លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំកាហ្វេកំពុងមានទីផ្សារល្អ ដោយសារតែមានតម្រូវការកើនឡើងច្រើន។ អ្នកជំនាញកសិកម្មរូបនេះ ជឿជាក់ថា ដំណាំកាហ្វេនឹងនៅតែមានទីផ្សារល្អនាពេលខាងមុខ ហើយលោកជំរុញឱ្យកសិករអ្នកដាំកាហ្វេពង្រីកផ្ទៃដីដាំដុះឱ្យបានច្រើនបន្ថែមទៀត។
លោក ច័ន្ទ សុផល លើកឡើងទៀតថា រាជរដ្ឋាភិបាល គួរបង្កើតគោលនយោបាយតំបន់យុទ្ធសាស្រ្ត និងជំរុញឱ្យមានដាំដំណាំយុទ្ធសាស្ត្រដូចជាកាហ្វេ នៅតាមតំបន់ដែលមានសក្ដានុពល ក៏ដូចជាផ្ដល់នូវហិរញ្ញទាន និងផ្សារភ្ជាប់ជាមួយទីផ្សារ ការវិនិយោគ ដើម្បីជំរុញឱ្យមានការកែច្នៃបន្ថែមទៀត។
ដំណាំកាហ្វេ ជាប្រភេទដំណាំដែលរើសសណ្ឋានដី ពោលគឺ នៅកម្ពុជា គេអាចដាំបានតែនៅតំបន់ដែលមានអាកាសធាតុត្រជាក់ប៉ុណ្ណោះ ពោលគឺភាគច្រើន មាននៅខេត្តមណ្ឌលគិរី កំពង់ធំ និងតំបន់មួយចំនួនទៀត។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ មានពលរដ្ឋចាប់អារម្មណ៍ចង់ដាំដុះដំណាំកាហ្វេច្រើន ខណៈតម្លៃកាហ្វេ ក៏លក់បានថ្លៃជាងពេលមុនៗ ដោយបច្ចុប្បន្ននេះ គ្រាប់កាហ្វេស្រស់អាចលក់បានក្នុងតម្លៃជាង ៤០០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលឆ្នាំទៅអាចលក់បានក្នុងរង្វង់៣០០០រៀល ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។
បើតាមការអះអាងរបស់ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ធ្លាប់បានអះអាង ប្រាប់សារព័ត៌មានខេមបូណូមីស កាលពីកន្លងទៅថា ដោយមើលឃើញពីតម្រូវការកាហ្វេកើនឡើង មន្ទីរកសិកម្មកំពុងសិក្សាពីគម្រោងពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី ឱ្យបានច្រើនបន្ថែមទៀត ដើម្បីអាចផលិតកាហ្វេឱ្យបានច្រើន តបតាមតម្រូវការក្នុងស្រុក។
ទិន្នន័យពី សមាគមកាហ្វេកម្ពុជា បង្ហាញថា កម្ពុជា មានតម្រូវការប្រើប្រាស់កាហ្វេប្រមាណជាង១ម៉ឺនតោនក្នុង១ឆ្នាំ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានប្រមាណ១ពាន់តោនតែប៉ុណ្ណោះ ពោលគឺ ភាគច្រើនលើសលុបត្រូវបាននាំចូលពីក្រៅប្រទេស៕
អត្ថបទ៖ ជា ម៉ារ៉ា