ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ

ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ សម្រាប់ការធ្វើដំណើរកម្សាន្ដអំឡុងឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មី


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន៥,១៧៥,៧៥៤នាក់ ក្នុងនោះមានភ្ញៀវជាតិ៥,១៤០,៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,២៥៩នាក់។ ខេត្តបាត់ដំបងបានជាប់កំពូលតារាង ជាខេត្តដែលមានទេសចរទៅលេងកម្សាន្ដច្រើនជាងគេ រហូតដល់ទៅ ជាង៦៥ម៉ឺននាក់។
ភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នៅខេត្តបាត់ដំបង រូបភាព៖ មន្ទីរទេសចរខេត្តបាត់ដំបង

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺននាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖

* ខេត្តបាត់ដំបង ៦៥៣,៨៩៦នាក់

* ខេត្តកំពង់ចាម ៥៤១,៩០០នាក់

* ខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់

* ខេត្តសៀមរាប ៤៥៥,៩៨៤នាក់

* ខេត្តព្រៃវែង ៣៩៦,៣២៨នាក់

* ខេត្តកំពង់ស្ពឺ ៣៤៥,០១៨នាក់

* ខេត្តពោធិ៍សាត់ ៣៣៨,៩១៦នាក់

* ខេត្តកំពង់ឆ្នាំង ៣០០,៥៦១នាក់

* ខេត្តកំពត ២៨៤,៨៩៣នាក់

* ខេត្តព្រះសីហនុ ២៦៤,៣០៨នាក់

* រាជធានីភ្នំពេញ ២៤០,៤៦០នាក់ ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញ បានទទួលការកក់ពេញស្ទើរ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលមានវិបត្តិកូវីដ១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។ 

ចំពោះវិស័យឯកជនបានសម្ដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។

ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើនបានជ្រើសជម្រើសមិនពាក់ម៉ាស់។ ក្នុងន័យនេះ តាមការស្ទង់មតិ និងសង្កេតជាក់ស្តែងមិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លងជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯងនៅផ្ទះបានដែរ។

ជាមូយគ្នានេះ ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងពេលចូលឆ្នាំ៣ថ្ងៃ ឯកឧត្តមរដ្ឋមន្ត្រីឱ្យផ្នែកជំនាញសេដ្ឋកិច្ចទេសចរណ៍បូកសរុបរាយការណ៍ ហើយនឹងបញ្ជាក់តាមក្រោយ។ ប៉ុន្តែតាមការសាកសួរ និងស្ទង់មតិបឋមចំពោះគ្រួសារមួយដែលមានគ្នា៥នាក់ ហើយធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង៥០០ដុល្លារទេ (គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ ចាក់សាំង រួមទាំងការទិញទំនិញផ្សេងៗរៀបចំរណ្តាប់បង្សុកូល និងចង្ហាន់ទៅវត្តផង)៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ប្រារព្ធសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយរីករាយ និងអធិកអធម!

ព័ត៌មាន
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានប្រារព្ធឡើង យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីតាំងស្នាក់ការក…

ក្រុមនិស្សិតឆ្នើម៤រូបបានឈ្នះការប្រកួតថ្នាក់ជាតិ SmartStart Unipreneur Learning Platform Hackathon រួចបានឱកាសដំណើរសិក្សាបច្ចេកវិទ្យាទៅសិង្ហបុរី

ព័ត៌មាន
ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ទូទាំងប្រទេសកម្ពុជា ក្រុម «វេលា» ដែលមានសមាជិក៤ នាក់មកពីសាកលវិទ្យាល័យពុទ្ធិសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ