កូវីដ១៩ នៅ​កម្ពុជា

បុគ្គលិកកាស៊ីណូ​ណាហ្គាវើលដ៍ រាប់ពាន់​នាក់​ដាក់​ញត្តិ​​ស្នើ​សុំ​ការជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ដែល​ប៉ះពាល់​ដោយសារ​កូវីដ១៩


បុគ្គលិក​ផ្នែក​ល្បែង​នៃ​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) បាន​ដាក់​ញត្តិ​កាល​ពី​ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដោយ​អះអាង​ថា ពួកគាត់​បាន​ទទួល​រងផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​តែ​មេរោគ​រាតត្បាត​កូវីដ១៩។​
កាស៊ីណូ ណាហ្គាវើល ២ទីតាំង ក្បែរគ្នា នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

កន្លង​មក នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​កាស៊ីណូ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ត្រូវ​បិទទ្វារ​ចាប់ពី​ថ្ងៃ​ទី០១ ខែមសា ឆ្នាំ២០២០ តទៅ ដើម្បី​បញ្ជៀស​ការឆ្លង​រាតត្បាត​នៃ​កូវីដ១៩។

ក្នុង​ការបិទ​ទ្វារ​រយៈ២ខែ គឺខែ​មេសា និងខែឧសភា ណាហ្គាវើលដ៍ បាន​ជួយ​ឧបត្ថម្ភ​ដល់​បុគ្គលិក​ជា​ប្រាក់ខែ​៥០​ភាគរយ នៃ​ប្រាក់​ខែ​គោល ប៉ុន្តែ មកដល់​ខែ​មិថុនា​នេះ ក្រុមហ៊ុន​បាន​ប្រកាស​ថា នឹង​លែង​ឧបត្ថម្ភ​ឲ្យ​បុគ្គលិក​ទៀត​ហើយ ដោយសារ​គាត់​អស់​លទ្ធភាព​ក្នុង​ការឧបត្ថម្ភ។ នេះ​បើ​យោង​តាម​ប្រធាន​សហជីព​ប្រចាំ​នៅ​ណាហ្គាវើលដ៍ អ្នកនាង ឈឹម ស៊ីថរ។

ថ្លែងតាម​រយៈ WhatsApp, អ្នកនាង ឈឹម ស៊ីថរ បាន​និយាយ​ដូច្នេះ​ថា៖ “វិបត្តិ​កូវីដ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ហ្នឹង​ជិត​៦​ពាន់​នាក់ យ៉ាង​ធ្ងន់ធ្ងរ​ តាមរយៈ​ការព្យួរ​ការងារ​ហ្នឹង ហើយ​មួយ​ទៀត​នោះ គឺ​សមាជិក​បុគ្គលិក​ខ្លះ​របស់​សហជីព​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង គឺ​គាត់​ធ្វើការ​នៅ​ក្នុង​ហ្នឹង​ទាំង​គ្រួសារ​តែ​ម្តង មាន​ប្តី ប្រពន្ធ មាន​ទាំងកូន មាន​ទាំង​បង​ប្អូន អ៊ីចឹង​ ពួកគាត់​បាត់បង់​ចំណូល​ទាំង​គ្រួសារ។”

អ្នកនាង ឈឹម ស៊ីថរ បាន​និយាយ​បន្ត​ថា បើ​យោង​តាម​របាយការណ៍​សហជីព គឺ​មាន​ជាង ៩០​ភាគរយ​នៃ​សមាជិក​សហជីព​ដែល​នៅ​បង់​បំណុល​ធនាគារ​ទាំងអស់ អ្នកខ្លះ​បង់ការ អ្នក​ខ្លះ​បង់ដើម ខណៈ​អ្នកខ្លះ​ផ្សេងទៀត បង់​ទាំងការ ទាំង​ដើម ហើយ​ភាគតិច ដែល​ធនាគារ​បាន​ព្យួរ​ការបង់​ទាំងការ ទាំងដើម។

អ្នកនាង ឈឹម ស៊ីថរ បាន​និយាយ​ដូច្នេះ​ថា៖ “អ៊ីចឹង​ទាំង​បន្ទុក​ធនាគារ ទាំង​បន្ទុក តម្រូវការ​ចាំបាច់ ហូបចុក ជីវភាពប្រចាំថ្ងៃ បង់​រំលស់​ផ្ទះ​ផ្សេងៗ ថ្លៃ​ឈ្នួល​ផ្ទះ​អីនេះ បាន​ក្លាយ​ទៅ​ជា​វិបត្តិ​មួយ​សម្រាប់​ពួកគាត់​ទាំងអស់ ដូចជា ពលរដ្ឋ​ផ្សេងៗ​ទៀត​ដែល​រង​ប៉ះពាល់​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ១៩នេះ។”

ញត្តិ​ដែល​បាន​ដាក់​ចូល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​មាន​បុគ្គលិក​គាំទ្រ​ចំនួន ២២៦៣នាក់ ខណៈ​ញត្តិ​ដែល​ដាក់​ចូល​ ណាហ្គាវើលដ៍ ដើម្បី​សុំ​ការជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ មាន​ចំនួន ៣២០០នាក់។ នេះ​បើយោង​តាម​អ្នក​នាង ឈឹម ស៊ីថរ ដដែល។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា លោក​មិន​មាន​អ្វី​អត្ថាធិប្បាយ​លម្អិត​នោះ​ទេ នៅថ្ងៃ​អង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ក៏ប៉ុន្តែ បាន​និយាយ​ថា កម្មករ​និយោជិត​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ​កម្មវិធី​ជំនួយ​សង្គម ដែល​នឹង​ត្រូវ​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​នេះ៕




អត្ថបទបន្ទាប់


គម្រោង​វិនិយោគ​រោងចក្រ​កែច្នៃ​អំបិល​នៅ​ខេត្ត​កំពត-កែប របស់​ចិន មិន​អាច​យក​ជា​ការ​បាន​ឡើយ!

ព័ត៌មាន
ថ្មីៗ​នេះ មាន​ការលើកឡើង​ជា​ហូរហែ​អំពី​គម្រោង​ផែនការ​វិនិយោគ​រោងចក្រ​កែច្នែ​អំបិល​រាប់​រយ​ហិកតា​នៅ​ខេត្ត​កំពត កែប ពី​សំណាក់​វិនិយោ…

ស្ថាបនិកសាលាវេសឡាញស៍ បង្ហើបពីគន្លឹះចាប់ផ្ដើមអាជីវកម្ម សម្រាប់អ្នកចេញរកស៊ីថ្មីថ្មោង!

ព័ត៌មាន
ការចាប់ផ្ដើមអាជីវកម្ម បានក្លាយជាក្ដីស្រមៃពេញនិយមសម្រាប់យុវជនសម័យនេះ ប៉ុន្ដែ បើតាមការអះអាងរបស់អ្នកជំនាញការចាប់ផ្ដើមអាជីវកម្មមួយជោគជ័យ វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ