រុស្សីកាន់តែខិតជិតរកចិន

ពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីកំពុងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ស្របពេលទំនាក់ទំនងជាមួយលោកខាងលិចកំពុងរកាំរកូស


ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីកំពុងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ខណៈភាពរកាំរកូសរវាងប្រទេសទាំងពីរ ជាមួយលោកខាងលិចកំពុងកើនឡើងកាន់តែខ្លាំង។ ជាក់ស្ដែង នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម រវាងចិន និងរុស្ស៊ីបានឈានដល់កំណត់ត្រាថ្មីក្នុងចំនួនជាង ១៤៦ពាន់លានដុល្លារកើនឡើងជិត ៣៦% បើធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលគយរបស់ចិន។
រថយន្តកុងតឺន័រដឹកទំនិញ
ដោយ

ទោះបីជា​ទីក្រុង​មូ​ស្គូ​មិន​ទាន់​បាន​ចេញផ្សាយ​របាយការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ក៏​ដោយ​ប៉ុន្តែ តំណាង​ពាណិជ្ជកម្ម​របស់​ខ្លួន​ប្រចាំ​ប្រទេស​ចិន លោក អា​លេច​ហ្សី ដាក​នូវ​ស្គី​(Alexey Dakhnovsky) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្សី RT ថា តួលេខ​ពិតជា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​លើស​ពី ១៤០​ពាន់​លាន​ដុល្លារ​ប្រហាក់ប្រហែល​របាយការណ៍​ដែល​បង្ហាញ​ដោយ​គយ​ចិន​ពិតប្រាកដ​មែន​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្រប​ពេល​ប្រទេស​អា​មេ​រិ​ក និង​សម្ព័ន្ធ​ធ្វើ​ពហិការ​ការទូត ចំពោះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប៉េ​កាំ​ង ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទី​ន​ឯណោះ​វិញ នឹង​ចូលរួម​ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​នេះ និង​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង​ផង​ដែរ​។ មេដឹកនាំ​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ និង​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​មួយ​ចំនួន រួម​ទាំង​កិច្ចសន្យា​សម្រាប់​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ផង​ដែរ​។

បើ​តាម​ក្រុម​អ្នកវិភាគ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុ​ស្ស៊ី និង​លោក​ខាងលិច​ជុំវិញ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន ដែល​អាច​នាំ​មក​នូវ​ទណ្ឌកម្ម​ថ្មី ប្រឆាំង​នឹង​ទីក្រុង​មូ​ស្គូ ទំនងជា​នឹង​ឈាន​ទៅ​រឹត​បន្តឹង​ចំណង​ទ្វេភាគី​របស់​វិមាន​ក្រឹម​ឡាំង​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​កាន់តែ​ខ្លាំង​ថែម​ទៀត​។

ជាក់ស្តែង ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ ទីក្រុង​ម៉ូ​ស្គូ និង​ទីក្រុង​ប៉េ​កាំ​ង​មាន​ទំនាក់ទំនង​នយោបាយ ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង​ៗ​។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង ១៦៧% គិត​ចាប់តាំងពី​ឆ្នាំ​២០១០ មក ជាមួយនឹង​កំណើន​គួរ​ឱ្យ​កត់សម្គាល់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សូម​ជម្រាប​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុ​ស្ស៊ី ដោយសារ​តែ​ទីក្រុង​ម៉ូ​ស្គូ​បាន​ចល័ត​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​ជាង​ជា​ច្រើន ទៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​។

រដ្ឋបាល​លោក ចូ បៃ​ឌិន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ការ​ដាក់​ពង្រាយ​ទ័ព​ទ្រង់ទ្រាយ​ធំ​នេះ​ជា​សញ្ញា​មួយ​ដែល​រុ​ស្ស៊ី​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ពេល​ណាមួយ​ក្នុង​ខែ​ក្រោយ​នេះ​។ យ៉ាងណាមិញ វិមាន​ក្រឹម​ឡាំង​បដិសេធ​ថា ការ​ចល័ត​របស់​ខ្លួន​គ្រាន់ មិន​មាន​អ្វី​លើស​ពី​សមយុទ្ធ​យោធា​ស្រប​តាម​ស្តង់ដារ​ការពារ​ជាតិ​របស់​ខ្លួន​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនព្រមានអត្តពលិកកីឡាអូឡាំពិកកុំឲ្យនិយាយពាក់ព័ន្ធនឹងបញ្ហានយោបាយ

ព័ត៌មាន
ស្របពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាន់តែខិតជិតមកដល់ អាជ្ញាធរចិនកំពុងបង្កើនការដាស់តឿនដល់អ្នកចូលរួម ពិសេសក្រុម…

វៀតណាមជំរុញការស្តារឧស្សាហកម្មម្រេចឡើងវិញ ក្រោយជួបឧបសគ្គរាំងស្ទះអស់ជាច្រើនឆ្នាំ

ព័ត៌មាន
ក្រោយជួបឧបសគ្គមួយចំនួនដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុមិនអំណោចផល ក៏ដូចជាវិបត្តិជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥឡូវនេះប្រទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ