ស្រូវអង្ករកម្ពុជា

សហព័ន្ធស្រូវអង្ករ ប្រាប់ពលរដ្ឋ “កុំភ័យរឿងអង្ករឡើងថ្លៃ” នៅអំឡុងពេលមាន Covid-19


សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ប្រាប់ពលរដ្ឋថា កុំឲ្យមានភាពភ័យបារម្ភចំពោះ រឿងអង្ករឡើងថ្លៃ នាអំឡុងពេលមានបញ្ហា Covid-19 ដែលជាហេតុនាំឲ្យមានជនឆ្លៀតឱកាសនិយមមួយចំនួន ឆ្លៀតដំឡើងថ្លៃអង្ករ។ សហព័ន្ធឲ្យដឹងទៀតថា បច្ចុប្បន្ន បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជានៅទូទាំងប្រទេស លើទីតាំងចំនួនជាង ៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។
ការនាំចេញស្រូវកម្ពុជា
ដោយ

សហព័ន្ធស្រូវអង្ករ​អះអាង​យ៉ាងដូច្នេះ បន្ទាប់ពីបាន​អង្កេតមើលឃើញថា មានការផ្សព្វផ្សាយ​​ព័ត៌មាន​នៃការរីករាលដាលនៃជម្ងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជា ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបាន​ឱកាសនេះ ដើម្បី​ឆ្លៀត​ដំឡើង ថ្លៃអង្ករ។

ដើម្បីដោះស្រាយកង្វល់ និងទប់ស្កាត់ស្ថានការណ៍ពីជនឆក់ឱកាសនិយមដំឡើងថ្លៃអង្ករនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម នឹងបើកលក់អង្ករតាមកាលបរិច្ឆេទ និងទីកន្លែងមួយចំនួន ចាប់ពីថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះតទៅ។ 

តាមការ​គូសបញ្ជាក់​របស់​សហ័ព័ន្ធស្រូវអង្ករ​ ចំពោះតម្លៃអង្ករសែនក្រអូបដែលប្រជាពលរដ្ឋ មកទិញដល់ទីតាំង​ នៅស្នាក់ការក្រុមហ៊ុន ហ្គ្រីនត្រេដ និងមណ្ឌលឃ្លាំង ក្រុមហ៊ុន​ ហ្គ្រីនត្រេដ ចំពោះ​អង្ករ ១បេ ទម្ងន់​៥០គីឡូក្រាម តម្លៃ១៥ម៉ឺន ២ពាន់រៀល។  

បើយើង​ក្រឡេក​ទៅមើល​ការនាំចេញអង្ករវិញ​ នៅ២ខែ ចុងក្រោយនេះ បើទោះបីជា សេដ្ឋកិច្ចពិភព​លោក​កំពុងរងឥទ្ធិពល ដែលបានកើតឡើងដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ យ៉ាងណាក្ដី ប៉ុន្ដែ ការនាំចេញអង្កររបស់កម្ពុជាវិញ នៅ២ខែ ដើមឆ្នាំនេះ គឺសម្រេចបានលទ្ធផលល្អ​ជាមួយកំណើន​ជាង ២២% ដោយកម្ពុជាសម្រេច​បានការនាំចេញ​អង្ករ​របស់រហូតដល់ទៅជាង ១៣ម៉ឺន ៦ពាន់តោន។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ កម្ពុជារំពឹងថា អាចនឹងនាំចេញអង្ករបានរហូតដល់ទៅ ៨០ម៉ឺនតោន ឬយ៉ាងហោច​ណាស់ ក៏មានកំណើនប្រចាំឆ្នាំជាង ២០% ដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦២ម៉ឺនតោន ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា៖ វិនិយោគិនអាចទិញហ៊ុនអេស៊ីលីដាប៉ុន្មានក៏បាន ឲ្យតែមានលុយ!

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ អេស៊ីលីដា បានបញ្ជាក់ថា វិនិយោគិន អាចធ្វើការទិញភាគហ៊ុនរបស់ធនាគារអេស៊ីលីដាបានក្នុងចំនួន ប៉ុន្មានក៏បាន ឲ្យ…

មេដឹកនាំគយកម្ពុជា៖ ចំណូលពន្ធគយនៅដើមឆ្នាំ២០២០ ដាំក្បាលចុះ ដោយសារមេរោគ Covid-19

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជាបានប្រកាសឲ្យដឹងថា ឥទ្ធិពល នៃវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ