ភូមិសាស្ត្រនយោបាយ

ក្រុមអ្នកវិភាគអន្តរជាតិថា កុំសូវជឿពេករឿងលោកចូបៃឌិនថា «អាមេរិកនឹងចូលជួយតៃវ៉ាន់បើចិនវាយប្រហារ»


ទីក្រុងប៉េកាំង និងតៃប៉ិ មិនគួរយកចិត្តទុកដាក់ ឬជឿជាក់ខ្លាំងពេកនោះទេ ចំពោះការលើកឡើងចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលថា សហរដ្ឋអាមេរិកនឹងមានឆន្ទៈក្នុងការប្រើប្រាស់កម្លាំងចូលមកការពារកោះតៃវ៉ាន់ ប្រឆាំងនឹងការវាយប្រហារពីទីក្រុងប៉េកាំងនោះ។ នេះបើយោងតាមការអះអាងពីក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយអន្តរជាតិ ដែលត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
អ្នកវិភាគថាកុំឲ្យចិននិងតៃវ៉ាន់យកចិត្តទុកដាក់សំដីលោកបៃឌិនពេក!
ដោយ

ការនិយាយបែបនេះពីក្រុមអ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អំឡុងដំណើរទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍នេះបានព្រលយសំដីថា អាមេរិក​នឹង​ចូល​ជួយកោះ​តៃវ៉ាន់ ​ប្រសិនបើ​​មានការ​វាយប្រហារ​​ពី​សំណាក់ប្រទេស​ចិនមែននោះ។

ប្រមុខដឹកនាំក្រុងវ៉ាស៊ីនតោន​បាននិយាយដូច្នេះថា៖ អាមេរិក​នៅតែ​ប្រកាន់​យក​នូវ​នយោបាយ ចិនតែមួយដដែល ដោយ​មិនមាន​​អ្វីផ្លាស់ប្តូរនោះទេ ពោលគឺ អាមេរិក​នៅតែ​ទទួល​ស្គាល់ថា រដ្ឋាភិបាល​​ក្រុងប៉េកាំង​ គឺ​ជារដ្ឋាភិបាល​​ស្របច្បាប់​​តែមួយគត់ ដែលតំណាង​ឲ្យ​ប្រទេស​​ចិន​​ទាំងមូល។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​បៃឌិន​​ក៏​បាន​លើកឡើង​ផងដែរ​ថា ការវាយយកកោះ​តៃវ៉ាន់​​ដោយ​ប្រើ​​កម្លាំងទ័ព គឺ​ជា​រឿង​​មិន​ត្រឹមត្រូវ ដែល​អាច​នឹង​បង្ក​នូវ​ផលវិបាក​​ខាងផ្នែក​​សន្តិសុខ នៅ​ក្នុង​តំបន់​​ទាំងមូល ហើយ​បង្កើត​ជា​បញ្ហាច្រើនលើស​ពីសង្គ្រាម ​ដូចអ្វី​ដែល​កើតឡើង នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​​បច្ចុប្បន្នអ៊ីចឹងដែរ។

ទោះយ៉ាងណា គ្រានោះលោកបៃឌិន ក៏បានថយក្រោយ​មួយជំហានវិញ ដោយនិយាយថា លោកមិនជឿថា ព្រឹត្តិការណ៍បែបនេះ​នឹងអាចកើតមាននោះទេ។ ក្នុងន័យនេះ​លោកបៃឌិន ចង់និយាយថា លោកមិនជឿថា ចិនពិតជាអាចបើកឆាកប្រយុទ្ធ​វាយយក​តៃវ៉ាន់ដោយប្រើកម្លាំងឡើយ។

ក្រោយការថ្លែង​របស់ប្រធានាធិបតីរូប​នេះ សេតវិមាន និងមន្ទីរបញ្ជកោណអាមេរិក បានចេញមកបកស្រាយថា ការថ្លែងសាររបស់លោកចូបៃឌិន​ទាំងលើកចុងក្រោយនេះ និងពេលកន្លងមក មិនបានឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរគោល​នយោបាយការបរទេស​របស់អាមេរិកទេ។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតៃប៉ិ បានថ្លែងអំណរគុណ​ដល់​លោកបៃឌិន ដែលបានបញ្ជាក់ជាថ្មី​នូវការគាំទ្រ​របស់សហរដ្ឋអាមេរិក​ចំពោះកោះមួយនេះ។ ដោយឡែកទីក្រុងប៉េកាំងឯណោះវិញ បានហៅ និងព្រមានការថ្លែង​របស់លោកបៃឌិន ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​របស់ប្រទេសចិន។

ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគបានធ្វើការប្រមើលមើល​ថា លោកបៃឌិន ច្បាស់ជាមិនចង់ឃើញ​ជម្លោះ ឬការប្រើប្រាស់​កម្លាំងយោធា នៅច្រកសមុទ្រតៃវ៉ាន់នោះទេ។ អ្នកវិភាគជឿថា ការថ្លែងរបស់​លោកចូ​ បៃឌិនលើកនេះ ទំនងជាការបកស្រាយ​ជ្រុលមាត់​មួយពេល ប៉ុន្តែក្នុងន័យចង់ព្រមានដល់​ទីក្រុងប៉េកាំង​កុំឱ្យវាយ​ប្រហារ​តៃវ៉ាន់ឲ្យសោះ។

ជាចុងក្រោយអ្នកវិភាគយល់ថា ទាំងចិន និងទាំងតៃវ៉ាន់​មិនគួរយកចិត្តទុក​ដាក់​នឹងសំដី​របស់លោក​បៃឌិនពេកទេ។ កុំយកចិត្តទុកដាក់ពេក ក៏ដោយសារតែការចូលជួយ​កោះតៃវ៉ាន់​របស់​អាមេរិក មិនប្រាកដថា អាមេរិកនឹងបញ្ជូនទ័ព​មកដោយផ្ទាល់នោះទេ។ អាមេរិកអាចត្រឹមតែបញ្ជូនសព្វាវុធ ផ្តល់ការសំងាត់ និងព័ត៌មានសំខាន់ៗ​ប៉ុណ្ណោះ ដូចអ្វីដែលគេកំពុងធ្វើក្នុងសង្គ្រាមនៅអ៊ុយក្រែនអ៊ីចឹងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន និងកូរ៉េខាងត្បូងប្រតិកម្មខ្លាំងៗក្រោយយន្តហោះចម្បាំងចិន និងរុស្ស៊ីហោះរួមគ្នាក្បែរដែនដីរបស់ខ្លួន

ព័ត៌មាន
យោធាកូរ៉េខាងត្បូង និងជប៉ុនបានសម្តែងការមិនពេញចិត្តព្រមៗគ្នាទៅកាន់ប្រទេសចិន និងរុស្ស៊ី ក្រោយពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាច្រ…

ក្រុមអ្នកជំនាញ៖ វិធានការគាំពារនិយមជុំវិញវិបត្តិស្បៀងអាហារ អាចបង្កសង្គ្រាមពាណិជ្ជកម្មពាសពេញពិភពលោក

ព័ត៌មាន
មេដឹកនាំអាជីវកម្ម និងអ្នកបង្កើតគោលនយោបាយ ដែលបានប្រជុំពិភាក្សាគ្នានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសសប្ដាហ៍នេះ បាននិយាយថា វិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ