នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

នាយករដ្ឋមន្ត្រីថ្មីកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំស្ថាប័ននីតិប្រតិបត្តិឲ្យទទួលបានជោគជ័យបន្ថែមទៀត


ថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំស្ថាប័ននីតិប្របត្តិរបស់ឲ្យសម្រេចបាននូវភាពជោគជ័យបំផុត។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានបង្ហាញពីគោលនយោបាយទាំង៥ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំឲ្យស្របតាមគោលនយោបាយ និងផែនការរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
នាយករដ្ឋមន្រ្តីថ្មីកម្ពុជាប្តេជ្ញាដឹកនាំស្ថាប័ននីតិប្រតិបត្តិជាតិឲ្យសម្រេចបានជោគជ័យ

បន្ថែមពីលើគោលនយោបាយទាំង ៥ចំណុច ឯកឧត្តម ក៏បានប្តេជ្ញាផ្ដោតការយកចិត្តទុកដាក់ទៅលើ សេវាសុខភាព ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញឱកាសទីផ្សារកសិផលឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសភាពឧបនាយករដ្ឋមន្ត្រី១០ ទេសរដ្ឋមន្ត្រី២១រូប និងរដ្ឋមន្ត្រី៣០រូប។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺជាការបើកទំព័រសករាជថ្មីសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំមកនេះ។ ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាថា នឹងដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិឲ្យសម្រេចបាននូវភាពជោគជ័យបំផុត សំដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបានធានាអះអាងថា ការដឹកនាំរបស់ឯកឧត្តមនឹងធ្វើឲ្យស្របតាមគោលនយោបាយ និងផែនការរបស់គណបក្សប្រជាជនកម្ពុជាទាំង៥ចំណុចរួមមាន ទី១.ការធានាសន្តិភាព សន្តិសុខ និងស្ថិរភាព នៃការស់នៅប្រកបដោយសុខក្សេមក្សាន្តរបស់ប្រជាជន។ ទី២.ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្ដោតទៅលើ ការពង្រឹងនិងលើកកម្ពស់សេវាសាធារណៈ កែទម្រង់វិស័យអប់រំ និងសុខាភិបាល ក៏ដូចជា លើកកម្ពស់ និងបង្កើនការវិនិយោគ។ ទី៣.ធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាជន ក្នុងការជួយជំរុញការអភិវឌ្ឍដល់យុវជន និងជួយកសិករ ក៏ដូចជា ការដំឡើងប្រាក់ឈ្នួលដល់កម្មករ និងប្រាក់បៀវត្សដល់មន្ត្រីរាជការ។ ទី៤.ធានាសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ជាជន និងទី៥.ធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមភាពយែនឌ័រ ជំរុញការវិនិយោគសាធារណៈ និងធានាចីរភាពបរិស្ថាន។

សម្រាប់ឯកឧត្តមជាប្រមុខរាជរដ្ឋាភិបាលថ្មីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាឯកឧត្តម ក៏បានសន្យា និងប្ដេជ្ញាផ្ដោតការយកចិត្តទុកដាក់ទៅលើកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលនឹងត្រូវដាក់ឲ្យអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣នេះ រួមមាន ការពង្រីកសេវាថែទាំសុខភាព ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ បន្តជួយដល់គ្រួសារក្រីក្រនិងងាយរងហានិភ័យ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើកស្ទួយវិស័យកសិកម្ម ជាពិសេសជំរុញឱកាសទីផ្សារសម្រាប់កសិផលឲ្យកាន់តែប្រសើរឡើង។

ថ្លែងនាសន្និសីទសារព័ត៌មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជារំពឹងថា តាមរយៈការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ សម្ដេចរំពឹងថាគណៈរដ្ឋមន្ត្រីថ្មី នឹងមានភាពរហ័សរហួន ធ្វើសកម្មភាពទៅរកគោលដៅ អាចបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ ហើយសម្ដេចក៏ជឿជាក់យ៉ាងមុតមាំចំពោះសមាសភាពគណៈរដ្ឋមន្ត្រីនីតិកាលទី៧ ថា អាចរែកពន់នូវអម្រែកកិច្ចការដ៏ធ្ងន់ដែលបន្តពីគណៈរដ្ឋមន្ត្រីនីតិកាលទី៦។ សម្រាប់សម្ដេច ហ៊ុន សែន តាមរយៈការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ដេចក៏ចង់ឃើញប្រទេសកម្ពុជា អាចសម្រេចបាននូវការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន នៅតែអំពាវនាវឱ្យរាជរដ្ឋាភិបាលថ្មី បន្តអនុវត្តនូវអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ មូជទឹក ដុះក្អែល ព្យាបាល និងវះកាត់ នៅក្នុងអាណត្តិទី៧នេះដដែល ដោយសម្ដេចបញ្ជាក់បន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលថ្មីចោលអភិក្រមទាំងនេះ ស្មើនឹងការបរាជ័យ នឹងអាចធ្វើឱ្យគណបក្សនយោបាយមួយរលំរលាយទៅបាន។ សម្ដេចបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលថ្មី យក ឬមិនយកនូវអភិក្រមទាំង៥នេះ សម្តេចមិនដឹងនោះទេ ប៉ុន្តែសម្តេចសូមអំពាវនាវឱ្យសមាជិកគណបក្សទាំងអស់ ត្រូវប្រើប្រាស់អភិក្រមនេះដោយជៀសវាងមិនបាន ដោយធ្វើទាំងសម្រាប់ខ្លួនឯងផង និងតាមស្ថាប័នផង។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ ទៀតនោះឡើយដោយតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេច ដឹកនាំតំណែងកំពូលមួយនេះវិញ។ យ៉ាងណាក៏ដោយ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕




អត្ថបទបន្ទាប់


ចំណូលកំពង់ផែស្វយ័តភ្នំពេញថយចុះជាង៨% ខណៈប្រាក់ចំណេញធ្លាក់ចុះជាង២៤% នៅត្រីមាសទី២

ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជិត ៩លានដុល្លារអាមេរិក នៅត្រីមាសទី២ឆ្នាំ២០២៣នេះមានការធ្លាក់ចុះជាង៨% បើធៀបនឹងត្រីមាសទី២ កាល…

សម្តេច ហ៊ុន សែន ចង់ឃើញអ្នកជំនាន់ថ្មីដឹកនាំកម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច និងមានចំណូលមធ្យមកម្រិតខ្ពស់

ព័ត៌មាន
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ។ យ៉ាងណាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ