ម្ចាស់រថយន្ដចង្កូតស្ដាំអាចមកស្នើសុំចុះបញ្ជីរហូតដល់ចុងខែកក្កដា

គយសម្រេចពន្យារពេលបន្ថែម ឲ្យម្ចាស់រថយន្ដចង្កូតស្ដាំអាចមកស្នើសុំចុះបញ្ជីរហូតដល់ចុងខែកក្កដា និងទុកពេលឲ្យ៣ខែចូលមកបង់ពន្ធ


អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសម្រេចទុកពេលឲ្យម្ចាស់រថយន្តចង្កូតស្ដាំ ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីមកស្នើសុំចុះបញ្ជីជារថយន្តមានស្រាប់ក្នុងប្រទេស ព្រមទាំងទុកពេលឲ្យ ៣ខែ សម្រាប់ការចូលមកបង់ និងអាកររថយន្ដចង្កូតស្ដាំ ពោលគឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាន និងរដ្ឋាករគយកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
គយសម្រេចពន្យារពេលបន្ថែម ឲ្យម្ចាស់រថយន្ដចង្កូតស្ដាំអាចមកស្នើសុំចុះបញ្ជីរហូតដល់ចុងខែកក្កដា និងទុកពេលឲ្យ៣ខែចូលមកបង់ពន្ធ រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ស្តីពី«ការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់»។ បើយោងតាមសេចក្តីជូនដំណឹងខាងលើ អនុលោមតាមប្រសាសន៍និងការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការអនុគ្រោះឲ្យម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជូនដំណឹងដល់ ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធ និងអាកររួច តែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែ ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។ ជាមួយគ្នានោះ ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធ និងអាករ) ត្រូវមកបង់ពន្ធ និងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយ និងរដ្ឋាករដែលនៅជិតបំផុត។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក៏បានបញ្ជាក់ដែរថា ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បន្ថែមលើនេះ អគ្គនាយកដ្ឋានគយក៏បានសង្កត់ធ្ងន់ដែរថា ផុតរយៈពេលនេះ រថយន្តដែលខកខានមិនបាន ចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស មានន័យថាចាត់ទុកជារថយន្តទើបរត់ពន្ធចូលមកថ្មី និងក្លាយជាមុខសញ្ញ នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ សម្រាប់ការបង់ពន្ធ និងអាកររថយន្ដចង្កូតស្ដាំវិញ នឹងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

ទន្ទឹមនេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធ និងអាករចាប់ពីពេលនេះតទៅ រហូតដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យ ផងដែរ។ បើតាមអគ្គនាយកដ្ឋានគយ ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្ត ដែលមានឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ បានអំពាវនាសូមម្ចាស់រថយន្តគ្មានពន្ធទាំងអស់រួសរាន់មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់តាមកាលបរិច្ឆេទកំណត់ដូចខាងលើ ជាកំហិត។

សូមរំឭកថា បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានយល់ស្របនឹងតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់មានការកែប្រែចង្កូតរថយន្តពីស្ដាំទៅឆ្វេងនោះទេ សម្រាប់អ្នកមិនទាន់ប្ដូរពីចង្កូតស្ដាំទៅឆ្វេង ក៏ប៉ុន្តែ ត្រូវទៅបង់ពន្ធ ជាដាច់ខាត។ ក្នុងន័យនេះ សម្ដេចក៏បានសង្កត់ធ្ងន់ផងដែរថា ការលើកលែងនេះ សម្រាប់តែអ្នកមានរថយន្តចង្កូតស្ដាំដែលមានក្នុងប្រទេសស្រាប់ប៉ុណ្ណោះ ដោយសម្ដេចគូសបញ្ជាក់ថា សម្រាប់ម្ចាស់រថយន្តចង្កូតស្ដាំដែលមិនបានមកបង់ពន្ធ ត្រូវតែមកបង់ពន្ធ ហើយអ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ ក៏ប៉ុន្តែ សម្ដេចក៏បានបញ្ជាក់យ៉ាងច្បាស់ៗ ទៀតថា សម្ដេចមិនអនុញ្ញាតឲ្យមានការនាំចូលបន្តនូវរថយន្តចង្កូតស្ដាំ ជាដាច់ខាត ក្នុងករណីមានរថយន្តចង្កូតស្ដាំនាំចូលថ្មី មិនអនុញ្ញាតឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅឆ្នាំ២០២២ និង២លាននាក់នៅឆ្នាំ២០២៣

ព័ត៌មាន
នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើងជិត៤០០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមឯកឧត្ត…

កម្ពុជារកឃើញកូវីដ១៩បំប្លែងថ្មីអូមីក្រុងប្រភេទ BA.4 និង BA.5 ដែលឆ្លងកាន់តែលឿនជាងមុន

ព័ត៌មាន
បច្ចុប្បន្ននេះ វីរុសកូវីដ១៩ អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5 កំពុងមានការចរាចរនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោក ហើយក្នុងនោះ ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ