ថ្នាំព្យាបាលកូវីដ១៩

ចិន និងសិង្ហបុរី បានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Paxlovid របស់ Pfizer


និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិន និងសិង្ហបុរី ថ្មីៗនេះទើបតែបានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ប្រភេទ Paxlovid របស់ក្រុមហ៊ុនអាមេរិក Pfizerហើយ សម្រាប់ការព្យាបាលជំងឺកូវីដ១៩ ចំពោះអ្នកជំងឺពេញវ័យដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ខណៈដែលបច្ចុប្បន្នថ្នាំគ្រាប់ព្យាបាលកូវីដប្រភេទនេះ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Paxlovid

រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិនបាននិយាយថាថ្នាំគ្រាប់ព្យាបាលកូវីដ Paxlovid ត្រូវបានអនុម័តឱ្យព្យាបាលមនុស្សពេញវ័យដែលមានកម្រិតស្រាលទៅមធ្យមនៃជំងឺកូវីដ១៩ និងហានិភ័យខ្ពស់នៃការវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។ បើទោះបីជា និយតករផលិតផលវេជ្ជសាស្រ្តរបស់ចិន បានអនុម័តឱ្យប្រើប្រាស់ក៏ពិតមែន តែវាមិនទាន់ច្បាស់ទេថា តើប្រទេសចិននៅមិនទាន់បញ្ជាក់ពេវេលាជាក់លាក់ក្នុងការបញ្ជាទិញថ្នាំគ្រាប់នេះនៅពេលណានៅឡើយទេ ។

ខណៈពេលដែលចិនអនុម័តឲ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដ១៩ពីក្រៅប្រទេសក៏ពិតមែន ប៉ុន្ដែសម្រាប់វ៉ាក់សាំងកូវីដ១៩បរទេសវិញ រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានអនុម័តឲ្យប្រើប្រាស់នោះទេ។ ជាក់ស្ដែង ប្រជាជនចិនបានចាក់វ៉ាក់សាំងពេញលេញមានជាង ៨៧% នៃប្រជាជនសរុបរបស់ខ្លួន ដែលក្នុងនោះសុទ្ធសឹងតែប្រើចាក់វ៉ាក់សាំងផលិតក្នុងស្រុកទាំងអស់។

តំណាងក្រុមហ៊ុន Pfizer បានបញ្ជាក់នៅក្នុងសារព័ត៌មានរ៉យទ័រថា ការអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ Paxlovid របស់ខ្លួនពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង នឹងជួយជំរុញបន្ថែមដល់ការលក់ថ្នាំគ្រាប់នេះនៅឆ្នាំ២០២២ ដែលគេរំពឹងនឹងលក់បានដល់២២ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ន ក្រុមហ៊ុន Pfizer កំពុងចរចាយ៉ាងសកម្មជាមួយរដ្ឋាភិបាលជាង១០០ប្រទេស ដើម្បីឲ្យមានការអនុម័តប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩នេះ ហើយរហូតមកដល់ពេលនេះការព្យាបាលដោយប្រើថ្នាំ គ្រាប់នេះត្រូវបានអនុម័តនៅក្នុងប្រទេសប្រហែល ៤០ ហើយ។ ក្រុមហ៊ុនអះអាង ខ្លួនមានសមត្ថភាពផ្គត់ផ្គង់បានដល់ទៅ១២០កញ្ចប់ប្រសិនបើមានតម្រូវការ។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីក៏បានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Pfizer ផងដែរ ដោយក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងថា ថ្នាំនេះនឹងត្រូវបានចេញវេជ្ជបញ្ជា និងផ្តល់អាទិភាពសម្រាប់អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ថ្នាំ Paxlovid ត្រូវបានគេរកឃើញថា អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យដែលទាក់ទងនឹងជំងឺកូវីដ ១៩ ឬការស្លាប់បានជិត ៩០ ភាគរយ នៅពេលដែលលេបថ្នាំនេះ ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមចេញរោគសញ្ញា។ នេះបើយោងតាមការពិនិត្យឡើងវិញរបស់អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងការសិក្សារបស់ Pfizer៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជួយឲ្យអេស៊ីលីដាចំណេញជាង១៦៦លានដុល្លារនៅឆ្នាំ២០២១?

ព័ត៌មាន
ទោះបីឆ្នាំ២០២១ ជាឆ្នាំដែលកម្ពុជាទទួលរងនូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ តែធនាគារអេស៊ីលីដានៅតែអាចធ្វើប្រតិបត្តិការបានយ៉ាងរលូនន…

ការសិក្សារបស់សហរដ្ឋអាមេរិក៖ ប្រសិទ្ធភាពវ៉ាក់សាំងដូសទី៣ ធ្លាក់ចុះខ្លាំង ក្រោយពេលចាក់បាន៤ខែ

ព័ត៌មាន
ការសិក្សាថ្មីមួយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CDC បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រសិទ្ធភាពដូសទី៣នៃវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ