ការប៉ះទង្គិចគ្នានៅច្រកសមុទ្រតៃវ៉ាន់

យោធាចិនស្តីបន្ទោសកងនាវាអាមេរិក និងកាណាដាថា ជាដើមហេតុដែលហៀបធ្វើឱ្យមានការប៉ះទង្គិចគ្នានៅច្រកសមុទ្រតៃវ៉ាន់


យោធារបស់ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក និងកាណាដាខ្លាំងៗ ពីបទចង់បង្កហានិភ័យដោយចេតនា បន្ទាប់ពីកងនាវាចរណ៍របស់ប្រទេសទាំងពីរបានធ្វើដំណើររួមគ្នាដ៏កម្រមួយនៅច្រកសមុទ្រតៃវ៉ាន់ ដែលចិនទាមទារមិនដាច់ពីមាត់ថាជារបស់ខ្លួន។ ការប្រឈមមុខនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ប៉ុន្តែអាជ្ញាធរតៃវ៉ាន់និយាយថានាវាចម្បាំងសហរដ្ឋអាមេរិកនិងកាណាដាពុំបានធ្វើអ្វីមិនធម្មតាសោះ។
ចិនប្រឈមមុខនឹងនាវាចម្បាំងអាមេរិកនិងកាណាដានៅច្រកសមុទ្រតៃវ៉ាន់

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសៅរ៍ ទី៣ ខែមិថុនា កងនាវាចរទី៧របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់«តាមទម្លាប់» ដោយប្រើប្រាស់នាវាចម្បាំងធុន​ USS Chung-Hoon បំពាក់ដោយកាំជ្រួចដែលអាចបញ្ជាឱ្យហោះហើរបាន។ ដំណើររបស់នាវានេះបានធ្វើឡើងរួមគ្នាជាមួយនាវាចម្បាំងរបស់ប្រទេសកាណាដាធុន HMCS Montreal នៅលើ«ដែនទឹកដែលសេរីភាពនាវាចរណ៍និងអាកាសចរណ៍អាចអនុវត្តស្របតាមច្បាប់អន្តរជាតិ»។

តាមសេចក្តីថ្លែងការណ៍របស់ខ្លួន ការធ្វើនាវាចរណ៍ទ្វេភាគីជាមួយសម្ព័ន្ធមិត្តកាណាដានៅច្រកសមុទ្រតៃវ៉ាន់នេះ គឺចង់បង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនិងដៃគូដែលថា ច្រកសមុទ្រនេះជាផ្នែកមួយនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ ហើយខ្លួនមានសិទ្ធិឆ្លងតាមវាដោយសេរីនិងគ្មានការរំខាន។

ទោះជាយ៉ាងណាក៏ដោយ ទីបញ្ជាការកងទ័ពរំដោះប្រជាជានចិនប្រចាំភាគខាងកើតបានចេញសេចក្ដីប្រកាសមួយថា យោធាជើងទឹកចិនកំពុងតាមដានសកម្មនេះយ៉ាងជាប់លាប់ដោយស្របតាមច្បាប់ និងបទបញ្ញត្តិរបស់ខ្លួន។ តែយោធាចិនបានបន្តថា​ សកម្មភាពនេះគឺមានចេតនាបង្កើតឧបទ្ទវហេតុនៅក្នុងតំបន់ បង្កឱ្យមានហានិភ័យ ធ្វើឱ្យខូចដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំង«ឯករាជ្យតៃវ៉ាន់»ផងដែរ។

ក្រសួងការពារជាតិតៃវ៉ាន់បានប្រាប់ឱ្យដឹងដែរថា ពិតជាមាននាវាចម្បាំងពីរគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់មែន ប៉ុន្តែខ្លួនមិនបានឃើញមានភាពខុសប្រក្រតីនៅក្នុងការធ្វើនាវាចរណ៍នោះទេ។

បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានបញ្ញាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈពេលដែលនាវាចម្បាំង USS Chung-Hoon កំពុងធ្វើដំណើររួមគ្នាជាមួយ HMCS Montreal នៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរិ៍នោះ មាននាវាចម្បាំងចិនមួយគ្រឿងបានធ្វើដំណើរមកកៀកនឹងនាវារបស់ខ្លួនពីរដង ហើយស្ថិតនៅចម្ងាយត្រឹមតែ១៤០ទៅ១៨០ម៉ែត្រពីគ្នាប៉ុណ្ណោះ ដែលហៀបនឹងធ្វើឱ្យមានការប៉ះទង្គិចគ្នាជាយថាហេតុ។ បញ្ជាការដ្ឋាននេះបាននិយាយថា នេះគឺជាសកម្មភាពដែលរំលោភលើច្បាប់ស្ដីពីផ្លូវនាវាចរណ៍ដែលចែងក្នុងច្បាប់អន្តរជាតិ។

សារព័ត៌មានកាណាដា The Global បានរាយការណ៍ថា នាវាចម្បាំងចិននោះបានបង្អាក់ល្បឿននាវាចម្បាំងអាមេមរិក១០ដង ហើយអាមេរិកបានប្រាប់ទៅនាវាចិនថា​ឱ្យនៅឱ្យឆ្ងាយពីនាវារបស់ខ្លួន។ កាសែតនេះបា​នបន្ថែមទៀតថា មេបញ្ជាការនាវាចម្បាំងកាណាដា HMCS Montreal លោក ភូល ម៉ោនហ្វត (Paul Mountford)​ បានហៅសកម្មចិននេះថាជាទង្វើគ្មានវិជ្ជាជីវៈ និងមានបំណងញុះញង់យ៉ាងច្បាស់។ លោកបានបន្តថា នាវាចិននោះបាន​ព្រមាន​នាវា​អាមេរិក និង​នានាកាណាដាថា នាវាទាំងពីរគឺសស្ថិត«នៅក្នុង​ដែនទឹក​របស់​ចិន» បើទោះបីជា​ច្រកសមុទ្រ​តៃវ៉ាន់ត្រូវបាន​ទទួលស្គាល់ថា​ជា​ដែនទឹក​អន្តរជាតិ​ក៏ដោយ​។

មែនទែនទៅ ឧប្បត្តិហេតុដែលវិះនឹងប៉ះទង្គិចគ្នារវាងនាវាចម្បាំងនឹងនាវាចម្បាំងនេះបានកើតស្របពេលដែលមេដឹកនាំការពារជាតិនៃប្រទេសទាំងបីគឺចិន អាមេរិក និងកាណាដា ​កំពុលចូលរួមកិច្ចសន្តិសុខ សាងហ្គ្រី-ឡា នៅប្រទេសសឹង្ហបុរី ដោយក្នុងនោះបើតាមសេច​ក្ដីរាយការណ៍ ក៏មានការប៉ះពារពាក្យសម្តីគ្នារវាងប្រមុខការពារជាតិចិន និងសហរដ្ឋអាមេរិក លើបញ្ហាកោះតៃវ៉ាន់ផងដែរ៕




អត្ថបទបន្ទាប់


ភាពជាប់គាំងកម្រិតបំណុលរបស់អាមេរិកត្រូវបានទម្លាយហើយ ក្រោយលោកចូ បៃឌិន ចុះហត្ថលេខាលើច្បាប់ស្ដីពីកម្រិតបំណុល

ព័ត៌មាន
ទីបំផុត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដែលព្យួរកម្រិតបំណុលអតិបរមាទំហំ ៣១,៤ ទ្រី…

ទីតាំងកម្សាន្តដ៏ល្អបំផុតសម្រាប់គ្រួសារគឺនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានទាំងប្រូម៉ូសិន 70% ទាំងចាប់ឆ្នោតយករង្វាន់ធំៗជាច្រើន

ព័ត៌មាន
ហាងម៉ាកល្បីៗជាច្រើនដែលប្រមូលផ្ដុំគ្នានៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល រាប់តាំងពីហាងសម្លៀកបំពាក់ ភោជនីយដ្ឋាន រោងភាពយន្ដ កន្លែងកម្សាន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ