ផ្សារមូលបត្រកម្ពុជា

មេ CSX រំពឹងថា ទំហំជួញដូរកើនដល់១០០លានដុល្លារនៅឆ្នាំ២០២៣


អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះការចូលរួមបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនថ្មីៗនៅឆ្នាំនេះ ពិសេសការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិនតែម្ដង នឹងជួយធ្វើឲ្យទីផ្សារអាចឈានទៅសម្រេចគោលដៅទំហំជួញដូរ១០០លានដុល្លារនៅក្នុងឆ្នាំ២០២៣នេះ។
មេ CSX រំពឹងថា ទំហំជួញដូរកើនដល់១០០លានដុល្លារនៅឆ្នាំ២០២៣
ដោយ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បន្ថែមទៀតថា ការបោះផ្សាយមូលត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គួចម៉េងលី នាពេលនេះ មិនត្រឹមតែជួយទាក់ទាញក្រុមហ៊ុនផ្សេងៗ ឲ្យមកចូលរួលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងផងដែរ។

ថ្លែងក្នុងកម្មវិធីរ៉ូដសូ អំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហុង សុហួរ បានកត់សម្គាល់ឃើញថា ដ្បិត ទំហំវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា នៅមានកម្រិត បើធៀបនឹងទីផ្សារមូលបត្រនៅប្រទេសជិតខាងក៏ដោយចុះ ប៉ុន្ដែ ឯកឧត្តម នៅតែជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមបោះផ្សាយលក់មូលត្ររបស់ក្រុមហ៊ុនថ្មីៗ ពិសេសក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងជួយទាក់ទាញប្រជាពលរដ្ឋឲ្យងាកមកចាប់អារម្មណ៍លើវិស័យភាគហ៊ុននៅកម្ពុជាកាន់តែច្រើន ពិសេសនឹងធ្វើឲ្យទំហំការជួញដូរភាគហ៊ុននៅផ្សារភាគហ៊ុនកម្ពុជានឹងអាចកើនដល់១០០លានដុល្លារនៅឆ្នាំ២០២៣។

បើតាមឯកឧត្តម ហុង សុហួរ ទោះបីទីផ្សារមូលបត្រកម្ពុជាមានកំណើនជាលំដាប់ក្ដី ប៉ុន្ដែ បើធៀបនឹងដោយទំហំជួញដូរប្រចាំថ្ងៃជាមធ្យមនៅប្រទេសថៃគឺកម្ពុជានៅមានតិចតួចណាស់ ពោលគឺថៃមានទំហំជួញដូរមានរហូត ២ពាន់លានដុល្លារ ឯណោះ ក្នុងមួយថ្ងៃ។ ចំណែកឯ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមក្នុងផ្សារមូលបត្រកម្ពុជាវិញ មានទំហំត្រឹមជាង ៥០ម៉ឺនដុល្លារ ប៉ុណ្ណោះ នៅឆ្នាំ២០២២ ។

យ៉ាងណាក៏ដោយចុះ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះការឈានជើងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្លួន ក្នុងការជួយធ្វើឲ្យវិស័យមូលបត្រកម្ពុជាកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អ្នកឧកញ៉ា ជឿជាក់ថា តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកឧកញ៉ា នឹងធ្វើឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍វិស័យភាគហ៊ុន ជាពិសេសនឹងជួយលើកកម្ពស់សង្គម-សេដ្ឋកិច្ច កម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយៈការលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ បើតាមអ្នកឧកញ៉ា គួច ម៉េងលី រហូតមកដល់ពេលនេះ សម្ទុះអ្នកចាប់អារម្មណ៍ទិញមូលបត្រពីក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន មានរហូត ១ភាគ៣ ទៅហើយនៃទំហំភាគហ៊ុនសរុប ដែលបានប្រកាសបោះផ្សាយមូលបត្រលើកដំបូង ចំនួន ១០លានដុល្លារ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះប្រមូលទុនវិនិយោគបានប្រមាណ៣១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕




អត្ថបទបន្ទាប់


កម្ពុជាមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំមហាអនុតំបន់ទន្លេមេគង្គ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាអភិវឌ្ឍប្រទេសឲ្យក្លាយជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំមហាអនុតំបន់ទន្លេមេគង្គ។ តួយ៉ាង ក្រសួងសាធារណការ និងដឹកជញ្ជូន…

តើជនសង្ស័យដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការទម្លាយឯកសារសម្ងាត់យោធាអាមេរិក ជានរណា?

ព័ត៌មាន
បុគ្គលដែលត្រូវបានចោទប្រកាន់ថាជាអ្នកធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់យោធារបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺជាកងឆ្មាំជាតិការពារអាកាសរដ្ឋម៉ាសាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ