សារព័ត៌មាន The Business Times បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងនៅចំពោះមុខមេដឹកនាំអាស៊ីអាគ្នេយ៍ថា សហរដ្ឋអាម៉េរិក នៅតែជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ។ លោកថែមទាំងបានថ្លែងបែបកំប្លែងលាយឡំនឹងភាពម៉ឺងម៉ាត់ថា លោកនឹងបណ្តេញសមាជិកក្រុមការងាររបស់លោកចេញភ្លាម ប្រសិនបើពួកគេមិនបានសម្របសម្រួលទំនាក់ទំនងជូនមេដឹកនាំអាស៊ានឱ្យបានទាន់ពេលវេលា។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិក គាំទ្រសម្ពន្ធមិត្ត និងដៃគូរបស់ខ្លួន១០០ភាគរយ ហើយមេដឹកនាំអាស៊ានអាចហៅទូរសព្ទទៅកាន់លោកផ្ទាល់បានគ្រប់ពេលវេលានៅពេលមានបញ្ហាកើតឡើង។
លោក ត្រាំ បានប្តេជ្ញាបើកចំហឱកាសឱ្យអាស៊ានចូលទៅកាន់ទីផ្សារពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា និងសម្ភារៈការពារជាតិរបស់អាម៉េរិក។ ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានរំលេចឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវាងកម្ពុជា និងថៃ ដែលលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានរួមគ្នាសម្របសម្រួលឱ្យកើតមានឡើងកាលពីកិច្ចប្រជុំអាស៊ានឆ្នាំ២០២៥។ ជាមួយគ្នានេះ លោក ត្រាំ បានសម្លឹងឃើញសក្តានុពលដ៏មហាសាល នៃធនធានរ៉ែកម្រនៅអាស៊ីអាគ្នេយ៍ និងបានជំរុញឱ្យសមាជិកអាស៊ានពន្លឿនការអភិវឌ្ឍធនធានយុទ្ធសាស្ត្រទាំងនេះ ដែលជាវត្ថុធាតុដើមមិនអាចខ្វះបានសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី បន្ទះឈីបអេឡិចត្រូនិក ទួរប៊ីនខ្យល់ និងឧស្សាហកម្មយោធាទំនើប។
លោក ត្រាំ បានចាត់ទុកបញ្ញាសិប្បនិម្មិត ជាវិស័យស្នូលសម្រាប់អនាគតនៃទំនាក់ទំនងអាម៉េរិក-អាស៊ាន ដោយលោកបានអះអាងថា គម្រោងបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ នឹងបង្កើតឥទ្ធិពលផ្លាស់ប្តូរពិភពលោកដ៏ធំធេង លើសពីសម័យកាលបដិវត្តន៍ឧស្សាហកម្មទៅទៀត៕
ដោយៈ សរ សុជាតិ