៏ធំមួយទៅលើប្រាក់ដុល្លារអាមេរិក។ អ្នកជំនាញមកពី សភាពាណិជ្ជកម្ម និងឧស្សាហកម្មចិន-បង់ក្លាដេស និយាយថា ការបន្ថែមប្រាក់យ័ន ជារូបិយប័ណ្ណសម្រាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន គឺជាជំហានដ៏មានប្រយោជន៍ ដែលបង់ក្លាដេសបានទាមទារជាយូរមកហើយ។ ប្រកានេះនឹងកាត់បន្ថយ ការខាតបង់អត្រាការប្រាក់ តាមរយៈកាផ្លាស់ប្តូររូបិយបណ្ណទៅជាប្រាក់ដុល្លារ។

យ៉ាងណាក៏ដោយ បញ្ហាគឺនៅត្រង់ថា ចំនួនប្រាក់យ័ននៅក្នុងប្រទេសបង់ក្លាដេស អាចមានមិនគ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់។ ចំពោះបញ្ហានេះ អ្នកជំនាញបានផ្តល់យោបល់ថា ប្រាក់កម្ចី និងការវិនិយោគរបស់ចិននាពេលអនាគតនៅក្នុងបង់ក្លាដែស ក៏អាចត្រូវបានធ្វើឡើងជាប្រាក់យ័នផងដែរ ដើម្បីបង្កើនបរិមាណរូបិយប័ណ្ណមួយនេះ។

គួរជម្រាបថា ចាប់តាំងពីមានសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមក ប្រាក់តាកាដែលជារូបិយបណ្ណបង់ក្លាដសបានបាត់បង់តម្លៃជិត ២៥% នៃតម្លៃរបស់វាធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប្រការនេះធ្វើឱ្យតម្លៃនៃការនាំចូលកើនខ្ពស់ជាងមុន ខណៈអតិផរណានៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់លើស ៧%។

មែនទែនទៅសេដ្ឋកិច្ចបង់ក្លាដេស មិនសូវជាល្អប៉ុន្មានដែរ ពិសេសទុនបម្រុងបរទេសផ្តើមធ្លាក់ចុះ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១មកម្ល៉េះ។ ទុនបម្រុងប្រទេសនេះធ្លាប់មានចំនួន ៤៨ពាន់លានដុល្លារនៅក្នុងខែសីហាឆ្នាំ២០២១ តែក្រោយមកធ្លាក់មកនៅសល់ប្រមាណ ៣៧ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងខែកក្កដាឆ្នាំនេះ។ ចំនួននេះអាចអនុញ្ញាតឱ្យបង់ក្លាដេស ទូទាត់ការនាំចូលបានសម្រាប់រយៈពេល ៥ខែទៅមុខទៀត។

ប្រការនេះត្រូវបង្ខំចិត្តឱ្យរដ្ឋាភិបាលទីក្រុងដាកា កាត់បន្ថយការនាំចូលទំនិញណា ដែលមិនចាំបាច់ និងកាត់បន្ថយការចំណាយទូទៅផងដែរ រួមមានការកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសដោយមន្ត្រីរបស់ខ្លួន។ បង់ក្លាដេសក៏កំពុងស្វែងរកប្រាក់កម្ចី ៤ពាន់៥រយលានដុល្លារពី IMF, ជាង១ពាន់៥រយលានដុល្លារ ពីធនាគារពិភពលោក និងកម្ចីមួយចំនួនទៀតពីដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគី។

សូមជម្រាបថា ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរកំពុងសម្លឹងមើលដំណោះស្រាយរូបិយប័ណ្ណ ក្រៅតែពីគម្រោងទូទាត់ជាប្រាក់យ័នក្នុងពាណិជ្ជកម្មជាមួយប្រទេសចិន។ ទីក្រុងដាកា កំពុងពិចារណាលើការនាំចូលប្រេងឥន្ធនៈតម្លៃថោកពីរុស្ស៊ី ជាមួយនឹងការទូទាត់រវាងរូបិយបណ្ណរបស់ខ្លួន ជាមួយនឹងរូបិយបណ្ណរូប្លរបស់រុស្ស៊ី។ ក្រៅពីនោះ បង់ក្លាដេសក៏កំពុងពិភាក្សាអំពីអនាគតនៃពាណិជ្ជកម្មជាមួយឥណ្ឌា ដោយទូទាត់ជាប្រាក់រូពីឥណ្ឌាផងដែរ៕




អត្ថបទបន្ទាប់


អឺរ៉ុបស៊ើបអង្កេតពីការវាយប្រហារបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ដែលបង្ហូរឧស្ម័នទៅកាន់តំបន់អឺរ៉ុប

ព័ត៌មាន
ប្រទេសអឺរ៉ុបកំពុងស៊ើបអង្កេតនូវអ្វីដែលប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែតបាននិយាយថា គឺជាការវាយប្រហារដែលបានបណ្តាលឱ្យមានការលេចធ្លាយឧស្ម័…

IMF រិះគន់ចំៗលើគោលនយោបាយសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ចំពេលស្ថានភាពហិរញ្ញវត្ថុកំពុងវឹកវរ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់ជាចំហលើយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃទី ២៧ ខែកញ្ញា បន្ទាប់ពីការមានធ្លាក់ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ