ក្រុមហ៊ុនអចលនទ្រព្យ

តុលាការហុងកុង បង្គាប់ឱ្យលក់ឡាយឡុយក្រុមហ៊ុនអចលនទ្រព្យយក្សចិន China Evergrande


តុលាការហុងកុង កាលពីថ្ងៃច័ន្ទ ទី២៩ ខែមករា បានចេញសាលដីកាបង្គាប់ឱ្យលក់ឡាយឡុងក្រុមហ៊ុនអចលនទ្រព្យយក្សចិន ឆាយណា អេវើហ្គ្រេន គ្រុប (China Evergrande Group) ដើម្បីទូទាត់សងបំណុលដល់ទៅ៣០០ពាន់លានដុល្លារ របស់ក្រុមហ៊ុននេះ។ ចំណាត់ការនេះទំនងជាបង្កភាពជ្រួលច្របល់ដល់ទីផ្សារហិរញ្ញវត្ថុដែលកំពុងមានបញ្ហារបស់ប្រទេសចិន ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយចិន កំពុងព្យាយាមទប់កុំឱ្យវិបត្តិនេះធ្លាក់កាន់តែជ្រៅ។
ក្រុមហ៊ុនអចលនទ្រព្យ
ដោយ

លោកស្រីចៅក្រម លីនដា ចាន់ (Linda Chan) នៅតុលាការហុងកុង បានចេញសាលដីកាបង្គាប់​ឱ្យ​លក់​ឡាយឡុងក្រុមហ៊ុនយក្សចិន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​ជំពាក់​បំណុលច្រើនបំផុតរបស់ពិភពលោក ជាមួយនឹងបំណុលសរុបរហូតដល់ទៅ​ជាង៣០០ពាន់​លាន​ដុល្លារ បន្ទាប់ពីកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះមិនអាចផ្តល់ផែនការជាក់​លាក់សម្រាប់ការរៀបចំ​បំណុល​​ឡើងវិញ ពោលគឺ២ឆ្នាំក្រោយពីខកខានទូទាត់សងថ្លៃបណ្ណបំណុល និងក្រោយឡើង​សវនាការ​ជំនុំជម្រះជាច្រើនលើក។

លោកស្រីចៅក្រម លីនដា ចាន់ បានបញ្ជាក់ថា ល្មមគ្រប់គ្រាន់ហើយ តុលាការហុងកុង មិនអាចយោគ​យល់ និងទុកពេលឱ្យក្រុមហ៊ុន Evergrande ទៀតបានឡើយ។

នាយកប្រតិបត្តិក្រុមហ៊ុន Evergrande លោក ស៊ីវ ស្សន (Siu Shawn) បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ថា ក្រុមហ៊ុនរបស់លោកនឹងនៅតែធានាប្រគល់ជូន​គម្រោងសាងសង់លំនៅឋាននានា​ជូនអតិថិ​ជន​ដដែល ទោះបីជាតុលាការហុងកុង ចេញសាលដីកាបង្គាប់ឱ្យលក់ឡាយឡុង​ក្រុមហ៊ុននេះចោលក៏​ដោយ​​។​ លោកបានបន្ថែមថា សាលដីកាបង្គាប់នេះនឹងមិនប៉ះពាល់​ដល់ដំណើរការនៃក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Evergrande នៅចិនដីគោក និងនៅបរទេសនោះឡើយ។

បណ្ដាវិនិយោគិននៅបរទេសនឹងផ្ដោតយកចិត្តទុកដាក់ខ្លាំង និងរង់ចាំមើលថា តើរដ្ឋាភិបាលចិន នឹង​ដោះស្រាយជាមួយម្ចាស់បំណុលនៅបរទេសបែបណា នៅពេលក្រុមហ៊ុនយក្សចិន ដួល​រលំបែបនេះ។

លោក ហ្គារី អ៊ឹង (Gary Ng) អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ណាទីស៊ីស (Natixis) បាននិយាយថា ការចេញសាលដីកាបង្គាប់នេះ​គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ​នៃដំណើរ​ការរម្លាយក្រុមហ៊ុនដ៏អូសបន្លាយ ដែលនឹងធ្វើឱ្យដំណើរការប្រចាំថ្ងៃរបស់ក្រុមហ៊ុន Evergrande កាន់​តែពិបាក។ ដោយសារទ្រព្យសកម្មភាគច្រើនរបស់ក្រុមហ៊ុន Evergrande ស្ថិតនៅចិនដីគោក គឺម្ចាស់​បំណុលពិបាកនឹងរឹបអូសទ្រព្យសកម្មរបស់ក្រុមហ៊ុននេះដើម្បីទូទាត់សងបំណុលណាស់ ហើយ​ស្ថានភាព​គឺកាន់តែអាក្រក់សម្រាប់ភាគហ៊ុនិក។

សូមបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះដល់ទៅ២០%នៅ​មុនសវនាការ​ជំនុំ​ជម្រះនេះ។ ហើយការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande និងបុត្រសម្ព័ន្ធ​របស់ខ្លួនរួម​មាន​ ក្រុមហ៊ុនផលិតរថយន្ត China Evergrande New Energy Vehicle Group និងក្រុមហ៊ុនផ្ដល់​សេវា​​​គ្រប់គ្រងអចលនទ្រព្យ Evergrande Property Services ត្រូវបានបញ្ឈប់ ក្រោយការចេញ​សាល​ដីការនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារមួយព្យាករថា បំណុលគ្រួសារនៅប្រទេសថៃ អាចកើនលើស៩១%នៃផលិតផលក្នុងស្រុកសរុប

ព័ត៌មាន
ធនាគារ ធីអឹមប៊ី ថាណាឆាត (TMB Thanachart) នៅប្រទេសថៃ បានព្យាករថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ បំណុលគ្រួសារពលរដ្ឋនៅក្នុងប្រទេសថៃ អាចនឹងកើនឡ…

ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើន មិនសប្បាយចិត្តនឹងការបង់ពន្ធ ដោយសារបានផលតបស្នងតិចតួច

ព័ត៌មាន
ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្ត ព្រោះពន្ធដែលរដ្ឋប្រមូលបាននឹងត្រូវយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាស្ពាន ថ្នល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ