Advertisement
ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ

ខេត្ត​-រាជ​ធានី​​បី​របស់​កម្ពុជា កំពុង​អង្រួន​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​


តំបន់​គោលដៅ​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​បី​កន្លែង​នៅ​កម្ពុជា​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​ សព្វ​ថ្ងៃ​នេះ កំពុង​តែ​ទាក់​ទាញ​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរ​ជាតិ​យ៉ាង​ខ្លាំង។ តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង​បី​នេះ កំពុង​តែ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ពុះ​កញ្ជ្រោល ជា​ពិសេស ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ។ ប្រការ​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​តម្លៃ​ដី​ធ្លី ផ្ទះ​សម្បែង នៅ​ក្នុង​តំបន់​ប៉ូល​ទាំង​បី​នោះ​ផង​ដែរ។
ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​ទាំង​បីរបស់​កម្ពុជា៖ ១. ភ្នំពេញ ២. សៀមរាប និង ៣. ព្រះសីហនុ។
ដោយ
Advertisement

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​តំបន់​បី ដែល​ជា​គោលដៅ​សេដ្ឋកិច្ច​ធំ​ជាង​គេ ទី១ រាជ​ធានី​ភ្នំពេញ ទី២ ខេត្ត​ព្រះសីហនុ និង​ទី៣ ខេត្ត​សៀមរាប។ គោលដៅ​ទាំង​បី​នេះ មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់​​សម្គាល់​​ទៅលើ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ​ខ្លាំង​ជាង​គេ​បង្អស់​នៅ​ពេល​នេះ។ 

​ក្នុង​​អត្ថបទ​នេះ សារព័ត៌មាន ខេមបូណូមីស សូម​លើក​យក​តែ​តំបន់​ប៉ូល​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម​នៅ​ខេត្ត​ព្រះសីហនុ មកលម្អិត​ជូន​មិត្ត​អ្នក​អាន​ប៉ុណ្ណោះ ដោយសារ​តែ​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​មួយ​នេះ កំពុង​តែ​អង្រួន​វិនិយោគិន​ជា​ច្រើន ជា​ពិសេស ​ចិន ឲ្យ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហនុ។

តំបន់​ប៉ូល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​កំពុង​ពុះ​កញ្ជ្រោល​ជាង​គេ!

នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​ប៉ូល​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ បាន​ក្លាយ​ជា​តំបន់​ទាក់ទាញ​វិនិយោគិន​ច្រើន​ជាង​គេ​បំផុត មក​ធ្វើការ​វិនិយោគ​ទៅ​លើ​សំណង់​អគារ​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ​ឧស្សាហកម្ម លំនៅដ្ឋាន រមណីយដ្ឋាន ដែល​ភាគ​ច្រើន​ វិនិយោគិន​មក​ពី​ប្រទេស​ចិន​បាន​ពពាក់​ពពូន​គ្នា​ទៅ​បោះ​ទីតាំង​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ។

សកម្មភាព​សាងសង់​អគារ​ស្កឹម​ស្កៃ​ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

តំបន់​ប៉ូល​សេដ្ឋកិច្ច​មួយ​នេះ មាន​សក្តានុពល​ទៅ​លើ​ពាណិជ្ជកម្ម ឧស្សាហកម្ម មាន​កំពង់ផែ​ទឹក​ជ្រៅ ងាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក និង​ជា​ប៉ូល​ដ៏​ទាក់ទាញ​បំផុត​សម្រាប់ទេសចរណ៍ ដែល​មាន​ឆ្នេរ​ខ្សាច់​ស្អាត និង​កោះ​តូច​ធំ​ជា​ច្រើន​ផង​ដែរ។ 

ដោយសារ​តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហនុ​ទាំង​មូល​ក្លាយ​ជា​តំបន់​ឧស្សាហ​កម្ម​គំរូ​របស់​ប្រទេស​កម្ពុជា ដែល​នឹង​យក​លំនាំ​តាម​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស «សេនចេន» របស់​ចិន ទើប​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្តា​វិនិយោគិន។ ខេត្ត​​ដែល​​ជាប់​សមុទ្រ​មួយ​នេះ មាន​អំណោយ​ផល​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​ធំ​ធេង​សម្រាប់​កម្ពុជា ក្នុង​ការ​ផ្សារ​ភ្ជាប់​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ទៅ​ក្នុង​តំបន់។

ហើយ​គម្រោង​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​​គំរូ​នៅ​ខេត្ត​ព្រះសីហនុ​មួយ​នេះ បាន​ដាក់​ចូល​ជា​ផែនការ​អាទិភាព​របស់​រដ្ឋាភិបាល​រួច​ហើយ ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥​-​២០២៥។  រដ្ឋាភិបាល​រំពឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ នឹង​រួម​ចំណែក​ជំរុញ​ប្រភេទ​ឧស្សាហ​កម្ម​នៅ​កម្ពុជា​កាន់​តែ​ចម្រុះ​ឡើង បន្ថែម​ពី​លើ​ប្រភេទ​​ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ​ដែល​មាន​ស្រាប់។

ខេត្ត​សៀមរាប គឺ​ជា​ប៉ូល​សេដ្ឋកិច្ចដែលមាន​សក្ដានុពល​ខ្លាំង​បំផុត​លើ​វិស័យ​ទេសចរណ៍។​
Advertisement

ឯកឧត្តម សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់​ឃើញ​ពី​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច ជាពិសេស បាន​ស្ញប់ស្ញែង​ពី​ការ​អនុវត្ត​យ៉ាង​ជោគ​ជ័យ​របស់​ប្រទេស​ចិន ដែល​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស សេនចេន ហើយ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហ​កម្ម​រីក​ចម្រើន​យ៉ាង​ខ្លាំង។ លោក​បន្ត​ថា​ ខេត្ត​​ព្រះ​សីហនុ​គឺ​ជា​ទីតាំងដែល​ល្អ​ឥត​ខ្ចោះ ដើម្បី​ឲ្យ​កម្ពុជា​អាច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​ជោគ​ជ័យ។ 

ក្រុម​​អ្នក​​ជំនាញ​​នៅ​​ក្នុង​​វិស័យ​​អចលន​ទ្រព្យ​កម្ពុជា លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​ឲ្យ​ដឹង​ថា មាន​បី​គោលដៅ​សំខាន់ៗ គឺ ភ្នំពេញ សៀមរាប និង​ព្រះសីហុន។ 

ហើយ ការ​អភិវឌ្ឍ​​របស់​រាជ​រដ្ឋាភិបាល​ទៅ​លើ​ប៉ូល​ទាំង​បី​នេះ គឺ​ជា​រឿង​ល្អ ពីព្រោះ​ប៉ូល​ទាំង​បី​នេះ​ជា​គោលដៅ​តំបន់​ទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហ​កម្ម​យ៉ាង​សំខាន់​ដែល​អាច​ឲ្យ​កម្ពុជា​ទទួល​បាន​ឱកាស​វិនិយោគ​ច្រើន និង សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត។ ប៉ុន្តែ អ្វី​ដែល​សំខាន់​លោក​ឧកញ៉ា នួន រិទ្ធី កត់​សម្គាល់​ខ្លាំង​ជាង​គេ​នោះ គឺ​មាន​ការ​វិនិយោគ​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​សុទ្ធ​តែ​វិនិយោគិន​មក​ពី​ប្រទេស​ចិន។

ខេត្ត​ព្រះសីហនុ មាន​សក្ដាពល​ខ្លាំង​ព្រោះ​មាន​ផែ​សមុទ្រ និង​តំបន់​ឆ្នេរ។

ជុំវិញ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ប៉ូល​ទាំង​៣​នេះ​ដែរ លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល បាន​អះអាង​ថា តំបន់​ទាំង​បី​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​អាច​នឹង​ទទួល​ប្រយោជន៍​បាន​ច្រើន​ពី​វា ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​តំបន់​ខេត្ត​ណា​មាន​ការ​អភិវឌ្ឍ​លឿន​ជាង​តំបន់​បី​ទីតាំង​នេះ​ទេ។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហនុ និង​សៀមរាប មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់ ពិសេស គឺ​សំណង់​អគារ​ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដូចជា សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ជាដើម។ 

តម្លៃ​ដីធ្លី​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង​បី ១​ម៉ែត្រ​ការ៉េ​ថ្លៃ​ប៉ុន្មាន?

ដោយសារ​តែ​មាន​ចលនា​នៃ​ការ​ទិញ​លក់ ជួល ដីធ្លី ​ផ្ទះ​សម្បែង​ច្រើន នៅ​ក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង​បី​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី កើន​ឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​វាយ​តម្លៃ​ដីធ្លី នៅ​ក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​ទាំង​បី៖

យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល ដែល​មាន​បទ​ពិសោធន៍​ផ្នែក​វាយ​តម្លៃ និង​បម្រើ​សេវាកម្ម​ជាង ២០​ឆ្នាំ​កន្លង​មក​នេះ បាន​បង្ហាញ​ថា តម្លៃ​ដីធ្លី បច្ចុប្បន្ន នៅ​រាជ​ធានី​ភ្នំពេញ តំបន់​ធ្វើពាណិជ្ជកម្ម ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ធំៗ​មាន​តម្លៃ​ចន្លោះ​ពី ៥០០០ ទៅ ៧០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​តំបន់​ធ្វើ​លំនៅដ្ឋាន​មាន​តំបន់​ទួល​ទំពូង និង​ទួលគោក មាន​តម្លៃ​ចន្លោះ​ពី ១​ពាន់​៥០០ ទៅ ២​ពាន់​៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​តំបន់​បឹងកេងកង មាន​តម្លៃ​ពី ៤ ទៅ ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ 

តម្លៃ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​សៀមរាប សម្រាប់​តំបន់​ធ្វើ​ពាណិជ្ជកម្ម តម្លៃ​ចន្លោះ​ពី ២០០០ ទៅ ៣០០០​ដុល្លារ និង​តំបន់​ធ្វើ​លំនៅដ្ឋាន តម្លៃ​ចន្លោះ​ពី ៥០០ ទៅ ៨០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ 

ដោយ​ឡែក​តម្លៃ​ដីធ្លី​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ បច្ចុប្នប្បន្ន តម្លៃ​ដី​ធ្លី​នៅ​តាម​តំបន់​ផ្លូវធំ ចន្លោះ​ពី ៧០០ ទៅ ២​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​តំបន់​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ តម្លៃ​ចន្លោះ​ពី ១​ពាន់​ដុល្លារ ទៅ ២​ពាន់​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រ​ការ៉េ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជា​អ្នក​រកស៊ី អ្នក​ត្រូវ​ដឹង​ពី​អតិថិជន​​ដែល​ពូកែ​រអ៊ូ​រទាំ​ទាំង​៥​ប្រភេទ!

ព័ត៌មាន
ការ​រអ៊ូ​រទាំ ត្អូញត្អែរ​របស់​អតិថិជន​គឺ​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​របស់​យើង។ មាន​ន័យ​ថា នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្ន...

បុរស​កូរ៉េ​ងាក​ទៅ«រើស»​ប្រពន្ធ​នៅវៀតណាម បន្ទាប់​ពីស្ងាត់​នៅ​ស្រុក​ខ្មែរ!

ព័ត៌មាន
ស្ត្រី​វៀតណាម​ក្មេងៗ ៦​នាក់​ ឈរ​តម្រង់​ជួរ​គ្នា​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដើម្បី​ឲ្យ​បុរស​កូរ៉េ​ជ្រើសរើស​យក​ធ្វើ​ប្រពន្ធ។ បើ​មាន​សំណាង នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ