
មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានផ្ដួលសហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមប្រកួតប្រជែងនាំចេញថាមពលទៅកាន់ប្រទេសនានាទូទាំងពិភពលោក។ទិន្នន័យបានបង្ហាញថា ការនាំចេញយានយន្តអគ្គិសនីរួមទាំងរថយន្តអគ្គិសនីផង បន្ទះសូឡា អាគុយ និងបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នកាបូនិកផ្សេងៗទៀតរបស់ប្រទេសចិន បាន និងកំពុងកើនឡើងជាលំដាប់ជាច្រើនឆ្នាំមកហើយ។
របាយការណ៍ថ្មីមួយរបស់អង្គការ Ember ដែលជាអង្គការឯករាជ្យឃ្លាំមើលទីផ្សារថាមពលពិភពលោកបានបង្ហាញថា ការនាំចេញយានយន្តអគ្គិសនី រួមទាំងរថយន្តអគ្គិសនីផង បន្ទះសូឡា អាគុយ និងបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នកាបូនិកផ្សេងៗទៀតរបស់ប្រទេសចិន នៅអំឡុងខែសីហា ទៅកាន់ពិភពលោកបានឈានដល់២០ពាន់លានដុល្លារអាម៉េរិក។
លោក អ៊ីវែន ហ្គ្រាហែម (Euan Graham) អ្នកវិភាគទិន្នន័យនៅអង្គការ Ember បាននិយាយថា ប្រទេសចិន បាននាំចេញបច្ចេកវិទ្យាស្អាតមានការកើនឡើងខ្លាំង ទោះបីជាតម្លៃបច្ចេកវិទ្យាបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។
ទិន្នន័យបានបង្ហាញទៀតថា សហរដ្ឋអាម៉េរិក ដែលបានចាត់ទុកខ្លួនអ្នកនាំចេញឥន្ធនៈហ្វូស៊ីលដ៏ធំ បានលក់ប្រេង និងឧស្ម័នបានចំនួន៨០ពាន់លានដុល្លារអាម៉េរិក ទៅក្រៅប្រទេសនានាគិតត្រឹមខែកក្កដា ខណៈដែលប្រទេសចិន បាននាំចេញបច្ចេកវិទ្យាបៃតងបានចំនួន១២០ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ៕
ដោយ: តែម សុខុម