
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលប្រកាសពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ហើយគម្រោងអគារផ្សេងៗក៏បានផុសត្រដែតឡើងផងដែរ។ អ្នកជំនាញរូបនេះ ជឿជាក់ថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការវានឹងជំរុញឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅជុំវិញនោះមានមានភាពល្អប្រសើរថែមមួយកម្រិតទៀត ហើយចាប់ពីពេលនេះតទៅមុខតំបន់ភាគខាងត្បូងនឹងមានការអភិវឌ្ឍន៍ខ្លាំង និងសក្តានុពលខ្ពស់។
ការលើកឡើងបែបនេះរបស់ឧកញ៉ា សន សៀប ធ្វើឡើងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស ក្នុងវគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ណែនាំការវាយតម្លៃអចលនទ្រព្យ ដែលរៀបចំឡើងដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាវាយតម្លៃអចលនវត្ថុនៅកម្ពុជា សំដៅជួយលើកកម្ពស់ទីផ្សារអចលនទ្រព្យ និងទាក់ទាញការវិនិយោគ។
ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលនេះដែរ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលខាងលើ បានលើកឡើងថា ការវាយតម្លៃអចនលវត្ថុ គឺត្រូវគោរពទៅតាមបទដ្ឋានស្ដង់ដា និងបរិបទជាក់ស្ដែង ដើម្បីបង្កើនទំនុកចិត្តសម្រាប់ទីផ្សារអចលនវត្ថុ ក្នុងគោលបំណងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ អ្នកវាយតម្លៃអចនទ្រព្យបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕
អត្ថបទ៖ ជា ម៉ារ៉ា