កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន

FTA រវាងកម្ពុជា និងចិន នឹងជួយឲ្យមុខទំនិញកម្ពុជាជាង៣៤០មុខ អាចនាំទៅកាន់ទីផ្សារចិន


ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (FTA) នឹងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នៅពេលខាងមុខនេះ យ៉ាងហោចណាស់មុខទំនិញរបស់កម្ពុជាជាង ៣៤០ មុខ នឹងអាចនាំចេញចូលទៅកាន់ទីផ្សារចិន ដោយរួចពន្ធ ក្នុងនោះ ភាគច្រើនជាមុខទំនិញកសិកម្ម និងឧស្សាហកម្មកែច្នៃ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
សម្តេចហ៊ុនសែន(ខាងឆ្វេង) និង ប្រធានាធិបតីចិន ស៊ី ជីងពីង(ស្តាំ) រូបភាព៖AFP/Madoka Ikegami/Pool)

ក្នុងសន្និសីទ​សារព័ត៌មាន ស្ដីពី​លទ្ធផល​បញ្ចប់ នៃកិច្ច​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន  ​ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់ថា មុខទំនិញ​របស់កម្ពុជា​ដែលអាច​នាំចេញ​ទៅចិន​បាននៅ​ក្រោយកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ​ត្រូវបាន​ចុះហត្ថលេខា​ជាផ្លូវការ និងចូលជាធរមាននោះ គឺជាប្រភេទ​មុខទំនិញ​ក្នុងវិស័យ​កសិកម្ម និងប្រភេទ​មុខទំនិញនៅក្នុង​ឧស្សាហកម្ម​កែច្នៃ។

ឯកឧត្តម​អះអាង​បន្តទៀតថា អ្វីដែលប្រជាពលរដ្ឋ​ខ្មែរយើងត្រូវ​ត្រៀមនោះ គឺបង្កើន​ការដាំដុះ​ដំណាំ​គ្រប់ប្រភេទ​ដូចជា​ស្រូវ ម្រេច ពោត ដំឡូង ចេក ស្វាយ និង ការចិញ្ចឹម​សត្វផ្សេងៗ ដែលធ្វើ​យ៉ាងណា​ឲ្យកសិផល ក៏ដូចជា ផលិតផល​កែច្នៃ​ទាំងនោះ អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​នាំចេញ​តែប៉ុណ្ណោះ។

ឯកឧត្តមបន្តថា ក្នុងពេល​ជាមួយនេះ​កម្ពុជា​កំពុង​ចរចា​បន្តទៀត​លើមុខ​ទំនិញ​សំខាន់ៗ​ដែល​ជាប់ពន្ធ​ខ្លះៗ​មួយចំនួន​ដូចជា​អង្ករ កៅស៊ូ ថ្នាំជក់ ម្សៅធ្វើ​ពីពោតសំឡី និងស្ករស​ជាដើម ព្រោះមុខ​ទំនិញ​ប្រភេទ​នេះភាគ​ច្រើន​កន្លង​មកត្រូវ​បាន​នាំចេញ​លើសកូតា​ ដែលបាន​កំណត់ ព្រោះបើ​ទំនិញ​ណាដែល​នាំចេញ​លើស​កូតា គឺស្ថិតនៅ​ក្នុង​ប្រភេទ​មុខទំនិញ​នឹងត្រូវ​ជាប់ពន្ធខ្លះ។

ឯកឧត្តមបាន​បញ្ជាក់​ឲ្យដឹង​ទៀតថា ក្នុង​គោលដៅ​សំខាន់នៃ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា ចិន កម្ពុជា​សម្រេច​សម្រុត​ពន្ធនាំ​ចូល​មុខទំនិញ​ពីកម្ពុជា​ទៅចិន​បានច្រើន​ភាគរយ​ជាងចិន​នាំចូល​មក​កម្ពុជា ពោលគឺ​កម្ពុជា​បាន​សម្រុត​ពន្ធរហូត ៩០ភាគរយ​ទៅលើមុខ​ទំនិញ​របស់​កម្ពុជា​ប្រមាណ​ជា ១ម៉ឺនមុខ ខណៈ​មុខទំនិញ​របស់​ចិនបាន​សម្រុត​ពន្ធត្រឹម​៩៨ភាគរយ។

យ៉ាងណា​បើតាម​ឯកឧត្តម សុខ សុភ័ក្រ ដំណើរការ​នៃការ​ចុះហត្ថខា​មិនទាន់​កំណត់​ពេលណា​ជាក់​លាក់​នៅឡើយទេ ​ ប៉ុន្តែយ៉ាងណា ភាគីទាំងពីរ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយរង់ចាំ​តែពេលវេលា​សម​ស្រប​ប៉ុណ្ណោះ។

សូមជម្រាបថា កាលពីឆ្នាំ​២០១៩ កន្លង​ទៅកម្ពុជា​បានធ្វើការ​នាំចេញ​ទៅចិន​ជាមួយ​នឹងតម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​ ១ពាន់​លាន​ដុល្លារ ខណៈការ​នាំចូល​ពីចិន​មាន​រហូតជិត ៧ពាន់លាន​ដុល្លារ ក្នុងនោះ​ទំនិញ​ដែលនាំចូល​ពីចិនភាគ​ច្រើន​ជាមុខ​ទំនិញ​គ្រឿងចក្រ​ដែក រួមទាំង​វត្ថុធាតុ​ដើម​មួយ​ចំនួន ដែលបម្រើ​ដល់ឧស្សាហកម្ម​ផលិត​ក្នុងស្រុក​តែប៉ុណ្ណោះ។ ប៉ុន្តែបើគិត​ពីចរន្ត​នៃការនាំចេញ​របស់​កម្ពុជា​មានសន្ទុះ​កើន​ឡើងជាង ២៥ភាគរយ ខណៈចិនមាន​ចរន្ត​ត្រឹម ២៣ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា វៀតណាម និងថៃ កំពុងបង្កើនបំណុលសាធារណៈ ចំពេលមានវិបត្តិកូវីដ-១៩

ព័ត៌មាន
តាមរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះកម្រិតបំណុលសាធារណៈសកលជាមធ្យមអាចនឹងកើនឡើ…

ថៃកំពុងព្រួយចិត្ត​ ខ្លាចចិនក្លាយ​ជាដៃគូប្រជែងធំ ក្នុងការ​នាំចេញអង្ករនៅពេលអនាគត

ព័ត៌មាន
សមាគមអ្នកនាំចេញអង្ករថៃ បានបង្ហាញពីក្តីព្រួយបារម្ភថា ចិនអាចនឹងក្លាយជា អ្នកប្រកួតប្រជែងនាំចេញអង្ករដ៏ខ្លាំងមួយ នាពេលអនាគត ដោយចិនបានបង្កើនបរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ