
យោងតាមសហព័ន្ធមនុស្សយន្តអន្តរជាតិ (IFR) បានបង្ហាញថា ប្រទេសចិន ពេលនេះ បានដំណើរការមនុស្សយន្តក្នុងវិស័យផ្សេងៗរហូតដល់ទៅជាង២លានគ្រឿង ដែលច្រើនជាងឆ្ងាយបើធៀបនឹងប្រទេសផ្សេងៗទូទាំងពិភពលោករួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ មនុស្សយន្តឧស្សាហកម្មទាំងនេះ រួមមាន មនុស្សយន្តសម្រាប់ផ្សារដែក ដំឡើងគ្រឿងអេឡិចត្រូនិក និងរំកិលទំនិញធ្ងន់ៗផងដែរ ដើម្បីបំពេញកង្វះកម្លាំងពលកម្ម ដែលបង្កឡើងដោយសារមនុស្សចាស់មានចំនួនកាន់តែច្រើនឡើង។
ប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងការផលិតមនុស្សយន្តឧស្សាហកម្មថ្មីៗចំនួនបានចំនួនជាង៤ម៉ឺន៤ពាន់គ្រឿង ខណៈសហរដ្ឋអាម៉េរិក ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការផលិតមនុស្សយន្តឧស្សាហកម្មថ្មីៗបានចំនួនជាង៣ម៉ឺន៤ពាន់គ្រឿង។ សូមបញ្ជាក់ថា ការដំឡើងមនុស្សយន្តឧស្សាហកម្មសរុបទូទាំងពិភពលោកបានកើនឡើង៩% ឈានដល់ជាង៤ពាន់លាននៅក្នុងឆ្នាំ២០២៤។
ក្រុមអ្នកជំនាញនិយាយថា ស្វ័យប្រវត្តិកម្ម ឬការប្រើប្រាស់មនុស្សយន្តជំនួសមនុស្សនៅក្នុងឧស្សាហកម្មផ្សេងៗកំពុងក្លាយជាកត្តាដ៏ចាំបាច់ ខណៈដែលចំនួនប្រជាជនចិន បន្តធ្លាក់ចុះចាប់តាំងពី២០២២មក ដែលតួលេខផ្លូវការបង្ហាញថា បានធ្លាក់ចុះជាង១,៣លាននាក់ក្នុងឆ្នាំ២០២៤។
សាស្ត្រាចារ្យ កាវ ស៊ូតុង (Gao Xudong) នៃសាកលវិទ្យាល័យស៊ីងហ័រ (Tsinghua) បាននិយាយថា ខណៈដែលមនុស្សយន្តអាចគ្រប់គ្រងការងារដែលដំណើរការជាដដែលៗ ការងារច្នៃប្រឌិត និងស្មុគស្មាញនៅតែត្រូវការជំនាញរបស់មនុស្ស។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសចិន នៅតែប្រឈមមុខនឹងការខ្វះខាតកម្មករជំនាញចំនួន៥០លាននាក់នៅឆ្នាំ២០៣០ ជាពិសេសអ្នកបច្ចេកទេសសម្រាប់ថែទាំ និងដំណើរការមនុស្សយន្តឧស្សាហកម្មទាំងនេះ៕
អត្ថបទ តែម សុខុម