វិស័យការពារជាតិ

ចិន ស្នើឱ្យអាម៉េរិក លុបចោលការទប់ស្កាត់ផ្នែកសន្តិសុខចំពោះក្រុមហ៊ុនចិន


មហាយក្សចិន ជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលការរឹតបន្តឹងផ្នែកសន្តិសុខជាតិ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួន ហើយចិន ក៏បានបង្ហើបពីផែនការសាងសង់រោងចក្រនៅអាម៉េរិក ផងដែរ។ អ្នកវិភាគបានលើកឡើងថា ទីក្រុងវ៉ាស៊ីន កំពុងពិចារណាលើសំណើនេះ ខណៈជញ្ជីងពាណិជ្ជកម្មចិន កាលពីដើមឆ្នាំ២០២៥ មានអតិរេកពាណិជ្ជកម្មរហូតដល់ទៅ១ទ្រីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
វិស័យការពារជាតិ
ដោយ

ក្រុមអ្នកចរចារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់សំណើឱ្យសហរដ្ឋអាម៉េរិកកាត់បន្ថយពន្ធលើការនាំចូលសម្ភារៈ និងវត្ថុធាតុដើម ដែលប្រើប្រាស់ដោយរោងចក្រចិន នៅសហរដ្ឋអាម៉េរិក។ មន្រ្តីដែលបានចូលរួមក្នុងកិច្ចពិភាក្សារវាងមន្ត្រីអាម៉េរិក និងចិន បានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះថា សំណើនេះត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចពិភាក្សាពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដ កាលពីខែមុន។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីរក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់ចិន TikTok ឱ្យដំណើរការនៅសហរដ្ឋអាម៉េរិក ទោះបីជាមានការព្រួយបារម្ភអំពីសន្តិសុខជាតិ ដែលបានលើកឡើងដោយសមាជិកសភាអាម៉េរិក ក៏ដោយ។

អ្នកវិភាគបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន​ កំពុងសិក្សាលម្អិតលើសំណើខាងលើ ព្រោះ នៅដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មចិន មានទំហំធំ ដោយគ្រាន់តែអតិរេកមានតម្លៃរហូតដល់១ទ្រីលានដុល្លារ។ ពាក់ព័ន្ធនឹងសំណើរបស់ចិននេះ តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន ក្រៀ (Jamieson Greer) បានប្រាប់ Fox Business ថា ក្នុងអំឡុងពេលចរចាគ្នាភាគីទាំងពីរពិតជាបានពិភាក្សាគ្នាពីបរិយាកាសវិនិយោគនៅសហរដ្ឋអាម៉េរិក ពីសំណាកក្រុមហ៊ុនចិន ពិតប្រាកដមែន។

ដោយឡែក អ្នកចរចាជាន់ខ្ពស់របស់ចិន លោក លី ចេងកាង ( Li Chenggang ) បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានបង្ហាញពីឆន្ទៈក្នុងការផ្លាស់ប្តូររួមគ្នាជាមួយប្រទេសចិន ឆ្ពោះទៅរកគោលដៅរួម នៅក្នុងអំឡុងពេលនិយាយពីការកាត់បន្ថយឧបសគ្គចំពោះការវិនិយោគ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

អ្នកវិភាគបានចាត់ទុកសំណើរបស់ចិន គឺជាផ្នែកមួយក្នុងការជំរុញឱ្យសហរដ្ឋអាម៉េរិកផ្លាស់ប្តូរគោលជំហរចាស់រាប់ទសវត្សរ៍របស់ខ្លួនលើតៃវ៉ាន់ និងការដកចេញការរឹតបន្តឹងផ្នែកសន្តិសុខមួយចំនួន ដែលជាបន្ទាត់ក្រហមសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយតបចំពោះសំណួរអំពីកិច្ចពិភាក្សានេះទេ គ្រាន់តែបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ នៅតែបន្តទំនាក់ទំនងជាមួយចិន។ ដោយឡែកក្រសួងពាណិជ្ជកម្មចិន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ។ ប៉ុន្តែលោក លីវ ផេងយូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា អាម៉េរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តការយល់ដឹងរួមសំខាន់ៗ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានពេលជួបគ្នាតាមទូរសព្ទកាលពីពេលថ្មៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទ្រព្យសម្បត្តិរបស់ពលរដ្ឋអាម៉េរិក ដែលមានលុយលើសពី២លានដុល្លារកើនឡើង៥ទ្រីលានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ទិន្នន័យរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា ពលរដ្ឋអាម៉េរិក ដែលមានទ្រព្យសម្បត្តិលើសពី២លានដុល្លារបានបន្ថែមលុយរហូតដល់៥ទ្រីលានដុល្លារក្នុងទ្រ…

សិង្ហបុរី ក្លាយជាគោលដៅទាក់ទាញបំផុតនៅលើពិភពលោកសម្រាប់ការរក្សាទុកទ្រព្យសម្បត្តិ និងផ្លាស់ប្តូរទីលំនៅរបស់អ្នកវិនិយោគ

ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាគោលដៅកំពូលនៅលើពិភពលោកសម្រាប់ការរក្សាទុកទ្រព្យសម្បត្តិ និងការផ្លាស់ប្តូរទីលំនៅរបស់អ្នកវិនិយោគ ដោយបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ