ប្រទេសចិន

ចិនកំពុងក្លាយជាអ្នកទិញឧស្ម័នធម្មជាតិរាវដ៏ធំរបស់ពិភពលោក ដោយក្ដោបចំណែកទីផ្សារដល់ទៅ ៤០%


មហាយក្សចិនកំពុងក្លាយជាអ្នកនាំមុខគេនៅក្នុងពិភពលោក លើការបញ្ជាទិញឧស្ម័នធម្មជាតិរាវ LNG ពោលគឺមានប្រហែល ៤០% នៃការចុះកុងត្រាទិញឧស្ម័ន LNG ក្នុងរយៈពេលវែងកាលពីថ្មីៗនេះ ធៀបនឹងការបញ្ជាទិញជាសកល ពោលគឺទិញពីក្រុមហ៊ុននៅតំបន់អារ៉ាប់តែម្តង។ កន្លងមកនេះ អាមេរិកគឺជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ដ៏ធំបំផុត ប៉ុន្តែដោយសារភាពតានតឹងរវាងប្រទេសទាំងពីរ បានធ្វើឱ្យក្រុងប៉េកាំង បានចាប់ផ្តើមងាកចេញទៅស្វែងរកប្រភពផ្គត់ផ្គង់ដទៃ ដើម្បីបញ្ចៀសនូវហានិភ័យណាមួយ ដែលនឹងអាចកើតឡើងនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ចិនកំពុងក្លាយជាអ្នកទិញឧស្ម័នធម្មជាតិរាវដ៏ធំបំផុត

ក្រុមហ៊ុនថាមពលចិន Sinopec Group បាន​ឈានដល់​កិច្ចព្រមព្រៀង​រយៈពេល២៧ឆ្នាំជាមួយ​ក្រុមហ៊ុនរដ្ឋកាតា កាលពីចុងឆ្នាំកន្លងទៅ ក្នុងការទិញ​ឧស្ម័ន​​ធម្មជាតិរាវ LNG ចំនួន ៤លានតោន​​ក្នុងមួយឆ្នាំ។ ការនាំចូល​ឧស្ម័ន​នេះ នឹងចាប់ផ្តើម​ធ្វើឡើង​​នៅអំឡុងឆ្នាំ​២០២៦។ ក្នុងនាមជា​​​អតិថិជន​ដ៏សំខាន់​មួយ ប្រទេសចិន​ក៏បាន​ចរចាក្នុងការ​វិនិយោគ​លើ​គម្រោង​ដ៏ធំមួយ​ដើម្បីពង្រីក​ទិន្នផល​ឧស្ម័ន​ LNG នេះ​ក្នុងប្រទេស​​កាតា​ផងដែរ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុនស្រាវជ្រាវ​អឺរ៉ុប Rystad Energy បាន​ឱ្យដឹងថា នៅអំឡុងឆ្នាំ​២០២១និង២០២២ ចិន​បាន​ចុះកុងត្រា​ទិញ​ឧស្ម័ន LNG រយៈពេលវែង ចំនួន​ជិត ៥០លាន​តោន​ក្នុង១ឆ្នាំ។

គួរ​រំឭក​ថា កាលពី​ឆ្នាំមុនក្រុមហ៊ុន​​ថាមពល​ចិន ENN Group បាន​ចុះកុងត្រា​ជាមួយ​​ក្រុមហ៊ុន​អាមេរិក Energy Transfer ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋតិចសាស់ ដើម្បីទិញ​ឧស្ម័ន LNG ចំនួន ២,៧លានតោនក្នុងមួយឆ្នាំសម្រាប់រយៈពេល២០ឆ្នាំ។ ក្រុមហ៊ុន ENNនេះ បានបង្កើន​កិច្ច​ព្រមព្រៀងបញ្ជាទិញ​ជាមួយ​​ក្រុមហ៊ុន​អាមេរិក NextDecade ចំនួន ២លានតោនក្នុង១ឆ្នាំ​សម្រាប់​រយៈពេល ២០ឆ្នាំដូចគ្នាដែរ។ បន្ថែមលើសពីនេះ ក្រុមហ៊ុន NextDecade បាន​ព្រមព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន LNG ចំនួន ១លានតោន​ក្នុង១ឆ្នាំ ទៅឱ្យ​ក្រុមហ៊ុន China Gas Holding ផងដែរ។

កាលពី​ឆ្នាំ​២០២១ ចិន​បាន​វ៉ាដាច់​ជប៉ុន ក្នុងនាម​ប្រទេសអ្នកនាំចូល​ឧស្ម័ន LNG ធំបំផុត​ក្នុងពិភពលោក។ ប៉ុន្តែនៅឆ្នាំ២០២២ ការនាំចូលរបស់​ចិនបានធ្លាក់​ចុះ១៨%ដោយ​សារ​ការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាល​មកពីការរាតត្បាត​ជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ តម្រូវ​ការ​សម្រាប់​ឧស្ម័នធម្មជាតិ​របស់ចិន​នៅក្នុងឆ្នាំ​២០៣០ គឺអាចនឹងមាន​ខ្ពស់ជាង ៥០% ពីបរិមាណក្នុងឆ្នាំ​២០២១។

គួរដឹងថា អាមេរិក គឺ​ជាអ្នកផ្គត់ផ្គង់​ឧស្ម័ន LNG ដ៏ធំបំផុត​របស់ចិន បើគិតទៅលើកិច្ចព្រមព្រៀង​​រយៈពេល​វែង។ ក្រុងប៉េកាំង​ ​បាន​យកពន្ធគយ ២៥% ទៅលើ​ការនាំចូលឧស្ម័ន LNG អាមេរិក កាលពីឆ្នាំ​២០១៩ ក្នុងអំឡុង​សង្គ្រាម​​ពាណិជ្ជកម្ម តែក្រោយមកបានលើកលែងពន្ធនេះ​ចេញ​វិញ​នៅឆ្នាំ​២០២០។ ដូច្នេះចាប់ពី​ឆ្នាំ​២០២១មក ក្រុមហ៊ុន​ចិន និងអាមេរិក បានបង្កើនការចុះកិច្ចព្រមព្រៀង​ឧស្ម័ន LNG ជាបន្តបន្ទាប់មក។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះចិន​បាន​នាំចូល​ឧស្ម័ន​LNGប្រហែល​៩០លានតោន តាមរយៈកិច្ចព្រមព្រៀង​រយៈពេល​វែង ក្នុងនោះ​​ ជាមួយ​អាមេរិកប្រហែល២៥លានតោន អូស្ត្រាលីប្រហែល១៧លានតោន មជ្ឈិមបូព៌ា១៤លានតោន និងរុស្ស៊ី៦លានតោន៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យ និងសំណង់របស់វៀតណាម រង្គោះរង្គើដោយសារតែការបង្ក្រាបអំពើពុករលួយក្នុងជួររដ្ឋាភិបាល

ព័ត៌មាន
ឧស្សាហកម្មដែកក្នុងប្រទេសវៀតណាមកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ស្របពេលដែល វិធានការបង្ក្រាបអំពើពុករលួយទាក់ទងនឹងវិស័យអចលនទ្រព្យដាក់ចេញដោ…

ប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងចង់បង្កើតរូបិយបណ្ណថ្មីមួយរួមគ្នាសម្រាប់ដោះដូរពាណិជ្ជកម្ម

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំរវាងអ្នកតំណាងធុរកិច្ចប្រទេសប្រេស៊ីល និងអ្នកតំណាងធុរកិច្ចប្រទេសអាហ្សង់ទីននៅវិមានប្រធានាធិបតីក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ