អាមេរិក-ជប៉ុន-ចិន

អាមេរិក និងជប៉ុនកើតមានក្ដីបារម្ភ ក្រោយក្រុមហ៊ុនចិនមួយចំនួនទិញដី “ធ្វើកសិកម្ម” នៅក្បែរមូលដ្ឋានទ័ពអាកាសរបស់ខ្លួន


សមាជិកសភាអាមេរិកចំនួន ១៣០ នាក់បានផ្ញើលិខិតមួយទៅកាន់ការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល (GAO) ដោយស្នើសុំឱ្យសិក្សាពីផលប៉ះពាល់សុវត្ថិភាពនៃការវិនិយោគបរទេសទៅលើដីកសិដ្ឋាននៅសហរដ្ឋអាមេរិកក្រោយពីពួកគេបានដឹងព័ត៌មានថា ក្រុមហ៊ុនចិនមួយចំនួនបានទិញដីកសិកម្មរាប់រយហិកតានៅជិតមូលដ្ឋានទ័ពអាកាសអាមេរិកនៅរដ្ឋណ័សដាកូតា (North Dakota) សហរដ្ឋអាមេរិក ខណៈដែលប្រទេសជប៉ុនវិញក៏ព្រួយបារម្ភ ចំពោះការទិញដីដោយក្រុមហ៊ុនចិននៅក្បែរមូលដ្ឋានទ័ពអាកាសរបស់ខ្លួនផងដែរ។
ក្រុមហ៊ុនចិនមួយចំនួនទិញដី “ធ្វើកសិកម្ម” នៅក្បែរមូលដ្ឋានទ័ពអាកាសរបស់អាមេរិក ជប៉ុន

សារព័ត៌មានជប៉ុន Nikkei បានឲ្យដឹងថា តំណាងរាស្ត្រអាមេរិកលោក ជេម ខូមឺ (James Comer) សមាជិកគណៈកម្មាធិការត្រួតពិនិត្យ និងកំណែទម្រង់ក្នុងសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការគ្រប់គ្រងរបស់ចិននៅលើដីស្រែនៅសហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដល់សន្តិសុខស្បៀង និងសន្តិសុខជាតិរបស់អាមេរិក។ នៅដើមខែនេះ សមាជិកសភាបានអំពាវនាវឱ្យការិយាល័យ គណនេយ្យភាពរបស់រដ្ឋាភិបាល រាយការណ៍ពីវិសាលភាពនៃការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហាររបស់អាមេរិក និងប្រាប់សភាពីរបៀបល្អបំផុត«ដើម្បីការពារសុវត្ថិភាពរបស់ប្រជាជនអាមេរិក»។

ក្តីបារម្ភចំពោះការគ្រប់គ្រងដីស្រែចម្ការពីបរទេសនៅសហរដ្ឋអាមេរិកនេះបានកើនឡើងនៅក្នុងរដូវក្តៅនេះ បន្ទាប់ពីមានការលេចឮថាក្រុមហ៊ុនកសិកម្មរបស់ចិន ហ្វូហ្វឹង គ្រុប (Fufeng Group) បានទិញដីចំនួនកសិកម្មទំហំ ១៥០ ហិកតានៅក្នុងទីក្រុងក្រេនហ្វក (Grand Forks) នៅរដ្ឋ ណ័ស ដាកូតា ចម្ងាយប្រហែលតែ ២០ គីឡូម៉ែត្រប៉ុណ្ណោះ ពីមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិកដែលផ្ទុកទៅដោយយន្តហោះដ្រូនទំនើបៗបំផុតនៅទីនោះ។

ក្រុមហ៊ុន ហ្វូហ្វឹង បាននិយាយថា ដីនេះគឺសម្រាប់សង់រោងចក្រកិនពោតស្រស់ ដើម្បីទាញយកអាស៊ីតអាមីណូមានតម្លៃខ្ពស់ អាស៊ីតលីស៊ីន និងអាស៊ីតស្រេអូនីន (threonine) សម្រាប់ប្រើក្នុងចំណីសត្វ ហើយថា ផលិតផលភាគច្រើននឹងត្រូវនាំយកទៅលក់នៅទ្វីបអាមេរិកខាងជើង។

ប៉ុន្តែក្រុមហ៊ុនប្រព័ន្ធអាកាសចរណ៍ទូទៅ (General Atomics Aeronautical Systems) ដែលទទួលម៉ៅការក្នុងការអភិវឌ្ឍប្រព័ន្ធយន្តហោះគ្មានមនុស្សបើកនៅមូលដ្ឋានទ័ពអាកាសនេះបានចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងនឹងការវិនិយោគនេះ ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់គម្រោងនេះផងដែរ។

លោក ម៉ាក ព្រីងលី (Mark Brinkley) អ្នកនាំពាក្យរបស់ក្រុមហ៊ុន General Atomic Aeronautical Systems បាននិយាយថា កិច្ចខិតខំប្រឹងប្រែងធុរកិច្ចរបស់ចិននេះត្រូវបានផ្សាភ្ជាប់ជាមួយកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន។ អាមេរិកមិនអាចព្រងើយកន្តើយចំពោះឱកាសសម្រាប់ចារកម្មយោធាដ៏ទំនើបបែបនេះឡើយ ដូច្នេះហើយក្រុមមេដឹកនាំអាមេរិកគួរតែយកចិត្តទុកដាក់និងបារម្ភឱ្យបានខ្លាំងបំផុត។

បច្ចុប្បន្នគម្រោងនេះត្រូវបានផ្អាកហើយ ខណៈដែលគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិកកំពុងធ្វើការត្រួតពិនិត្យសន្តិសុខជាតិឡើងវិញ។

ការព្រួយបារម្ភស្រដៀងគ្នានេះក៏ត្រូវបានលើកឡើងនៅក្នុងប្រទេសជប៉ុនផងដែរ។ កាលពីខែមករា លោកស្រី សាណេ តាកៃឈី (Sanae Takaichi) ដែលពេលនោះធ្វើជាប្រធានគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចនេះបានកត់សម្គាល់ក្នុងសម័យប្រជុំសភាថា ក្រុមហ៊ុនមួយមានទំនាក់ទំនងជិតស្និទ្ធនឹងលុយចិនបានទិញដីមួយនៅកោះហុកកៃដូស្ថិតនៅចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីទីតាំងរ៉ាដានៃកងទ័ពការពារដែនអាកាសជប៉ុន។ លោកស្រីបានលើកជាសំណួរនៅក្នុងសម័យប្រជុំគណៈកម្មាធិការថវិកាសភាជាន់ទាបថា«តើនេះមិនមែនជាបញ្ហាសន្តិសុខជាតិទេឬ?»។

ទីភ្នាក់ងារព្រៃឈើរបស់ជប៉ុនបាននិយាយថា ការទិញដីព្រៃដោយក្រុមហ៊ុនបរទេសនេះបានកើនឡើងដល់ជាង ២ពាន់៦រយហិកតាគិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជាការកើនឡើងជិត៥ដងបើធៀបនឹងពេលដែលទីភ្នាក់ងារនេះបានចាប់ផ្តើមការស្ទង់មតិរបស់ខ្លួនក្នុងឆ្នាំ២០១០។ ក្នុងចំណោម ១៩ ករណីដែលបានកត់ត្រាក្នុងឆ្នាំ២០២១គឺមាន ១៤ ករណីគឺបានទិញនៅកោះហុកកៃដូ ដោយអ្នកទិញគឺមកពីក្រុងហុងកុង ម៉ាកាវ ប្រទេសអូស្ត្រាលី សិង្ហបុរី និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាឥណ្ឌា-រុស្ស៊ីធំមួយរំពឹងចំណូល ៥ពាន់លានដុល្លារពីការនាំចេញមីស៊ីលលឿនជាងសំឡេងនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាឥណ្ឌា-រុស្ស៊ីដែលផលិតកាំជ្រួច មីស៊ីលល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរផងនោះ សង្ឃឹមថា នឹងទទួលបា…

វៀតណាម និងកូរ៉េខាងត្បូង កំណត់គោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១០០ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ព័ត៌មាន
ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង នៅក្រុងហាណូយ ប្រទេសវៀតណាម ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបទំនាក់ទំនងការទូតលើកទី៣០ ភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ