
អាជ្ញាធរខេត្តស្រះកែវ បានចេញសេចក្តីប្រកាសបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា ដោយអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា ចូលរួមក្នុងសមយុទ្ធជម្លៀសខ្លួន ដើម្បីត្រៀមទប់ទល់នឹងស្ថានការណ៍បន្ទាន់ ដែលអាចកើតមាន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod English។ ការធ្វើសមយុទ្ធនេះពាក់ព័ន្ធនឹងការជម្លៀសអ្នកស្រុកទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ដើម្បីពង្រឹងការត្រៀមខ្លួន និងការសម្របសម្រួលក្នុងចំណោមអាជ្ញាធរមូលដ្ឋាន។
អភិបាលខេត្តស្រះកែវ លោក ផារិនយ៉ា ភូធីសាត់ (Parinya Phothisat) បានកោះប្រជុំបន្ទាន់ជាមួយមេឃុំ មេភូមិ ក្រុមសន្តិសុខភូមិ អ្នកស្ម័គ្រចិត្តសុខភាពសាធារណៈ និងបុគ្គលិកពេទ្យ ដើម្បីពិភាក្សាគ្នាលើបញ្ហាសមយុទ្ធពលរដ្ឋនេះ។ សមយុទ្ធនេះ គឺធ្វើនៅទូទាំងភូមិទាំង៦១ នៅស្រុកជាប់ព្រំដែនចំនួន៤ រួមមាន ខុក សង (Khok Sung), តា ហ្វ្រា (Ta Phra), អារញ្ញប្រាថេត (Aranyaprathet) និងខ្លង ហាត ( Khlong Hat)។ នៅក្នុងសមយុទ្ធនេះ ក្រុមមន្ត្រីថៃ បានក្លែងធ្វើសេណារីយ៉ូព្រមាន ដែលជំរុញឱ្យមានការជម្លៀសទៅកាន់តំបន់សុវត្ថិភាពដែលបានកំណត់។
លោកអភិបាលខេត្តស្រះកែវ បានសង្កត់ធ្ងន់ថា សមយុទ្ធនេះ គឺជាការត្រៀមរៀបចំសុទ្ធសាធ និងបានជំរុញសាធារណជនកុំឱ្យមានការភិតភ័យ។ ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យអនុវត្តតាមការណែនាំរបស់មន្ត្រី ដើម្បីធានាសុវត្ថិភាពរបស់អ្នករាល់គ្នាក្នុងអំឡុងពេលសមយុទ្ធ៕
ដោយៈ សរ សុជាតិ