តើការដាក់តាំងបង្ហាញស្ថាបត្យកម្មរបស់ប្រាសាទទាំង៣ នៅព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនី មានសារៈសំខាន់ផ្នែកការទូត និងនយោបាយអន្តរជាតិ យ៉ាងដូចម្តេច?
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ការរៀបចំដាក់តាំងបង្ហាញស្ថាបត្យកម្មដើមនៃប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅក្នុងភូមិ ហ្វ្រង់កូហ្វូនី គឺជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងមរតកប្រវត្តិសាស្ត្ររបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងបង្ហាញពីការខូចខាត ដែលប្រាសាទខ្មែរបានរងគ្រោះដោយសារសកម្មភាពយោធាថៃ។ សម្រាប់អ្នកជំនាញរូបនេះ ការតាំងបង្ហាញនេះ ក៏ជាសារអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យយកចិត្តទុកដាក់ និងចូលរួមដាក់សម្ពាធ ដើម្បីធានាឱ្យមានការគោរពច្បាប់អន្តរជាតិ និងការស្តារឡើងវិញនូវអ្វីដែលជាសិទ្ធិស្របច្បាប់របស់កម្ពុជា។ លោកបណ្ឌិតបានរំលេចថា ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងត្រូវបានភាគីថៃបង្កភាពតានតឹងតាំងពីឆ្នាំ២០០៨ មកនោះ ពេលនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្របពេលប្រាសាទតាក្របី និងប្រាសាទខ្មែរមួយចំនួនទៀត ក៏រងការបំផ្លិចបំផ្លាញផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម ក៏បានបង្ហាញទស្សនៈស្រដៀងគ្នាថា ការដាក់តាំងបង្ហាញស្ថាបត្យកម្មដើមនៃប្រាសាទខ្មែរទាំង៣នៅក្នុងភូមិហ្វ្រង់កូហ្វូនី មិនមែនគ្រាន់តែជាការផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជូនសារទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងពីស្ថានភាពជាក់ស្តែងនៃប្រាសាទខ្មែរដែលរងការខូចខាត និងកំពុងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ លោកបណ្ឌិតបានបញ្ជាក់ថា ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈប្រាសាទខ្មែរមួយចំនួនទៀត ជាពិសេសប្រាសាទតាក្របី កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃដោយខុសច្បាប់។
ដោយឡែកលោក ប៊ុត ចាន់ណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកគ្រប់គ្រងការរៀបចំដំឡើងស្ថាបត្យកម្មប្រាសាទទាំង៣នេះបានបញ្ជាក់ថា មូលហេតុដែលកម្ពុជា សម្រេចរៀបចំដំឡើង និងដាក់តាំងបង្ហាញស្ថាបត្យកម្មប្រាសាទខ្មែរទាំង៣នៅក្នុងភូមិហ្វ្រង់កូហ្វូនី គឺដើម្បីឆ្លៀតយកឱកាសនេះផ្សព្វផ្សាយពីអរិយធម៌ និងមរតកវប្បធម៌ដ៏ចំណាស់របស់កម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានបំណងបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងររបស់ប្រាសាទទាំងនេះ ដែលបានរងគ្រោះដោយសារការបំផ្លាញរបស់យោធាថៃ ព្រមទាំងបង្ហាញពីការគ្រប់គ្រងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយខុសច្បាប់របស់ភាគថៃផងដែរ។
គួរបញ្ជាក់ថា ភូមិហ្រ្វង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការបង្ហាញពីសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗមានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព និងការអភិរក្សបេតិកភណ្ឌវប្បធម៌ក្រោមប្រធានបទ«ស្នាមញញឹមខ្មែរស្នាមញញឹមហ្រ្វង់កូហ្វូនី»៕
អត្ថបទ៖ ជា ម៉ារ៉ា