ចិនបង្កើនវិនិយោគលើរថយន្តអគ្គិសនីនៅថៃ

ក្រុមហ៊ុនចិន Great Wall គ្រោងបង្កើនការវិនិយោគលើរថយន្តអគ្គិសនីទ្វេដងនៅថៃ


ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនចិនធំៗបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារ និងការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ ព្រមទាំងមានការលើកទឹកចិត្តយ៉ាងច្រើនពីរដ្ឋាភិបាលថៃថែមទៀតផង។ តួយ៉ាងក្រុមហ៊ុនរថយន្តចិន Great Wall Motor ប្រកាសថា ខ្លួននឹងបង្កើនការវិនិយោគទ្វេដងនៅក្នុងប្រទេសថៃ ដើម្បីរក្សាកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកឈានមុខគេលើរថយន្តអគ្គិសនីក្នុងប្រទេសអាស៊ានមួយនេះ ខណៈការប្រកួតប្រជែងទីផ្សារកាន់តែកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ក្រុមហ៊ុនចិន Great Wall បង្កើនវិនិយោគទ្វេដងលើរថយន្តអគ្គិសនីនៅថៃ

លោក Narong Sritalayon អគ្គនាយកក្រុមហ៊ុន Great Wall Motor ប្រចាំប្រទេសថៃ បានឱ្យដឹងថា ចាប់តាំងពីបានឈានជើងចូលក្នុងទីផ្សារថៃរយៈពេល ២ឆ្នាំកន្លងមក ក្រុមហ៊ុន Great Wall Motor បានវិនិយោគទឹកប្រាក់ប្រមាណ ៣៣៤លានដុល្លារ ក្នុងការផលិតរថយន្តអគ្គិសនី និងបានជួលបុគ្គលិកជាង ៣ពាន់នាក់។

លោកបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគប្រមាណជាង ៦៣០លានដុល្លារទៀត ក្នុងប្រទេសថៃ ដោយមិនត្រឹមតែផលិតរថយន្តអគ្គិសនីតែមួយមុខទេ ពោលគឺនឹងផលិតគ្រឿងបន្លាស់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យរថយន្តអគ្គិសនីផងដែរ ដើម្បីជំរុញឱ្យប្រទេសមួយនេះ ក្លាយជាជង្រុកផលិតរថយន្តអគ្គិសនី ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Great Wall បានចូលវិនិយោគក្នុងប្រទេសថៃ នៅឆ្នាំ២០២០ ក្នុងពេលបានទិញរោងចក្រដំឡើងរថយន្តមួយពីក្រុមហ៊ុនអាមេរិក General Motors។ ក្រុមហ៊ុនចិននេះ បានលក់រថយន្តជាង ១១.០០០គ្រឿងហើយគិតមកពេលនេះ ដែលលើសពីការព្យាកររបស់សហព័ន្ធឧស្សាហកម្មថៃ ដែលរំពឹងថា ការលក់រថយន្តអគ្គិសនីទាំងអស់នឹងមានចំនួនត្រឹមប្រហែល ១ម៉ឺនគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២២។

បើតាមលោក Narong អគ្គនាយកក្រុមហ៊ុន Great Wall Motor ការកើនឡើងក្នុងការលក់រថយន្តអគ្គិសនី ដោយសារទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលថៃ ដែលធ្វើឱ្យរថយន្តប្រភេទនេះមានតម្លៃសមរម្យ ដើម្បីបង្កើតតម្រូវការ និងទាក់ទាញក្រុមហ៊ុនផ្សេងៗមកវិនិយោគកាន់តែច្រើន។

លោក Narong បន្ថែមថា ក្រុមហ៊ុន Great Wall នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យារថយន្តអគ្គិសនី ដើម្បីធ្វើឱ្យរោងចក្រដំឡើងរបស់ខ្លួនដែលស្ថិតនៅក្នុងខេត្ត Rayong ក្លាយជារោងចក្រឆ្លាតវៃមួយ និងអាចមានសមត្ថភាពផលិតប្រចាំឆ្នាំបានប្រមាណ ៨ម៉ឺនគ្រឿង។ រថយន្តអគ្គិសនីដែលផលិតដោយក្រុមហ៊ុនចិនមួយនេះ នឹងលក់នៅទីផ្សារក្នុងស្រុកថៃប្រហែល ៦០% និងនាំចេញប្រហែល ៤០%។

TTB Analytics ជាអង្គភាពមួយរបស់ធនាគារ TMB Thanachart Bank បានព្យាករថា ការលក់រថយន្តអគ្គិសនីក្នុងប្រទេសថៃ នឹងឈានដល់ជាង ៦ម៉ឺនគ្រឿងត្រឹមចុងឆ្នាំនេះ កើនឡើងជាង ៥០០% បើធៀបនឹងឆ្នាំ២០២១។ កំណើននេះ ក៏ដោយសារតែមានការជំរុញពីរដ្ឋាភិបាល ដែលនាំឱ្យតម្រូវការកើនឡើង។

គួរកត់សម្គាល់ថា ក្នុងខែកុម្ភៈ រដ្ឋាភិបាលថៃ បានឧបត្ថម្ភធនសម្រាប់អ្នកទិញរថយន្ដអគ្គិសនី ក្នុងតម្លៃ ២ពាន់ ទៅជាង ៤ពាន់ដុល្លារ សម្រាប់ការទិញរថយន្តអគ្គិសនីមួយគ្រឿង ផ្អែកតាមម៉ូឌែល និងទំហំអាគុយ។ ក្រោយមកទៀត នៅខែមិថុនា រដ្ឋាភិបាលបានបន្តលើកទឹកចិត្តដោយកាត់បន្ថយពន្ធនាំចូលចំពោះរថយន្តអគ្គិសនីពី ៨% មកនៅត្រឹម ២% តែប៉ុណ្ណោះ ដើម្បីជំរុញការផលិតយានយន្ដអគ្គិសនីក្នុងប្រទេស។ គោលនយោបាយនេះ គឺនឹងក្លាយជាឈ្នាន់មួយសម្រាប់ឱ្យថៃ ក្លាយជាកន្លែងផលិតរថយន្តអគ្គិសនីប្រចាំតំបន់អាស៊ាន ហើយត្រឹមឆ្នាំ២០៣០ រាល់ការលក់រថយន្តទាំងអស់នៅក្នុងប្រទេសនេះ ក្នុងនោះ ៣០% ត្រូវតែជារថយន្តអគ្គិសនី៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ចំណូលពន្ធដាររំពឹងកើនលើផែនការ១៥%នៅឆ្នាំនេះ ខណៈនៅ១០ខែមកនេះប្រមូលបានជិត៣ពាន់លានដុល្លារ

ព័ត៌មាន
ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០២២ តែរក្សាបាននូវកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់ និងបានកើនលើសផែនការប្រចាំឆ្នាំទៅទ…

ហេតុផលអ្វីខ្លះ រុញឲ្យសេដ្ឋកិច្ចជប៉ុនដាំក្បាលចុះលើសការរំពឹងទុក នៅត្រីមាសទី៣ឆ្នាំនេះ?

ព័ត៌មាន
សេដ្ឋកិច្ចប្រជុំជប៉ុនកំពុងដើរថយក្រោយ មិននឹកស្មានដល់ក្នុងត្រីមាសទី៣ឆ្នាំ២០២២នេះ ពោលគឺជាការធ្លាក់ចុះអាក្រក់បំផុត បើធៀបនឹងត្រីមាសកន្លងមកក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ