ពាណិជ្ជកម្មកម្ពុជា-វៀតណាម

កម្ពុជានាំចេញទៅវៀតណាមកើនជាង ៣០០% នៅ២ខែដំបូងឆ្នាំ២០២១


ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលពីរខែនៃដើមឆ្នាំ២០២១មានការកើនឡើងជាង ៣០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិពាណិជ្ជកម្មវៀតណាម ។ ទាក់ទងនឹងកំណើននាំចេញនេះដែរ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កត្តាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាកើនឡើងខ្លាំង ដោយសារកត្តាតម្រូវការ ការដឹកជញ្ជូន និងការកើនឡើងនៃសង្វាក់ផលិតកម្មផលិតរបស់កម្ពុជា។
រូបតំណាង៖ ពាណិជ្ជកម្មកម្ពុជា
ដោយ

របាយការណ៍​ការ​ពី​ការិយាល័យ​ស្ថិតិ​ពាណិជ្ជកម្ម​វៀតណាម​បាន​បង្ហាញ​ថា ពីរ​ខែ​ដើមឆ្នាំ​២០២១ នេះ​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម សម្រេច​បាន​ជាង ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៣០០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ រីឯ ការ​នាំ​ចេញ​របស់​វៀតណាម​មក​កាន់​កម្ពុជា​វិញ​សម្រេច​បាន​ជាង ៧០០​លាន​ដុល្លារ កើនឡើង ៨,៦%​។ សរុប​ជា​រួម​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​នៅ​២​ខែ ដំបូង​ឆ្នាំ​២០២១ មាន​ជាង ១,៣ ពាន់​លាន​ដុល្លារ កើនឡើង​៦៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​មានការ​កើនឡើង គឺ​ដោយសារ​មានការ​កើនឡើង​តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស​វៀតណាម គួប​ផ្សំ​នឹង​ការ​លើកលែង​ពន្ធ​នាំ​ចូល​របស់​ប្រទេស​នេះ សម្រាប់​ផលិតផល​របស់​កម្ពុ​ជាមួយ​ចំនួន​។ ការ​កើនឡើង​សង្វា​ក់​ផលិតកម្ម​ផលិត​របស់​កម្ពុជា ក៏​ជា​កត្តារួម​ចំណែក​មួយ​ផង​ដែរ​។

ឯកឧត្តម កត់សម្គាល់​ឃើញ​ថា ផលិតផល​ដែល​ជួយ​ជំរុញ​កំណើន​ការ​នាំ​ចេញ​របស់​កម្ពុជា គឺ​ភាគច្រើន​ជា​ផលិតផល​កសិកម្ម ដោយសារ​រដូវ​នេះ ជា​រដូវ​ប្រមូល​ផល ហើយ​ម្យ៉ាងទៀត​ការ​បង្កបង្កើន​ផល​របស់​កសិករ​នៅ​ឆ្នាំ​នេះ ទទួល​បាន​ទិន្នផល​ខ្ពស់​។

បើ​តាម​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម ផលិតផល​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​វៀតណាម រួម​មាន គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និង​ផលិតផល​ធ្វើ​ពី​ឈើ​។ ខណៈ​ផលិតផល​ដែល​កម្ពុជា​នាំ​ចូល​ពី​វៀតណាម​មក​វិញ​រួម​មាន ដែក ប្រេងឥន្ធនៈ ហ្គា​ស សម្លៀក​បំពាក់ ផលិតផល​ប្រើប្រាស់​ទូទៅ និង​ផលិតផល​កសិកម្ម​ដូច​ជា​បន្លែ ត្រី សាច់ និង​ផ្លែ​ឈើ​ជាដើម​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​នៅ​លើ​ទំ​ហ្វេ​ស​ប៊ុ​កថា ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល​ជិត​៣​ខែ ដើមឆ្នាំ​២០២១ គឺ​មាន​ចរន្ត​យ៉ាង​សកម្ម និង​មមាញឹក​គួរ​ឲ្យ​កត់សម្គាល់​។

ជាក់ស្តែង នៅ​ជិត​៣​ខែ​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ទៅ​កាន់​វៀតណាម​មាន​ដល់​ទៅ​ជាង​១​លាន​តោន ក្រៅពី​នោះ ក៏​មាន​នាំ​ចេញ គ្រាប់ស្វាយចន្ទី ដំឡូង​មី​ស្រស់ ស្វាយកែវ​រមៀត​ស្រស់ ស្ករអំពៅ និង​ផលិតផល​ជា​ច្រើន​ផ្សេង​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលសម្រេចបង្កើតក្រុង «បូកគោ» ដោយកាត់ឃុំចំនួន៣ពីស្រុកទឹកឈូ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតក្រុង«បូកគោ»មួយបន្ថែមទៀត ដោយកាត់ឃុំចំនួន៣ចេញពីស្រុកទឹកឈូ។ នេះបើ…

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់ខណៈអ្នកជាសះស្បើយមាន១៥នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់បន្ថែមទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ