វិស័យការងារ​នៅកម្ពុជា

ក្រសួងការងារ៖ កម្ពុជាមានប្រជាជន ១០លាននាក់ មានការងារធ្វើ ជំរុញឲ្យអត្រាអ្នកមានការងារធ្វើកើនដល់ជាង ៩៩%


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ បានអះអាងនាពេលថ្មីៗនេះថា គិតមកទល់ពេលបច្ចុប្បន្ននេះ អត្រាចំនួនប្រជាពលរដ្ឋ ដែលមានការងារធ្វើ បានកើនឡើងដល់ទៅជាង ៩៩,៣% ដែលនេះ វាសបញ្ជាក់ឲ្យឃើញថា អត្រាចំនួនអ្នកអត់ការងារធ្វើនៅកម្ពុជា គឺមានស្ថិតនៅក្រោម ១%ប៉ុណ្ណោះ។ ក្រសួងការងារ បានបញ្ជាក់ទៀតថា ដោយមានការគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មបានល្អ រាជរដ្ឋាភិបាលបានបង្កើតការងារជូនដល់ពលរដ្ឋ សរុបមានរហូតដល់ទៅ ជាង ១០លាននាក់ឯណោះ។
រូបកម្មករកម្មការនី បម្រើការងារនៅក្នុងក្រុមហ៊ុនជប៉ុន​ (AKP)
ដោយ

បើតាមការគូសបញ្ជាក់​របស់​ក្រសួងការងារ ក្នុងចំណោម ​ប្រជាជន​មានការងារ​ធ្វើ ១០លាននាក់នោះ មាន​ជាង ១លាន ៥សែននាក់ ធ្វើការ​ក្នុង​ផ្នែកសេដ្ឋកិច្ច​ក្នុងប្រព័ន្ធ, និងមាន ២លាន ២សែននាក់ ធ្វើការក្នុង ផ្នែកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ។ រីឯអ្នកធ្វើការក្នុងវិស័យកសិកម្ម​វិញ មានប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈមាន​៥០ម៉ឺននាក់ និងពលករ​ដែលធ្វើការនៅក្រៅប្រទេស​មានប្រមាណជិត ១លាន ៣សែននាក់ សរុបទៅ គឺមាន​ប្រជាជនកម្ពុជា​​ប្រមាណ ១០លាននាក់​មានការធ្វើ ផ្អែកលើ​កត្តានេះ  ក្រសួងការងារ​អះអាងថា គឺបានធ្វើឲ្យប្រជាពលរដ្ឋជាង ៩៩,៣% មានការងារធ្វើ។ 

ជាមួយគ្នានេះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលមានចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួនប្រមាណ ១ម៉ឺន​៤ពាន់ សហគ្រាស និងគ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១លាន ៥សែននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ៣ពាន់ ៧រយ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយបើគិតបូកប្រាក់បញ្ញើ ដែលពលករពីក្រៅប្រទេស បានផ្ញើមកជូន​ក្រុមគ្រួសារ​ ក្នុងឆ្នាំជាង ២ពាន់ ៨រយ​លានដុល្លារទៀតនោះ គឺ​សរុបទៅគឺប្រាក់ឈ្នួល​ដែលបាន​មកពីការងារ​របស់ពលរដ្ឋកម្ពុជាទាំងអស់ ​គឺមាន​ជាង ៦ពាន់ ៥រយ​លានដុល្លារក្នុងមួយឆ្នាំ។

ទោះយ៉ាងណា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីរៈ ក៏បាន​លើកឡផងដែរ ពីបញ្ហាប្រឈមនានា ដែលមានឥទ្ធិពលមកពីខាងក្រៅ ចំពោះវិស័យការងារ​នៅកម្ពុជា រួមមាន​ដូចជា បញ្ហា​សេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស ហៅកូវីត១៩ ករណីការដកភាពអនុគ្រោះពន្ធ EBA ផ្នែកខ្លះ និង បញ្ហា​សង្គ្រាមពាណិជ្ជកម្ម ជាដើម។ 

ឯកឧត្តម អ៊ិត សំហេង បន្ថែមទៀតថា បញ្ហា​ ដែលកំពុងកើតមានឡើងទាំងអស់នេះ គឺជាទឡ្ហីករណ៍​ទាមទារ ឲ្យមន្ត្រីបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ ក្នុងបរិបទដែល​វិស័យឯកជន កាន់តែប្រឈមកាន់តែខ្លាំងទៅនឹង លទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា។  ទោះជាយ៉ាងនេះក្ដី ឯកឧត្តម រដ្ឋមន្ត្រី​បញ្ជាក់ថា ក្រសួងការងារ បានធ្វើការយ៉ាង ជិតស្និតជាមួយ​គ្នា​ស្វែងរក​ដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យឯកជន នៅតែអាចបន្តធានា​បាននូវឧត្តមភាព​ប្រកួតប្រជែង អាចរក្សា​បានដំណើរ​ផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជាង ៦០ ជួប​ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា

ព័ត៌មាន
ក្រុមបណ្តាញណិជ្ជករនិងប្រតិបត្តិករលើវិស័យពាណិជ្ជកម្មអនឡាញ និង Offline បានជួបជុំពិភាក្សាគ្នា ក្រោមប្រធានបទ “E-Commerce Awareness 2020” ដ…

ក្រុមហ៊ុនធានារ៉ាប់រងថៃធំមួយ ត្រៀមខ្លួនចូលប្រជែងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ!

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងធំមួយរបស់ថៃ ដែលមានចុះបញ្ចីក្នុងផ្សារហ៊ុនផងនោះ គឺក្រុមហ៊ុន Dhipaya បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការពង្រីកសាខានៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ