តម្លៃ​ក្រពើ​ធ្លាក់ចុះ

ម្ចាស់កសិដ្ឋាន៖ ពី​មុន​លក់​ក្រពើ​ទិញ​ដី តែ​ឥឡូវ​​​លក់​ដី​ឲ្យ​ក្រពើ​ស៊ី​វិញ​ហើយ!


ក្រពើ​ត្រូវ​បាន​ស្គាល់​ថា ជា​សត្វ​សាហាវ​មួយ​ប្រភេទ​ដែល​ស៊ី​សាច់​ជា​អាហារ ហើយ​មនុស្ស​ម្នា​ច្រើន​តែ​ខ្លាច​រអា​ជា​ទីបំផុត ប៉ុន្ដែ ការ​ចិញ្ចឹម​ក្រពើ ក៏​បាន​ក្លាយ​ជា​មុខ​របរ​មួយ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​គួរសម​ដែរ បើ​ធៀប​នឹង​របរ​ចិញ្ចឹម​សត្វ​ផ្សេងៗ​ទៀត។
លោក កាំង សារិន អាយុ ៦៤ឆ្នាំ ចិញ្ចឹម​ក្រពើ​តាំង​ពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ។ រូបភាព៖ ហេង ភារម្យ
ដោយ

យ៉ាង​ណា​ក៏​ដោយ​ចុះ សម្រាប់​ទីផ្សារ​ក្រពើ​នៅ​ឆ្នាំ​នេះ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរ​តែ​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​ជិត​៣​ទសវត្សរ៍​កន្លង​មក​នេះ ពោល​គឺ​កូន​ក្រពើ​មួយ​ក្បាល​មាន​តម្លៃ​មិន​ដល់​១០​ដុល្លារ​ផង ខណៈ​ដែល​ឆ្នាំ​មុនៗ​មាន​តម្លៃ​ជា​មធ្យម​ជាង ១០​ដុល្លារ​ឡើង​ទៅ ឬ​ជិត​៣០​ដុល្លារ​ក៏​មាន។

លោក កាំង សារិន ម្ចាស់​កសិដ្ឋាន Cambo Crocodile Farm ដែល​​ជា​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ដ៏​ធំ​និង​មាន​អាយុ​កាល​យូរ​ជាង​គេ​បង្អស់ នៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ បាន​ប្រាប់ ខេមបូណូមីស ថា លោក​បាន​ចាប់​យក​មុខ​របរ​នេះ​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ ដែល​កាល​ណោះ លោក​បាន​ទិញ​មេ​ក្រពើ​ពូជ​ពី​ខេត្ត​សៀមរាប និង​កំពង់ធំ មក​ចិញ្ចឹម​ប្រមាណ​១០ ទៅ ២០​ក្បាល​​ប៉ុណ្ណោះ ដែល​មេ​ក្រពើ​ពូជ​មួយ​ក្បាល​មាន​តម្លៃ​រហូត​ដល់​១៥​តម្លឹង​មាស ខណៈ​បច្ចុប្បន្ន​ តម្លៃ​​មេ​ក្រពើ​​ពូជ​​មួយ​​ក្បាល​មាន​តម្លៃ​តែ ៦០០ ទៅ ៧០០​ដុល្លារ​ប៉ុណ្ណោះ។

គិត​រហូត​មក​ទល់​ពេល​នេះ កសិដ្ឋាន​របស់​លោក​បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ឡើងៗ ពោល​គឺ​កំពុង​ចិញ្ចឹម​ក្រពើ​ប្រមាណ​១៥០០​ក្បាល លើ​ផ្ទៃ​ដី​ជាង​១​ហិកតា។ ក្នុង​នោះ ការ​ចិញ្ចឹម​របស់​លោក​គឺ​ចិញ្ចឹម​ភ្ញាស់​កូន​ក្រពើ​លក់​ប៉ុណ្ណោះ មិន​មាន​ចិញ្ចឹម​យក​ស្បែក​នោះ​ឡើយ ដោយសារ​តែ​លោក​មិន​មាន​ដើម​ទុន និង​បច្ចេកទេស​គ្រប់​គ្រាន់​ដើម្បី​កែច្នៃ​យក​ស្បែក​លក់ ខណៈ​ដែល​ការ​ចិញ្ចឹម​យក​ស្បែក​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​រហូត​ដល់​៣ ទៅ ៥​ឆ្នាំ​ឯណោះ។ 

យ៉ាង​ណា​ក៏​ដោយ ការ​ចិញ្ចឹម​ក្រពើ​យក​កូន​របស់​ម្ចាស់​កសិដ្ឋាន​វ័យ​ចំណាស់​រូប​នេះ មិន​សូវ​ជា​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ​នៅ​ឆ្នាំ​នេះ ពោល​គឺ​ទិន្នផល​បាន​តិច​ហើយ តម្លៃ​ទីផ្សារ​ថោក​ទៀត។ តួយ៉ាង តម្លៃ​កូន​ក្រពើ​​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ស្ទើរ​តែ​មិន​ធ្លាប់​មាន​សោះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ ពោល​គឺ​កូន​ក្រពើ​មួយ​ក្បាល​បច្ចុប្បន្ន​អាច​លក់​បាន​តែ​៩​ដុល្លារ ទៅ ៩,៥​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​កាល​ពី​ដើម​ដៃ (ការ​ប្រមូល​ផល​លើក​ដំបូង​នៃ​ឆ្នាំនេះ) កូន​ក្រពើ​មួយ​ក្បាល​អាច​លក់​បាន​ក្នុង​តម្លៃ​១៥​ដុល្លារ​ដែរ។ 

ម្ចាស់​កសិដ្ឋាន​រូប​នេះ បាន​គូស​បញ្ជាក់​ថា តាំង​ពី​លោក​ចិញ្ចឹម​ក្រពើ​​ជិត​៣០​ឆ្នាំ​មក​នេះ នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​តម្លៃ​កូន​ក្រពើ​លើ​ទីផ្សារ​បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម​១០​ដុល្លារ​ក្នុង​មួយ​ក្បាល ខណៈ​ដែល​កាល​ពី​​លើក​មុន​នោះ (ល្បាក់​ឆ្នាំ​១៩៩០) គឺ​ធ្លាក់​ចុះ​មក​នៅ​តម្លៃ​ប្រហាក់ប្រ​ហែល​នេះ​ដែរ។

អ្នក​ចិញ្ចឹម​ក្រពើ​​ត្អូញត្អែរ​ពីត​ម្លៃ​កូន​ក្រពើ​ធ្លាក់​ចុះ​ខ្លាំង។ (រូបភាព៖ ហេង ភារម្យ)

លោក​បន្ត​ថា តម្លៃ​កូន​ក្រពើ​បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ជាប់ៗ​គ្នា ពោល​គឺ កាល​ពី​ដើម​ដៃ​ឆ្នាំ​២០១៥ កូន​ក្រពើ​មួយ​ក្បាល​អាច​លក់​បាន​២២​ដុល្លារ និង​ចុង​ដៃ​អាច​លក់​បាន ២៧​ដុល្លារ។ រីឯ​ដើម​ដៃ​ឆ្នាំ​២០១៦ កូន​ក្រពើ​មួយ​ក្បាល​អាច​លក់​បាន​១៧​ដុល្លារ ទៅ ២០ដុល្លារ និងចុងដៃ​អាច​លក់​បាន ១២,៥​ដុល្លារ។ 

ដោយ​ឡែក នៅ​ដើម​ដៃ​ឆ្នាំ​២០១៧​នេះ អាចលក់បានតែ១៥ដុល្លារនៃកូនក្រពើ​មួយ​ក្បាល ខណៈ​ដែល​មក​ទល់​ពេល​នេះ លក់​បាន​ក្នុង​តម្លៃ​ទាប​បំផុត គឺ ៩​ដុល្លារ ទៅ ៩,៥​ដុល្លារ។

បើ​តាម​ប្រសាសន៍​របស់​លោក កាំង សារិន ការ​ធ្លាក់​ចុះ​នៃ​កូន​ក្រពើ​នៅ​ឆ្នាំ​នេះ គឺ​ដោយសារ​តែ​កាល​ពី​មុន​ទីផ្សារ​ក្រពើ គឺ​ពឹង​ផ្អែក​លើ​ឈ្មួញ​ពី​ប្រទេស​​ថៃ​និង​វៀតណាម តែ​រហូត​មក​ទល់​ពេល​នេះ ថៃ​ហាក់​មិន​សូវ​បញ្ជា​​ទិញ​កូន​ក្រពើ​ពី​កម្ពុជា​ច្រើន​នោះ​ទេ ដូច្នេះ​ទីផ្សារ​ក្រពើ​ធំ​បំផុត គឺ​ត្រូវ​ពឹង​លើ​វៀតណាម​តែ​ម្ខាង ដូច្នេះ​ហើយ​ទើប​ឈ្មួញ​កណ្ដាល​បាន​ឱកាស​ទាញ​ទម្លាក់​តម្លៃ​ទីផ្សារ។ 

អ្នក​ចិញ្ចឹម​ក្រពើ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​សម្រាប់​ការ​លក់កូន​ក្រពើ។ (រូបភាព៖ ហេង ភារម្យ)

ដោយឡែក សម្រាប់​ទីផ្សារ​ទៅ​ប្រទេស​ចិន​វិញ​គឺ​លោក​មិន​សូវ​ជា​មាន​នាំ​ចេញ​ទៅ​ច្រើន​នោះ​ទេ ដោយសារ​តែ​ប្រទេស​ចិន​ភាគ​ច្រើន​ទិញ​យក​តែ​ក្រពើ​ដែល​ចិញ្ចឹម​៣​ឆ្នាំ​ឡើង ដែល​មាន​ប្រវែង ១,៥​ម៉ែត្រ ទៅ ១,៨​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ជា​ប្រភេទ​ក្រពើ​សម្រាប់​យក​ស្បែក។ 

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​សម្រាប់​អ្នក​មាន​ចិញ្ចឹម​ក្រពើ​ច្រើន​ក្បាល និង​យូរ​ឆ្នាំ អាច​នឹង​នៅ​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​នៃ​​តម្លៃ​ទីផ្សារ​នេះ​បាន ប៉ុន្ដែ សម្រាប់​អ្នក​ចិញ្ចឹម​តិចតួច ឬ​ចិញ្ចឹម​ថ្មី​ថ្មោង អាច​នឹង​ប្រឈម​មុខ​នឹង​ការ​​ខាត​បង់​ច្រើន​ដែរ។ 

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «កាល​ពី​មុន ពេល​ចិញ្ចឹម​ក្រពើ​លក់​បាន​លុយ យក​ទៅ​ទិញ​ដី តែ​ដល់​ពេល​ដែល​ក្រពើ​ចុះ​ថោក ត្រូវ​លក់​ដី​យក​លុយ​ទិញ​ចំណី​ឲ្យ​ក្រពើ​ស៊ី​វិញ»

សូម​បញ្ជាក់​ដែរ​ថា ការ​ឲ្យ​ចំណី​របស់​ក្រពើ គឺ​ធ្វើ​ឡើង​ក្នុង​ចន្លោះ​១០​ថ្ងៃ ទៅ​១៥​ថ្ងៃ​ម្ដង ហើយ​បើ​តាម​ប្រសាសន៍​របស់​លោក កាំង សារិន សម្រាប់​កសិដ្ឋាន​របស់​លោក​ផ្ទាល់​ដែល​មាន​ក្រពើ​ជាង ១៥០០​ក្បាល​នោះ ត្រូវ​​ចំណាយ​លើ​ការ​ឲ្យ​ចំណី​ម្ដង​ប្រមាណ ៣,៥​តោន ដែល​ភាគ​ច្រើន​ជា​ត្រី​និង​ក្បាល​ត្រី​ងៀត​ដែល​ទិញ​មក​ពី​វៀតណាម។

នៅ​កម្ពុជា អ្នក​ចិញ្ចឹម​ក្រពើភាគច្រើន​លើស​លប់ចិញ្ចឹម​ភ្ញាស់​កូន​លក់ មិន​មាន​អ្នក​ចិញ្ចឹម​យក​ស្បែក​កែ​ច្នៃ​ទេ។ (រូបភាព៖ ហេង ភារម្យ​)

គួរ​បញ្ជាក់​ដែរ​ថា ខាង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ធ្លាប់​បាន​ចេញ​សេក្ដី​ប្រកាស​ដល់​អ្នក​ដែល​រក​ស៊ី​ចិញ្ចឹម​ក្រពើ​នេះ​ផង​ដែរ​ថា គប្បី​តែ​នាំ​គ្នា​ចិញ្ចឹម​យក​ស្បែក​លក់​នាំ​ចេញ ជា​ជាង​ការ​ចិញ្ចឹម​យក​កូន​លក់ ព្រោះ​ការ​ចិញ្ចឹម​យក​កូន​លក់​នេះ គឺ​វា​ច្រើន​តែ​ត្រូវ​ជួប​វិបត្តិ​ទីផ្សារ ដោយសារ​តែ​ឈ្មួញ​កណ្ដាល​ទម្លាក់​តម្លៃ នៅ​ពេល​ដែល​មាន​ការ​ចិញ្ចឹម​កើន​ឡើង។ 

យ៉ាង​ណា​ដ៏​ដោយ​ចុះ បច្ចុប្បន្ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​ពុំទាន់​មាន​លទ្ធភាព​ចិញ្ចឹម​ក្រពើ និង​កែ​ច្នៃ​យក​សាច់ និង​ស្បែក​ដោយ​ខ្លួន​ឯង​សម្រាប់​លក់​ទៅ​ក្រៅ​ស្រុក​នោះ​ទេ ដោយសារ​តែ​ត្រូវ​ចំណាយ​ទុន​ច្រើន និង​កង្វះ​បច្ចេកទេស។  

ត្បិត​តែ​ទីផ្សារ​កូន​ក្រពើ​បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​មួយ​ចំនួន​រង​ទឹក​ភ្នែក​ក៏​ដោយ ប៉ុន្ដែ លោក កាំង សារិន បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​កូន​ក្រពើ​យក​ទៅ​ចិញ្ចឹម ព្រោះ​ថា ពេល​នេះ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​សម្រាប់​អ្នក​ទិញ​ទុក​ចិញ្ចឹម ហើយ​លោក​ជឿ​ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ វា​ច្បាស់​ជា​អាច​ឡើង​ថ្លៃ​វិញ ដូច្នេះ​ហើយ​វា​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ចង់​រកស៊ី​ក្នុង​វិស័យ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ​"ប៊ូឌីញ"ជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ដែល​គ្មាន​"ទឹក​ភ្នែករាស្ត្រ"?

ព័ត៌មាន
អគារ​ ប៊ូឌីញ ឬ​ហៅ «អគារ ស» ជា​សំណង់​​មួយ​ដែល​បន្សល់​ទុក​តាំងពី​សម័យ​ទសវត្សរ៍​ឆ្នាំ​៦០ និង​ជា​ជម្រក​របស់​គ្រួសារ​សិល្បករ​ខ្មែរ​ជា​ច្រ…

អ្នក​ដឹង​ទេ? ស្រុក​ខ្មែរ​មាន​កសិដ្ឋាន​ចិញ្ចឹម​ស្វា​សម្រាប់​នាំ​ចេញ!

ព័ត៌មាន
កសិដ្ឋាន​ចិញ្ចឹម​ស្វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម។ កសិដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SNBL ដែល​រកស៊ី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ