ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ

ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានជាង ៤៨ពាន់លានដុល្លារ កើនឡើង ១២% នៅ១១ខែឆ្នាំនេះ


នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៨ពាន់លានដុល្លារ មានការកើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង ២០ពាន់លានដុល្លារ កើនឡើង១៨% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត ២៧ពាន់លានដុល្លារ កើនឡើង៩% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានជាង ៤៨ពាន់លានដុល្លារ កើនឡើង ១២% នៅ១១ខែឆ្នាំនេះ

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ នៅរយៈពេល ១១ខែនេះ នៅតែអាចរក្សាបាននូវសញ្ញាណវិជ្ជមាន ជាពិសេសតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ប្រទេសចិន នៅតែជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជាង ១០ពាន់លានដុល្លារ កើនឡើង៦%។ រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជាង ៨ពាន់លានដុល្លារកើនឡើងជាង២១% បន្ទាប់ពីនេះ គឺវៀតណាម ប្រទេសថៃ និងសិង្ហបុរី។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានកត់សម្គាល់ដែរថា បើទោះបី ពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិសាកលជាបន្តបន្ទាប់ តែសេដ្ឋកិច្ចកម្ពុជា នៅតែអាចរក្សាបាននូវកំណើនវិជ្ជមាន ជាពិសេសទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា បានកើនឡើងគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ បណ្ឌិត ហុង វណ្ណៈ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសនានា ជាពិសេសទំហំពាណិជ្ជកម្មនឹងបន្តកើនឡើង នៅឆ្នាំបន្តបន្ទាប់ តាមរយៈការធ្វើកំណែទម្រង់លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកំណែទម្រង់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

របាយការណ៍ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅដើមខែធ្នូនេះ បានឲ្យដឹងថា ទីផ្សារចិន ដែលជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានោះ គឺនៅតែជាទិសដៅដ៏សំខាន់សម្រាប់ការនាំចេញមុខទំនិញកសិកម្មរបស់កម្ពុជា ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីខែមករាឆ្នាំ២០២២។ ប៉ុន្ដែ បើនិយាយពីទីផ្សារនាំចេញវិញ អាមេរិក គឺជាទីផ្សារនាំដ៏ធំបំផុតរបស់កម្ពុជា ដែលក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ ជាង៤០%ឯណោះ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា ហើយកំណើននាំចេញទៅទីផ្សារនេះ នៅតែមានភាពរឹងមាំ។ ធនាគារពិភពលោកបានសង្កត់ធ្ងន់ទៀតថា ទការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកក៏មានការធ្វើពិពិធកម្មជាងការនាំចេញទៅទីផ្សារសហភាពអឺរ៉ុបថែមទៀត។ តួយ៉ាង ការនាំចេញផលិតផលមិនមែនកាត់ដេរដូចជា ផលិតផលឈើ គ្រឿងសង្ហារឹម, គ្រឿងបន្លាស់យានយន្ដ និងអេឡិចត្រូនិក និងខ្សែភ្លើង រួមទាំងកង់ជាដើម កំពុងមានសម្ទុះនាំចេញទៅអាមេរិកកាន់តែច្រើនដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទំហំទឹកប្រាក់មានជាង ២០ពាន់លានដុល្លារអាមេរិក កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ដោយឡែក មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕




អត្ថបទបន្ទាប់


ចំណូលពន្ធដារសម្រេចបានជាង ៣,២ពាន់លានដុល្លារ កើនលើសផែនការប្រមាណ១៤% នៅ១១ខែ ឆ្នាំនេះ

ព័ត៌មាន
ទោះបីជាស្ថិតក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោកក្តី ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅឆ្ន…

កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីបំណុលពីបរទេសបន្ថែមជាង១,២ពាន់លានដុល្លារ កើនជិត៣០០% នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលកម្ចីសម្បទានពីប្រទេស និងដៃគូអភិវឌ្ឍន៍នានាជាង១ពាន់២រយលានដុល្លារអាមេរិកនៅ៩ខែឆ្នាំ២០២២ កើនឡើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ