ចិនចំអកប្រជាធិតេយ្យអាមេរិក

ចិនចំអកឲ្យប្រជាធិបតេយ្យរបស់អាមេរិកថាជាអាវុធប្រល័យលោក


កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកចូ បៃឌិន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃសុក្រទី១០ធ្នូ សប្តាហ៍មុននេះហើយ ប៉ុន្តែទោះបានត្រូវចប់ទៅហើយក្តី កិច្ចប្រជុំដែលមិនសូវមានផ្លែផ្កាខាងលើនេះ បានរងការរិះគន់យ៉ាងដំណំពីប្រទេសចិន និង រុស្សី ចាប់តាំងពីមិនទាន់បើកកិច្ចប្រជុំ រហូតមកដល់ក្រោយកិច្ចប្រជុំ។ ជាក់ស្តែង ចិន នៅចុងសប្ដាហ៍មុននេះ បានប្រកាសចាត់ទុក លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ថាជាអាវុធប្រល័យលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំជាច្រើន។
លោក ចូ ប៉ៃដិន ក្នុងកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ

ក្រសួងការបរទេស​ចិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សរសេរ​រៀបរាប់​ថា​៖ លទ្ធិប្រជាធិបតេយ្យ បាន​ក្លាយជា​អាវុធ​ប្រល័យ​លោក​អស់​ពេល​ជា​យូរណាស់​មក​ហើយ ខណៈ​ដែល​អា​មេ​រិ​កបាន​ប្រើប្រាស់​វា​សម្រាប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ រដ្ឋអំណាច​ចិន តាម​រយៈ​ក្រសួងការបរទេស​របស់​ខ្លួន ថែម​ទាំង​បាន​ចោទប្រកាន់​អា​មេ​រិ​កថា ជា​អ្នក​បង្កើត​ឲ្យ​មាន​បដិវត្ត​ពណ៌​នៅ​ប្រទេស​នានា​ថែម​ទៀត​។

រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​បាន​អះអាង​ទៀត​ថា ខ្លួន​នឹង​តស៊ូ​ប្រឆាំង​ដាច់ខាត​ចំពោះ​គ្រប់​បែប​ផែនការ​នយោបាយ​ដែល​យកពាក្យ ប្រជាធិបតេយ្យ​មក​បិទ​បាំង​ធ្វើ​ជា​លេស ធ្វើ​ជា​ហេតុផល​នយោបាយ ដើម្បី​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​។

គេ​នៅ​ចាំ​បាន​ថា នៅ​មុន​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​ប៉ុន្មាន​ថ្ងៃ រុ​ស្សី និង ចិន​ក៏​បាន​ពួតដៃគ្នា​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​នឹង​កិច្ចប្រជុំ​ខាងលើ​នេះ​ដែរ​។ ក្រុង​ប៉េ​កាំ​ង និង ម៉ូ​ស្កូ ដែល​មិន​ត្រូវ​បាន អា​មេ​រិ​ក​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ ក៏​បាន​រិះគន់​កិច្ចប្រជុំ​នោះ​ថា ជា​ការ​បែងចែក​បក្សពួក ហើយ​ចោទ​អា​មេ​រិ​កថា កំពុង​ព្យាយាម​គូសបន្ទាត់​មនោ​គម​វិជ្ជា​នយោបាយ​ជា​ថ្មី​។ 

មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ពី ភាគី​សហរដ្ឋអាមេរិក​នោះ​ទេ ក្រោយ​មានការ​រិះគន់​ជា​ច្រើន ពិសេស​សេចក្តីថ្លែងការណ៍​របស់​ចិន នៅ​ក្រោយ​កិច្ចប្រជុំ​ត្រូវ​បាន​បញ្ចប់​ទៅ​នេះ​។

យ៉ាងណាមិញ អំឡុង​ពេល​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​រយៈពេល​២​ថ្ងៃ នៅ​អា​មេ​រិ​ក លោក ចូ បៃ​ឌិន​បាន​និយាយ​ថា បច្ចុប្បន្ន​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​នៅ​ជុំវិញ​ពិភពលោក កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​របប​ផ្តាច់​ការ​។ របប​ផ្តាច់​ការ​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែង​ព្យាយាម​ពង្រីក​អំណាច និង​ឥទ្ធិពល លុប​បំបាត់​ភាព​ត្រឹមត្រូវ និង​ជំនួស​មក​វិញ ដោយ​ការ​គាបសង្កត់​។ ទោះបី​មិន​បាន​និយាយ​ចំ​ៗ​ទៅ​លើ​ប្រទេស​ចិន និង​ប្រទេស​រុ​ស្សី​ក៏​ដោយ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា លោក​បៃ​ដិ​ន ចង់​សំដៅ​ដល់​ប្រទេស​ទាំង​ពីរ​នេះ ពិសេស​ប្រទេស​ចិន​តែ​ម្តង ដែល​បច្ចុប្បន្ន​កំពុង​ពង្រីក​ឥទ្ធិ​ល​នៅ​ពាសពេញ​ពិភពលោក ហើយ​ដែល​ជា​រឿយ​ៗ លោក​ចូ ប៉ៃ​ឌិន តែងតែ​ចាត់​ទុក ប៉េ​កាំ​ង និង​មូ​ស្គូ​ថា ជា​រដ្ឋ​ផ្តាច់​ការ​ធំ​ជាងគេ​ក្នុង​លោក​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ និងអ្នកជំនួញធំៗអះអាងថា កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង ប្រសិនបើតម្លៃដឹកជញ្ជូននៅតែថ្លៃជាងប្រទេសដទៃ

ព័ត៌មាន
ក្រុមអ្នកជំនួញធំៗ និងអ្នកជំនាញ បានចាត់ទុកវិស័យដឹកជញ្ជូន និងឡូជីស្ទីកជាសរសៃឈាមសេដ្ឋកិច្ចដែលកម្ពុជាបាននិងកំពុងខិតខំអភិវឌ្ឍ ដើម្បីរួមចំណែ…

ថៃប្ដេជ្ញានឹងជំរុញឲ្យមានការបើកទូលាយចំពោះវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិច

ព័ត៌មាន
ក្រោយទទួលជាម្ចាស់ផ្ទះកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ ហៅកាត់ថា APEC នៅឆ្នាំក្រោយ ប្រទេសថៃប្តេជ្ញាចិត្តថា នឹងជួយត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ