លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានចាត់ទុកបច្ចេកវិទ្យា AI ជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ដោយសារវាជាឧបករណ៍បង្កើនផលិតភាព កាត់បន្ថយការចំណាយ និងជួយបង្កើតគំនិតច្នៃប្រឌិតថ្មីៗនៅតាមគ្រប់វិស័យ។ ស្ថិតក្នុងបរិបទនេះ កម្ពុជា ចាំបាច់ត្រូវតែពង្រឹងការអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងជំនាញ AI ពិតប្រាកដ ដោយមិនត្រូវពឹងផ្អែកតែលើបច្ចេកវិទ្យានាំចូលពីបរទេសខ្លាំងពេកនោះឡើយ។
លោកជឿជាក់ថា ប្រសិនបើកម្ពុជា អាចបណ្តុះបណ្តាលធនធានមនុស្សលើវិស័យ AI បានច្រើន នោះនឹងបង្កើតបានជាសក្តានុពលដ៏ទាក់ទាញបំផុត ព្រោះកម្ពុជា មានប្រៀបលើកម្លាំងពលកម្មវ័យក្មេង ដែលឆាប់ចាប់បាននូវបច្ចេកវិទ្យាឌីជីថល។ តែលោកបានសង្កត់ធ្ងន់ថា ដើម្បីចាប់យកឱកាសនេះឱ្យបានពេញលេញ លុះត្រាតែកម្ពុជាបណ្តុះបណ្តាលបាននូវអ្នកជំនាញ AI កម្រិតខ្ពស់ គួបផ្សំនឹងការបង្កើតទិន្នន័យជាភាសាខ្មែរ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមស្ថាប័នរដ្ឋ និងឯកជនឱ្យបានរលូន។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានកត់សម្គាល់ថា បច្ចុប្បន្នពិភពលោកកំពុងសម្លឹងមើលការអភិវឌ្ឍវិស័យ AI យ៉ាងពេញទំហឹង។ សម្រាប់កម្ពុជា ទោះបីជាបច្ចុប្បន្នពុំទាន់មានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ AI បានទាំងស្រុងយ៉ាងណាក្តី ប៉ុន្តែសក្តានុពលធនធានយុវជនជំនាន់ក្រោយរបស់កម្ពុជា នឹងក្លាយជា កាលានុវត្តភាពដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសក្នុងវិស័យនេះ។ លោកបណ្ឌិតបានបន្ថែមថា ដើម្បីដណ្តើមយកផលប្រយោជន៍ពី AI រដ្ឋ និងឯកជនត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីស្វែងរកធាតុចូលកសាងប្រព័ន្ធអេកូឡូស៊ី AI ឱ្យកាន់តែរឹងមាំ។
ពាក់ព័ន្ធនឹងវិស័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា វិនិយោគិនបរទេសកំពុងចាប់អារម្មណ៍ក្នុងការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា។ ការចាប់អារម្មណ៍នេះ ត្រូវបានសម្ដេចធិបតី លើកឡើងថា មិនមែនជារឿងចៃដន្យនោះទេ តែដោយសារកម្ពុជា មានធនធានមនុស្សដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មិនចាប់យកឱកាសពី AI ទេនោះទៅថ្ងៃអនាគត កម្ពុជានឹងដើរមិនទាន់ប្រទេសដទៃឡើយ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ កម្ពុជា បានចូលរួមវេទិកាពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលការចូលរួមនេះ គឺជាជំហានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការត្រង់ត្រាប់យកបច្ចេកវិទ្យា និងបទពិសោធអន្តរជាតិ មកពង្រឹងសមត្ថភាពឌីជីថលនៅកម្ពុជា។ សម្តេចធិបតី មិនចង់ឱ្យកម្ពុជា ត្រឹមជាអ្នកប្រើប្រាស់បច្ចេកវិទ្យា AI នោះទេ តែចង់ឱ្យក្លាយជាចំណែកមួយក្នុងការចូលរួមកំណត់អភិបាលកិច្ចបច្ចេកវិទ្យា AI ពិភពលោក ដែលកត្តានេះបានជំរុញឱ្យកម្ពុជា សម្រេចចូលរួមធ្វើសមាជិកស្ថាបនិកនៃអង្គការសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតពិភពលោក ដែលផ្តួចផ្តើមឡើងដោយចិន ថ្មីៗនេះ៕
អត្ថបទ៖ បូ ដូឡា